ភ្នំពេញ ៖ ជារឿងដ៏ចាប់អារម្មណ៍ និងភ្ញាក់ផ្អើល សម្រាប់មហាជន ក៏ដូចជាអ្នកគាំទ្រ ស្របពេលដែលនៅសុខៗ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា សួស វីហ្សា បានប្រកាសដោយបើកចំហអំពីរឿងរ៉ាវស្នេហារបស់ខ្លួន ដែលបច្ចុប្បន្នត្រូវបាននាងអះអាងថា បានរកឃើញម្ចាស់បេះដូងដែលយល់ចិត្តគ្នារួចហើយ។
ការចេញមុខប្រកាសដោយក្លាហានពីសំណាក់តារាស្រី កញ្ញា សួស វីហ្សា បែបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនហាក់មានអារម្មណ៍ប្លែកចិត្តស្ទើរគ្រប់គ្នា ដោយហេតុថាកន្លងមក នាងតែងតែច្រានចោលនូវរាល់ព័ត៌មានមួយចំនួនដែលបានសរសេរចុះផ្សាយលើករណី នៃរឿងរ៉ាវស្នេហាក្រៅឆាករបស់ខ្លួនផងនោះ។
បើចាប់អារម្មណ៍លើសំណេរសរសេររៀបរាប់របស់ កញ្ញា សួស វីហ្សា បាននិយាយថា អាយុច្រើនហើយ ហើយជីវិតគ្រួសារ ជីវិតការងារក៏ជោគជ័យច្រើនហើយដែរ នៅឡើយតែរឿងជីវិតគូ មិនដឹងពេលណាអាចជោគជ័យដូចគេទេ តែក៏សង្ឃឹមថា នឹងជោគជ័យនៅពេលឆាប់ៗ ព្រោះខ្ញុំបានសម្លឹងឃើញមនុស្សល្អម្នាក់រួចហើយ ហើយម្នាក់នោះតែងតែនៅក្បែរខ្ញុំគ្រប់ពេល មិនដែលរត់ចោលខ្ញុំទេ ដែលសំខាន់ គឺគេអាចទ្រាំនឹងចរិតខ្ញុំ និងអាចនិយាយបានថា គេយល់ពីខ្ញុំជាងអ្នកណាៗទាំងអស់។
តារាស្រី កញ្ញា សួស វីហ្សា បានបញ្ជាក់ថា សម័យនេះទៅហើយ គឺគេមិនចាំបាច់ យកសង្សារ ឬយកប្តីមកដើម្បីគ្រាន់តែបង្អួតអ្នកណាថាអស្ចារ្យទេ គឺគេយកមកដោយចិត្ត និងចិត្ត បេះដូង និងបេះដូងទោះមានស៊ី ឬអត់ស៊ី តែមានសេចក្តីសុខពិតៗ ព្រោះស្លាប់ទៅអត់មានយកអ្វីទៅជាមួយបានទេ។
គិតមើលសម័យនេះ សូម្បីតែមនុស្សប្រុសគេហ៊ានរៀបការជាមួយប្រុសដូចគ្នាដោយបើកចំហ ពេញដោយក្តីស្រលាញ់ ស្រីស្រលាញ់ស្រីដូចគ្នា គេហ៊ានចាប់ដៃគ្នាដោយបើកចំហ ចុះខ្ញុំ?។
ហេតុអ្វី ត្រូវលាក់បាំង? ហេតុអ្វីត្រូវលាក់លៀមទាំងដែលយើងមិនបានយកប្តីគេ ឬប្រពន្ធគេផង?អញ្ចឹងគួរដល់ពេលបង្ហាញ មនុស្សសំខាន់ដោយពេញលេញ និងពេញតម្លៃហើយ។ I don’t care។
នេះជាសម្តីបន្ថែមរបស់តារាចម្រៀងសំឡេងស្រទន់ កញ្ញា សួស វីហ្សា។ តាមការកត់សម្គាល់តាមរយៈការប្រកាសរបស់ កញ្ញា សួស វីហ្សា នេះដែរ បានធ្វើឲ្យមហាជនជាច្រើនសម្តែងការគាំទ្រនិងនិយាយថា វីហ្សា ពិតជាក្លាហានមែន៕
Source: Kampuchea Thmey Daily
0 Comments