ព្រះសីហនុ ៖ កាលពីវេលាម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សខុសច្បាប់មួយ ដោយឃាត់ខ្លួនសង្ស័យជាជនជាតិចិនចំនួន៤នាក់។
ក្រុមជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចឲ្យដឹងថា ដំបូងមានប្រជាពលរដ្ឋបានរាយការណ៍ថា មានជនជាតិចិនម្នាក់ ភេទប្រុស បានលោតចេញពីផ្ទះវិឡារមួយ ដែលស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដោយដៃមានជាប់ខ្នោះ មិនមានសម្លៀកបំពាក់ ស្លៀកតែខោលីអូ រត់ចូលព្រៃបាត់។
បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៤ បានចុះទៅផ្ទះវិឡារនោះ ពេលទៅដល់ កម្លាំងសមត្ថកិច្ចយើងបានឃើញជនជាតិចិន០៤នាក់ ប្រុសៗ នៅមុខផ្ទះវិឡារនោះ សមត្ថកិច្ចបានឃាត់ឲ្យពួកគេនៅស្ងៀម តែពួកគេបានព្យាយាមរត់ សមត្ថកិច្ចក៏ដេញតាមចាប់ឃាត់ខ្លួនជនជាតិចិនទាំង០៤នាក់នោះតែម្ដង។
បន្ទាប់មកកម្លាំងសមត្ថកិច្ចបានឲ្យពួកគេបើកសោរបងដើម្បីធ្វើរដ្ឋបាល តែពួកគេប្រាប់ថា កូនសោនៅគ្នារបស់ពួកគេម្នាក់ទៀត រត់គេចខ្លួនបាត់ហើយ។ ពេលនោះដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានឲ្យកម្លាំងសមត្ថកិច្ចកាត់សោ ដើម្បីធ្វើរដ្ឋបាលឆែកឆេរ ជាលទ្ធផលកម្លាំងសមត្ថកិច្ចយើង បានរកឃើញវត្ថុតាងមួយចំនួនដែលពាក់ព័ន្ធក្នុងករណីនេះ។
ជនរងគ្រោះជាជនជាតិចិន ភេទប្រុស បានរត់ចូលទៅក្នុងព្រៃបាត់កម្លាំងសមត្ថកិច្ចយើងកំពុងធ្វើការស្វែងរក។
ជនសង្ស័យចំនួន០៤នាក់ ៖ ទី ១-ឈ្មោះ HUANG WU ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមចងការប្រាក់តាមកាស៊ីណូ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ទី២-ឈ្មោះ GUO PAN ហៅ A ZHENG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ EC០៧៨៩៤១៣ មុខរបរ បុគ្គលិកក្រុមចងការប្រាក់តាមកាស៊ីណូ មានទីលំនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ទី៣-ឈ្មោះ ZHOU TAO TAO ហៅ XIAO YI ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមចងការប្រាក់តាមកាស៊ីណូ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ទី៤-ឈ្មោះ LU SHENMAN ហៅ A YUE ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមចងការប្រាក់តាមកាស៊ីណូ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ វត្ថុតាងចាប់យកបានរួមមាន ៖
-ដំបងដែករលាស់ ០២ដើម
-កន្ត្រៃ ០១
-ស្គុត ០១ដុំ
-ខ្នោះដៃ ០១គូរ
-ស្រោមខ្នោះ ០២
-ដៃស្មាហាលខោអាវ បត់រុំស្គុត ០១
-ទូរស័ព្ទដៃចំនួន០៦គ្រឿង
-វ៉ាលីស៍សំលៀកបំពាក់០៤ ក្នុងនោះមានសំលៀកបំពាក់មួយចំនួន
-កាបូបស្ពាយ០៣ ក្នុងនោះមានសំលៀកបំពាក់មួយចំនួន។
បើតាមការស្រាវជ្រាវ ករណីនេះ កើតឡើងដោយសារជនរងគ្រោះបានខ្ចីលុយពីក្រុមជនសង្ស័យ ដើម្បីលេងល្បែងក្នុងកាស៊ីណូ ពេលលេងចាញ់គ្មានលុយសង ក៏ត្រូវក្រុមជនសង្ស័យចាប់យកមកឃុំខ្លួននៅផ្ទះកីឡាកន្លែងកើតហេតុតែម្តង លុះនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៨និង០០នាទី ពេលក្រុមជនសង្ស័យកំពុងដេកលក់ ជនរងគ្រោះក៏ឆ្លៀតឱកាសផ្លោះរបងរត់ចូលទៅក្នុងព្រៃបាត់ ហើយត្រូវបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះឃើញ ក៏រាយការណ៍ជូនសមត្ថកិច្ចតែម្ដង។
ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments