Ad Code

ឃុំខ្លួន​បុរស​ជន​ជាតិ​ចិន​បែក​ថ្នាំ​កាប់​ប៉ូលិស ​ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស



ភ្នំពេញ ៖ លោក​ចៅក្រម​កូយ សៅ ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​០៤ធ្នូ ឆ្នាំ​២០១៨ បានសម្រេច​ចេញ​ដីកាឃុំខ្លួន​បុរស​ជនជាតិ​ចិន​ដែល​បែក​ថ្នាំ​កាប់​អ្នកលក់​ទឹកអំពៅ​ម្នាក់​និង​ប៉ូលិស​ម្នាក់​ឲ្យ​រង​របួស ក្រោម​បទចោទប្រកាន់​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨​នៃ​ក្រម​ព្រហ្មទណ្ឌ។

ជន​ដៃដល់​ឈ្មោះ​ជិន ឈុន ភេទ​ប្រុស​ អាយុ៣៥​ឆ្នាំ គ្មាន​មុខរបរ​ពិតប្រាកដ​ដើរ​ជក់​ថ្នាំ​លេង។ ជន​នេះ​ត្រូវ​បាន​បញ្ជូន​មកកាន់​សាលាដំបូង​កាលពី​ថ្ងៃទី០៤​ធ្នូ ឆ្នាំ​២០១៨ ក្នុង​នោះ​ក្រោយ​សាកសួរ តំណាង​អយ្យការ​អម​តុលាការ​បានសម្រេច​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា​២០១៨​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ហើយ​រឿងក្ដី​នេះ​ត្រូវ​បញ្ជូនទៅ​ឲ្យ​ចៅក្រម​ស៊ើប​សួរ​ចាត់ការ​បន្ត​តាម​នីតិវិធី។ ដូច្នេះ​ចៅក្រម​សើ​ប​សួរ​បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​ត្រូវ​ចោទ​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ដើម្បី​រង់ចាំ​ការ​កាត់ទោស​នៅពេល​ក្រោយ។

តាម​ការ​សារភាព​រប​ស់ជន​ជាប់ចោទ​បាន​ឲ្យ​ដឹង​ថា ខ្លួន​គេ​បាន​មក​លេង​ស្រុក​ខ្មែរ​ជាមួយ​មិត្តភ័ក្រ​ ដើម្បី​មើល​ការ​រក​ស៊ី ប៉ុន្តែ​ពេល​មក​ដល់​បាន​មួយរយៈ​មិត្ត​ភ័​ក្រ​ដែល​មកជា​មួយ​បាន​គេច​ខ្លួន​ចោល​អស់​មិនដឹង​ទៅណា​ក៏​ចេះតែ​ទិញ​គ្រឿងញៀន​ដែល​គេ​លក់​យ៉ាង​សម្បូរ​បែប​ដូច​លក់​ស្ករ​គ្រាប់​ជក់​លេងៗ​ទៅ​រហូត​ដល់ពេល​ប៉ូលិស​ចាប់ខ្លួន​នេះ​មិនដឹង​រឿង​អី​ទេ។



គួរ​រំលឹក​ថា ​បុរស​ជនជាតិ​ចិន​បែក​ថ្នាំ​បាន​យក​កាំបិត​កាប់​លើ​ស្ត្រី អ្នក​អូស អំពៅ លក់​ម្នាក់​និង​មន្ត្រី​នគរបាល​ចំ​ដៃ​ខាងស្តាំ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​បញ្ជូនទៅ​មន្ទីរពេទ្យ​ចំណែក ឯ​ជនដៃ​ដល់​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ។

អំពើ​ហិង្សា​នេះ​បាន​កើត​ឡើង កាលពី​វេលា​ម៉ោង​២និង​៤៤នាទី​រសៀល​ ថ្ងៃទី​១ ខែធ្នូ ឆ្នាំ២០១៨ តាម​បណ្ដោយ​ផ្លូវ៤៣២ ស្ថិត​ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

សាក្សី​បាន​និយាយ​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ បុរស​ជនជាតិ​ចិន​ម្នាក់​ដោះអាវ​សង្ស័យ​បែក​ថ្នាំ​បាន​កាន់​កាំបិត​និង​ដៃ​រួម​ទាំង​មាន​ប្រឡាក់​ឈាម​ផង​ បាន​ដើរ​អុកឡុក​លំនៅឋាន​ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវ​៤៣២ ស្ថិត​ក្នុង​សង្កាត់​បឹងត្របែក ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​មិនតែប៉ុណ្ណោះ​បុរស​រូប​នោះ​ថែមទាំង​បាន​យក​កាំបិត​ទៅ​កាប់​ស្ត្រី អ្នក​អូស​អំពៅ​លក់​ម្នាក់​បណ្តាល​ឲ្យ​បែកក្បាល ខ​ណៈ​នោះ​មាន​ការ​រាយ​ការ​ណ៍​ពី​សំណាក់​ពលរដ្ឋ​សមត្ថកិច្ច​ចុះទៅ​អន្តរា​គម​ន៍​ក៏​ត្រូវ ជន​នោះ​កាប់ បណ្តាល​ឲ្យ​រងរបួស​ដៃ ហូរឈាម​ផងដែរ។

ក្រោយ​កើតហេតុ​ជ​នស​ង្ស័យ​ដែល​ជា​ជនជាតិ​ចិន​នោះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្ដុំ​នោះ​ចាប់បាន​ប្រុង​ព្រួត​វាយ​តែ​ត្រូវ​សមត្ថកិច្ច អន្តរាគមន៍ ឃាត់​មិន​ឲ្យ​មាន​អំពើ​ហិង្សា​រួច​ក៏​បញ្ជូន​មន្ទីរពេទ្យ​រុស្ស៊ី​ដើម្បី​ព្យាបាល៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu