ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់សារនយោបាយមួយទៅកាន់គណបក្សនយោបាយទាំងអស់នៅកម្ពុជាកុំឲ្យមានការញុះញង់ប្រជាពលរដ្ឋឲ្យទៅរំលោភកាន់កាប់ដីធ្លីនៅក្នុងតំបន់ប្រាសាទដែលជាបេតិកភណ្ឌពិភពលោក។
សម្តេចបានរំលឹកថា ហេតុការណ៍បែបនេះតែងកើតមានឡើងនៅមុនពេលបោះឆ្នោត ដែលបណ្តាគណបក្សមួយចំនួនតែងប្រើវិធីនេះដើម្បីកេងចំណេញនយោបាយដើម្បីចោទប្រកាន់រាជរដ្ឋាភិបាលថារំលោភសិទ្ធិមនុស្ស។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងបែបនេះនៅក្នុងពិធីអបអរខួប ២៥ ឆ្នាំ នៃអាយស៊ីស៊ី អង្គរ ដែលបានប្រារព្ធធ្វើនៅខេត្តសៀមរាបនាព្រឹកថ្ងៃទី ៤ ខែធ្នូ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះទៅលោកស្រីអគ្គនាយិកាអង្គការយូណេស្កូរួមជាមួយគណៈប្រតិភូបរទេសដែលបានចូលរួមក្នុងខួប ២៥ ឆ្នាំនៃ អាយស៊ីស៊ីអង្គរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ការការពារបេតិកភណ្ឌវាមិនមែនជាការងាយស្រួលនោះទេ ពេលខ្លះយើងត្រូវមានជម្រើសដែលត្រូវធ្វើ។ សម្តេចបានលើកឡើងចំណុចដែលពាក់ព័ន្ធនឹងការចូលមកកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋដោយបំពាននៅក្នុងតំបន់ប្រាសាទដែលជាបេតិកភណ្ឌពិភពលោក។ ដែលហេតុការណ៍នេះតែងបានកើតឡើងនៅក្នុងពេលបោះឆ្នោតជាតិម្តងៗដែលគណបក្សនយោបាយមួយចំនួនតែងបាន បំផុស ឬ ញុះញង់ប្រជាពលរដ្ឋ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ខ្ញុំមានសារនយោបាយសម្រាប់គណបក្សនយោបាយទាំងអស់នៅកម្ពុជាសូមកុំញុះញង់ប្រជាពលរដ្ឋទៅកាន់កាប់ដីក្នុងតំបន់បេតិកភណ្ឌ។ មិនត្រឹមតែប្រាង្គប្រាសាទដែលបានដាក់ចូលជាបេតិកភណ្ឌប៉ុណ្ណោះទេ សូម្បីប្រាង្គប្រាសាទជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជាដែលត្រៀមដាក់បញ្ចូលទៅក្នុងបេតិកភណ្ឌពិភពលោក។ ពេលខ្លះខ្ញុំគ្មានជម្រើសទេ។
ពេលខ្លះខ្ញុំបានក្លាយទៅជារដ្ឋាភិបាលរំលោភសិទ្ធិមនុស្សក្នុងការតាំងលំនៅឋាន។ ប៉ុន្តែលោកជំទាវអគ្គនាយិកាអង្គការយូណេស្កូក៏ដូចជាគណៈប្រតិភូទាំងអស់ចោទចេញជាសំណួរមួយថា អង្គការយូណេស្កូមុនពេលឲ្យចូលជាបេតិកភណ្ឌពិភពលោកច្បាស់ណាស់ត្រូវមានលក្ខខណ្ឌតម្រូវតើត្រូវធ្វើបែបណានៅតំបន់អង្គរហាមសាងសង់សំណង់ខ្ពស់ៗនិងហាមសាងសង់លំនៅឋាននៅក្នុងតំបន់បេតិកភណ្ឌ ហើយចំណុចនេះមានចំណុចនោះ។
ប៉ុន្តែនៅកម្ពុជាខ្ញុំអភ័ព្វនៅកន្លែងនេះនៅត្រង់ចំណុចថា ពេលណាជិតបោះឆ្នោតក្នុងពេលយុទ្ធនាការបោះឆ្នោតគេតែងតែប្រើមនុស្សទៅតែម្តងដើម្បីទៅរំលោភដីនៅជុំវិញប្រាង្គប្រាសាទ។ អញ្ចឹងតើយើងខ្ញុំត្រូវធ្វើបែបណានៅក្នុងចន្លោះពីរប្រសិនខ្ញុំគោរពសិទ្ធិចំពោះប្រជាពលរដ្ឋទៅតាំងទីលំនៅនៅកន្លែងនោះប្រាសាទរបស់ខ្ញុំនឹងបាត់បង់លក្ខណសម្បត្តិលែងក្លាយជាបេតិកភណ្ឌពិភពលោកទៀតហើយ។ ប៉ុន្តែដើម្បីរក្សាបាននូវលក្ខណសម្បត្តិជាបេតិកភណ្ឌពិភពលោកយើងខ្ញុំគ្មានជម្រើសណាផ្សេងក្រៅពីទៅរុះរើផ្ទះសំបែងនិងបណ្ដេញប្រជាជនចាកចេញពីតំបន់ទាំងនោះទេ ត្រង់នេះហើយដែលគេបានចោទរដ្ឋាភិបាល ហ៊ុន សែន ថា ជារដ្ឋាភិបាលផ្តាច់ការរំលោភសិទ្ធិមនុស្សរំលោភលើសិទ្ធិដីធ្លីលំនៅឋានរបស់ប្រជាពលរដ្ឋ។ ខ្ញុំមិនចង់បានអ្វីទេខ្ញុំចង់បានតែការវិនិច្ឆ័យច្បាស់លាស់មួយថាតើនេះជាការរំលោភសិទ្ធិមនុស្សដោយជម្លៀសមនុស្សដោយបង្ខំ ឬក៏ជាការអ្នកដែលមកនោះជាអ្នកបំពាន? ហើយយើងត្រូវការបេតិកភណ្ឌមនុស្សជាតិ។ នៅព្រះវិហារប្រជាជនបានតាំងទីលំនៅនៅលើកសិណតែម្តងអញ្ចឹងយើងខ្ញុំត្រូវតែដោះដូរប្រជាពលរដ្ឋប្រគល់ដីថ្មីជូនឲ្យគាត់រស់នៅដើម្បីយកតំបន់នោះជួសជុលប្រាសាទព្រះវិហារឡើងវិញ បើមិនដូច្នេះប្រាសាទព្រះវិហារនឹងបាត់បង់លក្ខណសម្បត្តិជាបេតិកភណ្ឌពិភពលោក»។
សម្តេចតេជោបានបន្តថា ខ្ញុំសង្ឃឹមថា ប្រជាជនកម្ពុជានឹងយល់ហើយនិងមិនមករំលោភដីធ្លីនៅក្នុង តំបន់ដែលមានប្រាង្គប្រាសាទនោះទេ ដើម្បីយើងរក្សានូវសម្បត្តិបេតិកភណ្ឌរបស់យើង ដែលដូនតារបស់យើងបានបន្សល់ទុកកាលពីរាប់ពាន់ឆ្នាំមុនបានកសាងទុកឲ្យយើងឥឡូវយើងមានភារកិច្ចការពារ។ នេះជាបទពិសោធន៍ដែលកម្ពុជាមាន ហើយកម្ពុជាក៏នៅតែបន្តសហការជាមួយដៃគូអន្តរជាតិនិងប្ដូរផ្ដាច់ការពារនូវបេតិកភណ្ឌនៅលើទឹកដីរបស់ខ្លួន។ ចំណុចនេះថ្ងៃនេះយើងក៏បានធ្វើការចុះហត្ថលេខាត្រីភាគីរវាងយូនីស្កូ ICAPP និង ACC ចំណុចនេះក៏ជាចំណុចសំខាន់បញ្ជូនសារទៅបណ្តាប្រជាជាតិអាស៊ានរបស់យើងអំពីការធ្វើសុខដុមនីយកម្មលើបញ្ហាវប្បធម៌ ដែលយើងត្រូវរួមដំណើរជាមួយគ្នាដើម្បីកម្ពុជាផង និង ក្របខ័ណ្ឌតំបន់ និង អន្តរជាតិផង។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរថា សម្តេចធ្លាប់និយាយរួចមកហើយថា មិនត្រូវកាប់មេមាន់គ្រាន់តែដើម្បីឆ្ងាញ់មួយពេលនោះទេ តែត្រូវចិញ្ចឹមមេមាន់ឲ្យវាធំធាត់ដើម្បីយកស៊ុតឬបង្កើតកូនឲ្យបានច្រើន។ ចំណុចនេះវាមិនមែនជាការងាយស្រួលនោះទេនៅក្នុងការការពារបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់យើង...។ ...សៀមរាបក្រោយដាក់ចូលអង្គរវត្តទៅជាបេតិកភណ្ឌពិភពលោកនៅចុងឆ្នាំ ១៩៩២។ ប៉ុន្តែសៀមរាបនៅក្នុងខែមីនានៅឆ្នាំ១៩៩៣ខ្មែរក្រហមនៅវ៉ៃចូលខេត្តសៀមរាបនៅឡើយទេ។ សៀមរាបគ្មានមនុស្សនៅទេ យើងខ្ញុំចាប់ផ្ដើមពីសណ្ឋាគារចាស់ៗតែពីរប៉ុណ្ណោះ។ប៉ុន្តែឥឡូវនេះយើងមានសណ្ឋាគារជាង១០០ សណ្ឋាគារ។
សម្តេចតេជោបានរំលឹកថា សូមកុំភ្លេចថា អ្នកខ្លះឃើញសកម្មភាពដូចធម្មតាខ្លាំងពេកជីវភាពប្រជាជនធម្មតា ទេសចរមកពាសពេញ ហាក់ដូចជាបានភ្លេចថាអតីតកាលរបស់កម្ពុជាជួបរឿងអ្វីខ្លះ ? យើងខ្ញុំកំសត់ណាស់នៅសៀមរាបនិងនៅគ្រប់ទីក្រុងទាំងអស់របស់កម្ពុជាគ្មានមនុស្សទេ យើងខ្ញុំចាប់ផ្ដើមបន្តិចម្ដងៗហើយសូម្បីតែអង្គរវត្តក៏ត្រូវជាប់ទណ្ឌកម្មអន្តរជាតិផងដែរ។
សម្តេចតេជោបានបញ្ជាក់ថា អង្គរវត្តនិងព្រះវិហារ ឬ ប្រាសាទទាំងអស់នៅក្នុងប្រទេសកម្ពុជាជួបនៅក្នុងទណ្ឌកម្មនយោបាយនិងការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីខាងក្រៅនេះគឺជាចំណុចដែលត្រូវគួរដកពិសោធន៍មិនគ្រាន់តែសម្រាប់កម្ពុជាប៉ុណ្ណោះទេក៏ប៉ុន្តែបញ្ហានេះគួរត្រូវបានដកពិសោធន៍សម្រាប់ពិភពលោកផងដែរ មិនគួរណាទុកឲ្យបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់មនុស្សជាតិនៅតាមបណ្តាប្រទេសនានាដោយមិនត្រូវទុកឲ្យឡូកឡំជាមួយបញ្ហានយោបាយនោះទេ។
សម្តេចបន្តទៀតថា យើងពិតជាអភ័ព្វដោយសារនៅអង្គការសហប្រជាជាតិនៅទទួលស្គាល់ពួកប៉ុលពតឲ្យកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិ ដូចនេះយើងគ្មានជំនួយបរទេសមកជួយទេ។ ជាភ័ព្វសំណាងរបស់ខ្ញុំដោយមានលោកសាស្ត្រាចារ្យ អ៊ីស៊ីសាវ៉ា មកពីជប៉ុនបានមកពិភាក្សាជាមួយខ្ញុំយ៉ាងទៀងទាត់ក្រោយមករដ្ឋាភិបាលឥណ្ឌាក៏បានបញ្ជូនអ្នកជំនាញការមកជួយសង្គ្រោះនៅទសវត្សរ៍ទី៨០។ បញ្ហានេះក៏ជាបទពិសោធន៍របស់អង្គការសហប្រជាជាតិក៏ដូចជាអង្គការនានាដែលគេមិនត្រូវប្រើប្រាស់ទណ្ឌកម្មណាមួយដែលទណ្ឌកម្មនោះសូម្បីតែបេតិកភណ្ឌ ឬ សម្បត្តិវប្បធម៌ក៏វាត្រូវទទួលរងគ្រោះដោយសារទណ្ឌកម្មរបៀបនោះដែរ៕
Source: Kampuchea Thmey Daily
0 Comments