ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានជំរុញឲ្យអង្គការដៃគូបង្កើនការចុះធ្វើតេស្តឈាមរកមេរោគអេដស៍ដល់អ្នកងាយរងគ្រោះ នៅតាមសហគមន៍ឲ្យបានច្រើនថែមទៀតខណៈបច្ចុប្បន្នមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណជិត១ម៉ឺននាក់ទៀត មិនទាន់មកធ្វើតេស្តឈាមនៅឡើយ។
លោកទេសរដ្ឋមន្ត្រី អៀងមូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍មានប្រសាសន៍ថា ការចុះធ្វើតេស្តដោយផ្ទាល់នេះនឹងជួយឲ្យប្រជាពលរដ្ឋរស់នៅតាមសហគមន៍ឬនៅតំបន់ដាច់ស្រយាលមិនចាំបាច់ចំណាយពេលវេលា និងថវិកាក្នុងការធ្វើដំណើរទៅធ្វើតេស្តឈាមនៅតាមមណ្ឌលសុខភាព ឬ មន្ទីរពេទ្យឡើយហើយថែមទាំងទទួលបាននូវចំណេះដឹងទាក់ទិននឹងវិធានការការពារខ្លួនកុំឲ្យឆ្លងមេរោគនេះទៀតផង។
លោក ទេសរដ្ឋមន្ត្រី អៀងមូលីបានបន្តថា ការចុះធ្វើតេស្តឈាមដោយផ្ទាល់នេះអាចជួយក្នុងការស្វែងរកអ្នកធ្វើតេស្តឈាមរកមេរោគអេដស៍បានកាន់តែច្រើនផងដែរព្រោះថា តាមការប៉ាន់ស្មានក្នុងចំណោមមនុស្សប្រមាណ ៦៧០០០នាក់ ដែលកំពុងរស់នៅជាមួយមេរោគអេដស៍នៅក្នុងប្រទេសកម្ពុជា មានជិត១ម៉ឺននាក់មិនបានដឹងថា ខ្លួនមានផ្ទុកមេរោគនេះនៅឡើយទេហើយពួកគេទាំងនោះកំពុងរស់នៅតាមសហគមន៍នានាទូទាំងប្រទេស។
ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រីបានជំរុញឲ្យអង្គការជាដៃគូពិសេសអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ដែលមានរថយន្តចល័តចុះធ្វើតេស្តឈាមរកមេរោគអេដស៍ដល់ទាហានក៏ដូចជាប៉ូលិសនៅតាមព្រំដែន និង ទើបជ្រើសរើសថ្មីដើម្បីបញ្ជ្រាបចំណេះដឹងស្តីពីជំងឺអេដស៍និងចែកស្រោមអនាម័យដើម្បីឲ្យពួកគេចេះការពារខ្លួនកុំឲ្យឆ្លងជំងឺនេះជាបន្តទៀតព្រោះថា អង្គការកំពុងប្រើប្រាស់រថយន្តចល័ត១គ្រឿងចុះធ្វើតេស្តឈាមរកមេរោគអេដស៍នៅតាមមូលដ្ឋានកងទ័ព និងជូនប្រជាជនគន្លឹះនៅតាមបណ្តារាជធានី និងខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប បន្ទាយមានជ័យ និងស្វាយរៀង ដោយភាពជោគជ័យ។
លោកទេសរដ្ឋមន្ត្រីសង្ឃឹមថា រថយន្តចល័ត១គ្រឿងថ្មីមួយទៀតនេះនឹងជួយបង្កើនការចុះធ្វើតេស្តឈាមរកមេរោគអេដស៍ឲ្យកាន់តែទូលំទូលាយថែមទៀត។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា «ក្នុងឋានៈជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ដែលបាននឹងកំពុងរួមចំណែកបំពេញការងារយ៉ាងសកម្ម ក្នុងការប្រយុទ្ធទប់ស្កាត់ការរាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ប្រកបដោយជោគជ័យ និងប្រសិទ្ធភាព។ ខ្ញុំសូមលើកទឹកចិត្តឲ្យអង្គការបន្តភារកិច្ចដ៏មានសារៈសំខាន់នេះ ឲ្យបានកាន់តែទូលំទូលាយតាមតំបន់ និងបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា»។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី នៃ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF)បានមានប្រសាសន៍ថា ការចុះធ្វើតេស្តឈាមរកមេរោគអេដស៍ដោយផ្ទាល់នៅតាមសហគមន៍នេះ គឺតាមរយៈការធ្វើតេស្តតាមបែបទំនើបនិងរហ័សដោយគ្រាន់តែយកម្ជុលជួសដៃរួចដាក់ឈាមចូលទៅក្នុងឧបករណ៍តេស្តដោយរង់ចាំប្រមាណ១០នាទីនឹងដឹងលទ្ធផលភ្លាមៗតែម្តង។
លោកវេជ្ជបណ្ឌិតបានបន្តថា ក្នុងករណីធ្វើតេស្តឈាមរកឃើញថា មានផ្ទុកនោះក្រុមការងាររបស់អង្គការនឹងឲ្យបុគ្គលនោះ ទៅធ្វើតេស្តឈាមនៅតាមមណ្ឌលសុខភាព ឬ មន្ទីរពេទ្យជាបន្តទៀតដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់មុននឹងដាក់ឲ្យព្យាបាលដោយថ្នាំប្រឆាំងនឹងមេរោគអេដស៍ ឬ ថ្នាំពន្យារជីវិត។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា បច្ចុប្បន្ននេះអង្គការមានរថយន្តចល័តចំនួន២គ្រឿងសម្រាប់ចុះធ្វើតេស្តឈាមរកមេរោគអេដស៍ដែល១គ្រឿងសម្រាប់ធ្វើតេស្តដល់ទាហាននៅតាមព្រំដែននិង១គ្រឿងចុះធ្វើតេស្តដល់ក្រុមប្រជាពលរដ្ឋដែលងាយរងគ្រោះនៅតាមសហគមន៍និងនៅតំបន់ដាច់ស្រយាលនានា៕
Source: Kampuchea Thmey Daily
0 Comments