ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រីអូស្មាន ហាស្សាន់ បានថ្លែងបញ្ជាក់ថា ដោយមើលឃើញពីគោលនយោបាយដឹកនាំដ៏ល្អ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាពិសេសការធ្វើឲ្យមានសុខដុមបនីយកម្ម ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ធ្វើឲ្យអង្គប្រជុំតំណាងប្រទេសសមាជិក សមាគមបញ្ញវន្តមុស្លីម អាស៊ាន ( ICMA)បានកោតសរសើរ ព្រមទាំងលើកសំណើព្រមៗគ្នា ឲ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រ ជុំICMA លើកទី២ ដើម្បីរៀបចំលក្ខន្តិកៈផ្សេងៗ ដែលតាមសំណើ គឺគ្រោងនឹងរៀបចំឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៩ នេះ។ នេះបើយោងតាមការបញ្ជាក់របស់ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដែលជាប្រធានសហភាពបញ្ញវន្តមុស្លិមកម្ពុជា និងជាសមាជិក ICMA ក្នុងឱកាសកិច្ចប្រជុំចង្អៀត នៃពិធីចុះហត្ថ លេខាលើអនុស្សរណៈ នៃការយោគយល់ រវាងសមាជិក ICMA ដែលបានធ្វើឡើង នៅរសៀល១៥រោចខែកត្តិក ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ Bandar Lampung កោះស៊ូម៉ាត្រា សាធារណរដ្ឋឥណ្ឌូណេស៊ី។
បច្ចុប្បន្ន ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សហគមន៍អន្តរជាតិបានមើលឃើញថា ប្រជាពលរដ្ឋ បានរួមរស់សម្បូរ សប្បាយ ក្រោមដំបូលសន្តិភាព សេរីភាព ប្រកបដោយ សុខដុមរមនា និងគ្មានការរើសអើងពូជសាសន៍អ្វីឡើយ។
ទោះបីយ៉ាងណា ការឯកភាព និងសម្រេចជាផ្លូវការ តបតាមសំណើ ឬយ៉ាងណានោះ ករណីនេះ លោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួង ព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងឃោសនាអប់រំ របស់សហភាពបញ្ញវន្តមុស្លិមកម្ពុជា នឹងធ្វើសេចក្ដីរាយការណ៍ជាបន្តបន្ទាប់៕
Source: Kampuchea Thmey Daily
0 Comments