សៀមរាប ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចាត់ទុកវប្បធម៌ជាព្រលឹងជាតិនិងអត្តសញ្ញាណជាតិខ្មែរ ដែលជាទ្រព្យមហាសាលមិនអាចកាត់ថ្លៃបានព្រមទាំងជាប្រភពមិនចេះរីងស្ងួតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងបែបនេះ នៅក្នុងពិធីអបអរខួប ២៥ ឆ្នាំនៃអាយស៊ីស៊ី អង្គរ ដែលបានប្រារព្ធធ្វើនៅខេត្តសៀមរាបនាព្រឹកថ្ងៃទី ៤ ខែធ្នូនេះ។ សម្តេចតេជោនាយករដ្ឋ មន្ត្រីបាន មាន ប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវប្បធម៌ ជាព្រលឹងជាតិនិង អត្តសញ្ញាណ ជាតិខ្មែរដែលជា ទ្រព្យមហាសាលមិនអាចកាត់ថ្លៃបាន។ ព្រមទាំងជាប្រភពមិនចេះរីងស្ងួតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកប ដោយ ចីរភាពហើយទស្សនទានអភិរក្សដើម្បីអភិវឌ្ឍន៍និងអភិវឌ្ឍន៍ដើម្បីអភិរក្សបានក្លាយជាផែន ទីចង្អុល ផ្លូវដែលជាក់លាក់មួយសម្រាប់វិស័យវប្បធម៌កម្ពុជា»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា តាមរយៈនេះយើងបានខិតខំដាក់បញ្ចូលបេតិកភណ្ឌប្រវត្តិសាស្ត្រទៅក្នុងយុទ្ធសាស្ត្រជំរុញកំណើនដើម្បីសម្រេចបានវឌ្ឍនភាពសង្គមសេដ្ឋកិច្ចការការពារនិងអភិវឌ្ឍបេតិកភណ្ឌទាំងរូបីនិងអរូបី។ ជាថ្មីម្តងទៀតប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអំពាវ នាវដល់ដៃគូអភិវឌ្ឍន៍ ទាំងជាតិ និងអន្តជាតិសូមបន្តជួយឧបត្ថម្ភទាំងជំនាញបច្ចេកទេសថវិកា និង ធនធានមនុស្ស និង ប្រជាជនកម្ពុជាទាំងអស់សូមជួយសហការគ្នាឲ្យបានល្អដើម្បីភាពជោគជ័យក្នុងការការពារនិងអភិរក្សបេតិកភណ្ឌវប្បធម៌មនុស្សជាតិនិងរមណីយដ្ឋានអង្គរពោលគឺធ្វើដើម្បីយើងទាំងអស់គ្នា។
នៅក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ,អរគុណ លោកស្រី Audrey Azouly អគ្គនាយិកាអង្គការយូណេស្កូ និង លោកស្រី EVA NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំង , សហប្រធាន ICC Angkor ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា តំណាងប្រទេសជប៉ុន ទទួលបន្ទុកវប្បធម៌ និង អរគុណចំពោះស្ថាប័នជាតិ និងអន្តរជាតិដែលពាក់ព័ន្ធទាំងអស់ព្រមទាំង អបអរសាទរចំពោះខួប ២៥ ឆ្នាំ នៃការបង្កើត ICC-Angkor ដែលធ្វើឡើងនៅទឹកដីអង្គរខេត្តសៀមរាបនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ICC-Angkorទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរកន្លងមក។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅថ្វាយចំពោះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរដែលព្រះអង្គតែង យកព្រះទ័យទុកដាក់ចំពោះកិច្ចការអភិវឌ្ឍន៍និងអភិរក្សរមណីយដ្ឋានអង្គរ។
សម្តេចតេជោមានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាការគាំទ្រពីប្រទេស បារាំងនិងអង្គការយូណេស្កូគឺបានដាក់ចេញនូវយុទ្ធសាស្ត្រសកម្មភាពនានាដែលជាប្រយោជន៍ដល់រមណីយដ្ឋានអង្គរហើយនៅថ្ងៃនេះក៏មានការចុះហត្ថលេខាជាត្រីភាគីរវាងអង្គការយូណេស្កូ ICAPP និងក្រុមប្រឹក្សា វប្បធម៌អាស៊ី ACC ផងដែរ ដែលជាសក្ខីភាពដល់ការគាំទ្រសុខដុមរវាងប្រជាជាតិជាច្រើនដែលបានសម្រេចជាឯកច្ឆន្ទចាប់យកអ្វីដែលជាការរួមគ្នាបន្តកសាងនិងថែរក្សានូវមរតកវប្បធម៌នេះ។
សម្ដេចតេជោក៏បានលើកឡើងពីសមិទ្ធផលរបស់ ICC Angkor មកកន្លងមកដែលបានចូលរួមចំណែកក្នុងការគាំពារ និង អភិរក្សតំបន់វប្បធម៌អង្គរដែលសកម្មភាពទាំងអស់ត្រូវបានចំណាយថវិការាប់លានដុល្លារ និងក្រុមការងាររាប់ពាន់នាក់ដើម្បីចូលរួមចំណែកអភិរក្សតំបន់អង្គរ។
នាឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍រំលឹកពីគុណឧបការៈរបស់បុព្វបុរសក៏ដូចជាឥស្សរជន ដែលមានស្នាដៃក្នុងការចូលរួមចំណែកអភិរក្ស និង អភិវឌ្ឍរមណីយដ្ឋានអង្គរកន្លងមកដែលឥស្សរជនមួយចំនួនបានស្លាប់បាត់បង់ជីវិតទៅហើយ ដូចជាសម្ដេចវិបុលបញ្ញា សុខ អាន , លោក វណ្ណមូលី វណ្ណ ជាដើមហើយនាឱកាសនោះសម្ដេចក៏បានគោរពអញ្ជើញភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិក្រោកឈរ ១នាទី ដើម្បីគោរពវិញ្ញាណក្ខន្ធអ្នកទាំងនោះផងដែរ។
នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបង្ហាញនូវដំណឹងដ៏ល្អ និងរីករាយនៃការដាក់បញ្ចូលល្ខោនខោលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីមនុស្សជាតិកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។
សម្ដេចតេជោបានលើកឡើងផងដែរថា សម្បត្តិបេតិកភណ្ឌអរូបីរបស់កម្ពុជាចំនួន ០៥ហើយដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីមនុស្សជាតិរួមមាន៖ ល្ខោនខោល ត្រូវបានចុះបញ្ជីនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ ចាប៉ីដងវែងត្រូវបានចុះបញ្ជីនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ល្បែងទាញព្រ័ត្រត្រូវបានចុះបញ្ជីនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥។ ល្ខោនស្រមោលស្បែកធំត្រូវបានចុះបញ្ជីនៅថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០០៥។ របាំក្បាច់បុរាណខ្មែរនិងព្រះរាជទ្រព្យត្រូវបានចុះបញ្ជីនៅថ្ងៃ០៧ ខែវិច្ឆិកា ឆ្នាំ២០០៣។
ក្រៅពីសម្បត្តិបេតិកភណ្ឌអរូបីមនុស្សជាតិ កម្ពុជាបានចុះបញ្ជីបេតិកភណ្ឌពិភពលោកនូវប្រាង្គប្រាសាទដ៏ល្បីល្បាញផ្សេងទៀតរួមមាន តំបន់ប្រាសាទសំបូរព្រៃគុកត្រូវបានចុះបញ្ជីនៅថ្ងៃទី០៨ខែកក្កដា ២០១៧។ ប្រាសាទព្រះវិហារ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ និងរមណីយដ្ឋានអង្គរ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
លោកស្រី ភឿង សកុណា ការប្រារព្ធខួប២៥ ឆ្នាំនៃការបង្កើតអាយស៊ីស៊ីអង្គរនាពេលនេះក្នុងគោលបំណងរំលឹកឡើងវិញនូវការប្ដេជ្ញាចិត្តរបស់យើងទាំងអស់គ្នាកាលពី ២៥ មុន ក៏ដូចជាបង្ហាញពីភាពជោគ ជ័យដែលរាជរដ្ឋាភិបាលកម្ពុជា និង សហគមន៍អន្តរជាតិទទួលបានដោយជម្នះនូវបញ្ហាប្រឈមនានាដែលជួបប្រទះនាពេលកន្លងមកហើយដែលនឹងបន្តដោះស្រាយជាមួយគ្នាទៅតាមមាគ៌ាដែលបានត្រួសត្រាយឲ្យបានសម្រេចគោលដៅនៅពេលខាងមុខ។ ជាការពិតណាស់បច្ចុប្បន្នរមណីយដ្ឋានបេតិកភណ្ឌពិភពលោកលែងប្រឈមនឹងបញ្ហាអសន្តិសុខប្រាង្គប្រាសាទដួលរលំ ឬ ការលួចឆក់ បុរាណវត្ថុទៀតហើយ។ ក៏ប៉ុន្តែយើងក៏ជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតដូចជាការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថានការគ្រប់គ្រងការតាំងទីលំនៅថ្មី នៅក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ ការគ្រប់គ្រងលំហូរភ្ញៀវទេសច។ល។ ដែលចាំបាច់ត្រូវរកដំណោះស្រាយនិងវិធីសាស្ត្រទប់ទល់ឲ្យបានសមស្របនិងមានប្រសិទ្ធភាពទាំងបច្ចុប្បន្ននិងអនាគត។
លោកស្រីបន្តថា ការរៀបចំពិធីនេះគឺដើម្បីរំលឹកផងដែរ នូវគុណលោកអាការៈរបស់ឥស្សរជនជាតិជាពិសេសសម្តេចវិបុលបញ្ញា សុខ អាន , លោក វណ្ណ ម៉ូលីវណ្ណ អតីតប្រធានអាជ្ញាធរអប្សរានិងឥស្សរជនអន្តរជាតិនានាព្រមទាំងសមាជិក icc-angkor ទាំងអស់ដែលបានលះបង់កម្លាំងកាយប្រាជ្ញាស្មារតីរហូតដល់ចុងបញ្ចប់នៃជីវិតរបស់ខ្លួន ដើម្បីសេចក្តីស្រលាញ់និងកិច្ចការពារបេតិកភណ្ឌវប្បធម៌ពិភពលោកជាពិសេសរមណីយដ្ឋានអង្គរដែលជារតនវត្ថុរបស់មនុស្សជាតិទាំងមូល។
យន្តការ ICC-Angkor គឺជាសក្ខីភាព ដែលបង្ហាញឲ្យឃើញថា វប្បធម៌គឺពិតជាគ្មានព្រំដែនហើយក៏ជាស្ពាននៃការភ្ជាប់រវាងមនុស្ស និង មនុស្សសង្គម និងសង្គមប្រទេស និងប្រទេស ហើយក៏ជាប្រភពមិនចេះរីងស្ងួតនៃស្មារតីគោរពគ្នាទៅវិញទៅមកគោរពនូវលក្ខណៈពិសេស និង ដោយឡែកនៅឯជ្រុងនៃប្រជាជាតិនីមួយៗ។
ជារួមយើងអាចបញ្ជាក់ដោយភាពជឿជាក់ថា វប្បធម៌គឺជាកម្លាំងស្នូលដ៏ធំបំផុតនៃការថែរក្សាសន្តិភាពដែលពិភពលោកទាំងមូលត្រូវការជាចាំបាច់ដើម្បីរក្សាបាននូវអ្វីជាកេរ្តិ៍ដំណែល និង មរតកវប្បធម៌ទុកឲ្យយុវជនជំនាន់ក្រោយយើងសង្ឃឹមយ៉ាងមុតមាំថា ស្មារតីនិងយន្តការ ICC-Angkor និងឋិតថេរជាយូរអង្វែងតទៅហើយក៏នឹងក្លាយជាមោទនភាពនិងជាគំរូសម្រាប់គ្រប់យន្តការអន្តរជាតិនានាក្នុងកិច្ចការពារបេតិកភណ្ឌពិភពលោក។
មុនបញ្ចប់ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនដល់ឥស្សរជន និង ក្រុមការងារ ICC Angkorចំនួន ១០រូប និងបានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងអង្គការយូណេស្កូ,អង្គការអាយកាប់និងក្រុមប្រឹក្សាវប្បធម៌អាស៊ី៕
Source: Kampuchea Thmey Daily
0 Comments