ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុន Diamond Lucky Asia Co.,Ltd លោកឧកញ៉ា ឆាយ សុធា រួមទាំងក្រុមគ្រួសារ និងដោយមានការសហការពីពលរដ្ឋខ្មែររស់នៅប្រទេសកាណាដា ក្រោមការផ្តួចផ្តើមដឹកនាំដោយ លោក ឋាន វុឌ្ឍីគឹមពៅ និងលោក ហេង ប៊ុនហាក់ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ បាននាំយកអំណោយចុះចែកជូនដោយផ្ទាល់ដល់ប្រជាពលរដ្ឋទីទ័លក្រចំនួន២៨គ្រួសាររស់នៅភូមិកោះរកា ភូមិឈើទាល ឃុំព្រែកអញ្ចាញ, ភូមិស្ពានថ្មី ភូមិព្រែកជ្រៅ ឃុំរកាកោង និង ភូមិឡឥដ្ឋ ភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
លោកឧកញ៉ា ឆាយ សុធា បានឲ្យដឹងថា ថ្ងៃនេះលោកពិតជាសប្បាយរីករាយ និងមានកិត្តិយសណាស់ ដែលបានបងប្អូនខ្មែរ ដែលរស់នៅប្រទេសកាណាដា បានចាត់តាំងលោកឲ្យធ្វើជាតំណាង ដើម្បីពាំនាំនូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ចុះចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចំនួន៥៤គ្រួសារ ដែលរស់នៅជាង១០ភូមិផ្សេងៗគ្នា ក្នុងខេត្តកណ្ដាល ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំង ហើយថ្ងៃនេះ លោករៀបចំចែកត្រឹមតែជាង ២០គ្រួសារសិនប៉ុណ្ណោះ ព្រោះដោយសារពួកគាត់មានចំនួនច្រើនគ្រួសារ ហើយរស់នៅកន្លែងឆ្ងាយៗ ពីគ្នាក្នុងខេត្តផ្សេងៗគ្នាទៀត ហើយលោកនឹងរៀបចំចែកជូនអំណោយទាំងអស់នោះ នៅថ្ងៃបន្តបន្ទាប់ទៀត រហូតដល់អំណោយបានដល់ពួកគាត់គ្រប់ៗគ្នា។
តាមលោកឆាយ សុធា អំណោយដែលប្រជាពលរដ្ឋទីទ័លក្រទាំងអស់ ដែលទទួលបាន រួមមានក្នុងមួយគ្រួសារ ទទួលបានអង្ករ ១បាវ ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខកំប៉ុង ១យួរ មី ១កេស និងថវិកាចំនួន ១៥ម៉ឺនរៀលចំនួន ៩គ្រួសារ ដែលពួកគាត់មានជីវភាពទីទ័លក្រខ្លាំង ថែមទាំងមានជំងឺប្រចាំកាយ និងចំនួនគ្រួសារផ្សេងៗទៀត ទទួលបានអង្ករ ១បាវ ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខកំប៉ុង ១យួរ មី ១កេស និងថវិកា ១០ម៉ឺនរៀល និងមានគ្រួសារខ្លះទទួលបានអង្គរមួយបាវ និងទឹកប្រាក់មួយចំនួនផងដែរ។
តាំងនាមលោកតំណាងឲ្យប្រជាពលរដ្ឋទីទ័លក្រទាំងអស់ លោក ឆាយ សុធា បានថ្លែងអំណរគុណដល់បងប្អូនខ្មែរ ដែលរស់នៅប្រទេសកាណាដា ទាំងអស់ដែលតែងតែយកចិត្តទុកដាក់ មានក្តីអាណិតអាសូរ និងតែងតែស្វះស្វែង រកវិធីបង្កើតជាកម្មវិធីមនុស្សធម៌ផ្សេងៗ ដើម្បីរៃអង្គាសថវិកា មកជួយដល់ប្រជាជនទីទាល់ក្រនេះ។ លោកក៏បានលើកឡើងជាទស្សនទានមួយថា “សូមអ្នកដែលមានលទ្ធភាពទាំងឡាយ មេត្តាចូលរួមបរិច្ចាគ ធនធានផ្ទាល់ខ្លួនតាមសទ្ធាជ្រះថ្លា ជួយដល់អ្នកដែលទីទ័លក្រ”។
សូមជម្រាបដែរថា ពលរដ្ឋទីទ័លក្រ ២៨គ្រួសារ នៅខេត្តកណ្តាលដែលទទួលបានអំណោយនេះ រួមមាន ទី១, ភូមិកោះរកា ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ទទួលអំណោយបាន ៧គ្រួសារ ទី២, ភូមិស្ពានថ្មី ភូមិព្រែកជ្រៅ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ទទួលអំណោយបាន ១០គ្រួសារ ទី៣, ភូមិឡឥដ្ឋ ភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ទទួលអំណោយបាន ១១គ្រួសារផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Diamond Lucky Asia Co.,Ltd គឺជាក្រុមហ៊ុនពិគ្រោះយោបល់ ខាងផ្នែកច្បាប់ និងការងារវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនមួយនេះ ក៏មានមេធាវីជាច្រើន បានប្រតិបត្តិការការងារដើម្បីជួយដល់ប្រជាជនក្រីក្រ នាពេលកន្លងមកបានយ៉ាងច្រើនផងដែរ ហើយនាពេលកន្លងមកក្រុមហ៊ុន ក៏តែងតែធ្វើជាអំណោយទាន ចែកជូនដល់ប្រជាជនទីទ័លក្រ ជារឿយៗផងដែរ៕
Source: Kampuchea Thmey Daily
0 Comments