សៀមរាប ៖ លោកស្រី Audrey Azouly អគ្គនាយិកាអង្គការយូណេស្កូបានគោរពជម្រាបជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាថា ការចូលរួមអបអរសាទរខួបទី ២៥ ឆ្នាំនេះ គឺជាការចូលរួមអបអរសាទរនូវជោគជ័យជាគំរូក្នុងការការពារនិងអភិរក្សបេតិកភណ្ឌពិភពលោកជាពិសេសអង្គរវត្តក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបដែលធ្វើឡើងនៅខេត្តសៀមរាបនាព្រឹកថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ២០១៨។
លោក អ៊ាង សុផល្លែត បានឲ្យដឹងថា លោកស្រី Audrey Azouly អគ្គនាយិកាអង្គការយូណេស្កូរួមជាមួយសហប្រធាន icc អង្គរដែលមានបារាំងនិងជប៉ុនបានរួមគ្នាសម្ដែងនូវការអបអរសាទរខួបទី ២៥ ឆ្នាំនៃការដាក់អង្គរវត្តចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
លោកស្រី Audrey Azouly អគ្គនាយិកាអង្គការយូណេស្កូក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរអប្សរា ដែលបានប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងពេញទំហឹង ក្នុងការការពារនិងអភិរក្សបេតិកភណ្ឌពិភពលោកនេះ ។ ក្នុងឱកាសនោះដែរលោកស្រីបានមានប្រសាសន៍ថា ការចូលរួមអបអរសាទរខួបទី ២៥ ឆ្នាំនេះគឺជាការចូលរួមអបអរសាទរនូវជោគជ័យជាគំរូក្នុងការការពារនិងអភិរក្សបេតិកភណ្ឌពិភពលោកជាពិសេសអង្គរវត្តក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ។
ក្នុងន័យនេះលោកស្រីរួមទាំងសហប្រធានមានបារាំង ជប៉ុន បានប្ដេជ្ញាចិត្តបន្តជួយថែរក្សាការពារបេតិកភណ្ឌពិភពលោក (អង្គរវត្ត)ហើយនឹងចូលរួមដោះស្រាយរាល់បញ្ហាទាំងឡាយដែលជាបញ្ហាប្រឈមដែលកើតមានដើម្បីធ្វើយ៉ាងណារក្សាប្រាង្គប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះសម្រាប់មនុស្សជំនាន់ក្រោយៗតទៀត។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនប្រតិភូយ៉ាងសង្ខេបអំពីប្រវត្តិមុនសង្គ្រាមនិងក្រោយសង្គ្រាមក្នុងការការពារអភិរក្សអង្គរវត្តនិងឈានទៅដាក់អង្គរវត្តឲ្យក្លាយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ជាមួយនោះដែរសម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូអំពីបញ្ហាប្រឈមជាសង្ខេបផងដែរហើយក៏បានមានប្រសាសន៍ថា ជាមោទនភាព ហើយគឺជាកិត្តិយសដែលអង្គរវត្ត ត្រូវបានដាក់បញ្ចូលជាទ្រព្យសម្បត្តិបេតិកភណ្ឌពិភពលោក ហើយក៏បានសម្ដែងនូវអំណរគុណជូនដល់ជប៉ុន ដែលបានផ្ដួចផ្ដើមគំនិតក្នុងការដាក់អង្គរវត្តឲ្យទៅជាទ្រព្យសម្បត្តិបេតិកភណ្ឌពិភពលោក ហើយក៏បានអរគុណចំពោះសហប្រធានដែលបានចូលរួមក្នុងពិធីអបអរសាទរខួបទី២៥ ក្នុងការដាក់អង្គរវត្តជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ។
សម្ដេចតេជោបានបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយដែលមាននាយករដ្ឋមន្ត្រីមកបើកកម្មវិធីនេះហើយមានព្រះករុណាយាងបិទកម្មវិធីនេះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments