ភ្នំពេញ ៖ ស្ត្រីម្នាក់បានបីកូនដែលមានអាយុទើបតែ១ខួបរត់ឡើងលើស្ពានព្រះមុនីវង្សចាស់ រួចទុកកូនលើស្ពានហើយនាងបានលោតចុះទៅក្នុងទឹកបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងសមត្ថកិច្ចនគរបាលចរាចរណ៍ជើងទឹក បើកអូប័រទៅជួយស្រង់មកលើគោកវិញទាំងត្រដាបត្រដួស។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៣និង២០នាទីរសៀល ថ្ងៃទី៤ ខែធ្នូ នៅចំណុចលើស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពពីលោកយ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានឲ្យដឹងថា ស្ត្រីដែលគិតខ្លីលោតទឹកប៉ងសម្លាប់ខ្លួននេះឈ្មោះជិត ទៀង អាយុ៣៥ឆ្នាំ មានស្រុកកំណើតខេត្តព្រៃវែង។ តាមស្ត្រីរងគ្រោះបានឆ្លើយនៅមុខអាជ្ញាធរនិងសមត្ថកិច្ចសង្កាត់ច្បារអំពៅទី២ថា មូលហេតុដែលគាត់សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួននារសៀលថ្ងៃនេះគឺមកពីគាត់ខឹងប្តីដែលតែងធ្វើបាបទាំងផ្លូវកាយនិងចិត្ត។
ដល់ថ្ងៃកើតហេតុគាត់បានបីកូនប្រុសតូចចេញពីស្រុកកំណើតមកឡើងជិះតាក់ស៊ីពីខេត្តព្រៃវែងមកច្បារអំពៅ ដើម្បីលោតទឹកសម្លាប់តែពេលលោតទៅក៏ត្រូវនគរបាលចុះទៅស្រង់។
ស្ត្រីដដែលបន្តថា ទោះជាពេលនេះគាត់លោតទៅបែរជាគេមកជួយមិនដឹងជាគាត់គិតយ៉ាងណាបន្តទៀតទេ។
លោកយ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានធ្វើការណែនាំឲ្យស្ត្រីរងគ្រោះវិលត្រឡប់ទៅផ្ទះវិញដើម្បីជួបជុំគ្រួសារកុំគិតខ្លីមកលោតទឹកសម្លាប់ខ្លួនចោលកូនតូចៗពិសេសកូនប្រុសតូចដែលអាយុទើបមួយខួបគ្នាយំរកម្តាយគួរឲ្យសោកសង្វេគបំផុត។ បន្ទាប់ពីស្តាប់ការណែនាំពីលោកចៅសង្កាត់និងលោកនាយប៉ុស្តិ៍រួចមកស្ត្រីជិត ទៀងក៏សម្រេចចិត្តជិះតាក់ស៊ីទៅផ្ទះវិញដោយទឹកមុខស្រពាប់ស្រពោន៕
Source: Kampuchea Thmey Daily
0 Comments