ប្រដាល់ ៖ កីឡាករ ព្រំ សំណាង អ្នកប្រដាល់ នៃក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ត្រូវគេផ្គូផ្គងឲ្យជើងជួបកីឡាករជនជាតិអ៊ីរ៉ង់ ឈ្មោះ kordalivand Mohsen ខណៈកីឡាករ យុគ យក្សផ្លែ អ្នកប្រដាល់របស់ក្លិបបុរីរាជសីហ៍មានរិទ្ធ ជួបប្រកួតជាមួយកីឡាករថៃ អក្ខរៈដេត ស.ផនឆៃ នៅលើសង្វៀន នាថ្ងៃសុក្រទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ។
កីឡាករ ព្រំ សំណាង ជួបជាមួយកីឡាករជនជាតិអ៊ីរ៉ង់ ឈ្មោះ kordalivand Mohsen ក្នុងប្រភេទទម្ងន់ធ្ងន់គឺ៧៨គីឡូក្រាម រវាងអ្នកទាំងពីរមិនទាន់មានប្រភពណាបញ្ជាក់ថា ពួកគេធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថា កីឡាករអ៊ីរ៉ង់ម្នាក់នេះ មានវិជ្ជាគុនខ្លាំងប៉ុនណានោះដែរ តែកីឡាកររូបនេះហ្វឹកហាត់នៅប្រទេសថៃ ដូចនេះពួកគេខ្លាំងខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្ដួល ហើយមានកម្លាំងស៊ុហ្វខ្លាំងទៀតផង។
ចំណែក ព្រំ សំណាង គេជាកីឡាករដែលមានស្នៀតប្រយុទ្ធល្អ គឺពេលវាយសំណាងគ្រាន់តែលើកជើងធាក់ ក៏គូប្រកួតពិបាកទប់ដែរពិសេសស្នៀតដាល់ត្រង់ៗ និងស្នៀតកែងវាយទៅលើគូប្រកួតដែលប្រកបដោយគ្រោះថ្នាក់បំផុត។
ការប្រកួតកន្លងមក បើទោះបី ព្រំ សំណាង ការដាល់របស់គេមិនអស្ចារ្យក៏ពិតមែន ប៉ុន្តែសំណាងមានកាយសម្បទាល្អ ខ្ពស់ ដៃជើងវែង ដែលជាការអំណោយផលដល់ការប្រកួតណាស់។ ទោះជាយ៉ាងណាការជួបប្រកួតគ្នារវាងកីឡាករជនជាតិអ៊ីរ៉ង់ ឈ្មោះ kordalivand Mohsen និងកីឡាករ ព្រំ សំណាង ទាំងពីរនាក់នេះមិនមានអ្នកណាហ៊ានទាយមុនថា នរណាឈ្នះចាញ់នោះឡើយ ព្រោះសុទ្ធតែមានផ្លែល្អដូចៗគ្នា បើកីឡាករណាវាយរៀងមើលងាយគេនោះច្បាស់ជាចាញ់មិនខាន។ ចាំមើលព្រំ សំណាង ជាអ្នកឈ្នះ ឬ kordalivand Mohsen?។
ដោយឡែកកីឡាករ យុគ យក្សផ្លែ ត្រូវជួបជាមួយកីឡាករថៃ អក្ខរៈដេត ស.ផនឆៃ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅលើសង្វៀននេះ។ កីឡាករថៃភាគច្រើនពួកគេពូកែស្នៀតជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួលគូប្រកួតឲ្យដួលទាំងជំហរ។
ចំណែកកីឡាករ យុគ យក្សផ្លែ មិនសូវមានកម្ពស់ខ្ពស់ឡើយ ដូច្នេះស្នៀតកណ្ដាប់ដៃ និងស្នៀតជើងទាត់ ព្រមទាំងបច្ចេកទេសផ្សេងៗទៀត ពិតជាសំខាន់ណាស់សម្រាប់យកឈ្នះលើគូប្រកួត ហើយគេជាកីឡាករមានចិត្តប្រដាល់ធំ កម្លាំងស៊ុហ្វខ្លាំងថែមទៀត ការប្រកួតរាល់លើក គឺដើរបុកចូលទៅរកគូប្រកួតជានិច្ច។
កណ្ដាប់ដៃរបស់ យុគ យក្សផ្លែ លឿន រហ័ស និងខ្លាំងថែមទៀត គូរប្រកួតល្មមៗ មិនអាចតស៊ូជាមួយគេបាន៥ទឹកនោះទេ។ ចាំមើលកីឡាករ យុគ យក្សផ្លែ ជាអ្នកឈ្នះ ឬកីឡាករថៃ អក្ខរៈដេត ស.ផនឆៃ?៕
Source: Kampuchea Thmey Daily
0 Comments