សៀមរាប ៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅភូមិធម្មជាតិរុនតាឯក នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ សោម៉ាគ្រុប បាននាំយកកង់ និងសម្ភារសិក្សាជាច្រើនសម្រាប់ផ្តល់ជូនដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅសាលាបឋមសិក្សាជាលាធំក្នុងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។
សម្ភារសិក្សាដែលប្រគល់ជូននេះនៅពេលនេះមានដូចជា កង់៩២គ្រឿង កាបូបស្ពាយ៨៧ សម្ភារសិក្សាផ្សេងៗ៨៧សម្រាប់ ឯសណ្ឋានសិស្ស៨៧កំប្លេ ម៉ាស៊ីនបូមទឹក២គ្រឿង ពងមាន់៦០០គ្រាប់ ដូងក្រអូប១៤០ផ្លែ ខ្នុរ១៤ផ្លែ និងភេសជ្ជៈ Aloe Vera ៣០កេស ព្រមទាំងសម្ភារមួយចំនួនទៀត។
លោក ម៉ី ម៉ារ៉ាឌី ទីប្រឹក្សានៃអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកបានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះសោម៉ាគ្រុប ដែលតែងតែរួមចំណែកជួយដល់គម្រោងអភិវឌ្ឍន៍នេះ។ លោកក៏បានបញ្ជាក់ផងដែរអំពីមូលហេតុចម្បងដែលនាំឲ្យបង្កើតគម្រោងអភិវឌ្ឍន៍នេះឡើងព្រមទាំងដំណើរការរីកចម្រើនរបស់គម្រោង។ ជាមួយគ្នានេះលោកបានរំឭកដល់គុណូបការៈរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលជាអ្នកផ្តួចផ្តើមគម្រោងនេះឡើងក្នុងបុព្វហេតុការពារនូវរមណីយដ្ឋានអង្គរ។
លោក សុខ សូកេន តំណាងសោម៉ាគ្រុប បញ្ជាក់ថា ការផ្តល់ជូនសម្ភារសិក្សាដល់សិស្សានុសិស្សនេះ ធ្វើឡើងក្នុងនាមគ្រួសារសោម៉ាគ្រុបដើម្បីរួមចំណែកការងារមនុស្សធម៌ ជាពិសេស គឺដើម្បីរួមចំណែកក្នុងការងារអភិរក្សបេតិកភណ្ឌ។ សកម្មភាពនេះនឹងជំរុញឲ្យបុគ្គលិកគ្រប់ផ្នែករបស់សោម៉ាគ្រុបបានរួមចំណែកក្នុងកិច្ចការវប្បធម៌ដែលជាកេរមរតករបស់ដូនតា។
លោក សុខ សង្វារ អគ្គនាយករង និងជាតំណាងលោកបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណចំពោះសោម៉ាគ្រុបសម្រាប់សកម្មភាពរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរានៅពេលនេះ។ លោកក៏បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាដែលជាស្ថាប័នទទួលបន្ទុកអភិវឌ្ឍគម្រោងនេះតែងយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ពួកគាត់ កសាងហេដ្ឋារចនាសម្ព័ន្ធ និងសហការជាមួយដៃគូពាក់ព័ន្ធផ្សេងៗដើម្បីបង្កើតមុខរបរជូនពួកគាត់។ ក្រៅពីនេះ អាជ្ញាធរជាតិអប្សរា ក៏តែងសហការជាមួយសប្បុរសជននានាដើម្បីផ្តល់ជូននូវសម្ភារបរិក្ខារដល់អ្នកភូមិដូចជា អណ្តូងទឹក សាលារៀន និងសម្ភារសិក្សាដល់សិស្សានុសិស្សជាដើម ដើម្បីជួយសម្រួលដល់ជីវភាពរបស់ពួកគាត់៕
Source: Kampuchea Thmey Daily
0 Comments