Ad Code

តុលាការ​ខេត្ត​ស្វាយរៀង ពន្យារពេល​រុះរើ ក្រោយ​មានការ​តវ៉ា​ខ្លាំងៗ ខណៈ​ពលរដ្ឋ​ជាង​១០០​គ្រួសារ ផ្ដិតមេដៃ​អះអាង​ថា លោកយាយ កឹម សារ៉ាត់ ជា​ម្ចាស់​កម្មសិទ្ធិ​ដី​ស្របច្បាប់​



ស្វាយរៀង ​៖​ លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​ស្វាយរៀង​ បាន​បញ្ជូន​ក្រុមការងារ យក​សាល​ក្រម​ស្ថាពរ​ចុះ​រុះរើ​ផ្ទះ​របស់​លោកយាយ កឹម​ សារ៉ាត់ ​នៅ​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៨​ តែ​ការរុះរើ​នេះ ​ត្រូវបាន​ពន្យារពេល ដោយសារ​មានការ​តវ៉ា​ខ្លាំងៗ​ពី​ប្រជាពលរដ្ឋ​មេភូមិ​ និង​មេឃុំ​ ខណៈ​ដែល​ប្រជាពលរដ្ឋ​ចំនួន​១០៦​គ្រួសារ បាននាំគ្នា​ផ្ដិតមេដៃ​អះអាង បញ្ជាក់ថា លោកយាយ កឹម សារ៉ាត់ ជា​ម្ចាស់​កម្មសិទ្ធិ​ដី​ស្របច្បាប់ នៅ​ចំណុច​ភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក យ៉ាងពិត​ប្រាកដ ដោយ​រស់នៅ​យ៉ាង​សុខសាន្ត តាំងពី​ឆ្នាំ​១៩៧៩​មកម្ល៉េះ។​
​
ទាក់ទង​ករណីនេះ​ មេភូមិ មេឃុំ និង​មេ​ប៉ុស្តិ៍​មិន​សហការ​ឱ្យ​រុះរើ​ផ្ទះ ​និង​យក​ដី​របស់ ​លោកយាយ​ កឹម​សារ៉ាត់ ​នេះ ​ដោយ​ពួកគាត់​អះអាងថា លោកយាយ កឹម សារ៉ាត់ នៅ តាំងពី​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ ​រហូត​មកដល់​បច្ចុប្បន្ន។​
​
យោងតាម​លិខិត ដែល​ចុះហត្ថលេខា​ និង​ផ្តិត​មេដៃ ទទួលស្គាល់​ដោយ លោក ន​ន់ សា​ផន មេភូមិ​កំពង់ត្រាច និង លោក យូ យ៉ុ​ន មេឃុំ​កំពង់ត្រាច​បាន​បញ្ជាក់​ថា ​” ឈ្មោះ កឹម សារ៉ាត់ ភេទ​ស្រី ពិតជា​មាន​ដី​បណ្ដោយ​ទំហំ​៦៥​ម៉ែត្រ និង ទទឹង​២៨​ម៉ែត្រ បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៧៩ រហូតមកដល់​សព្វថ្ងៃ​។ ដី​នេះ​មិន​មាន​ការ​ពាក់ព័ន្ធ ក្នុង​ការ​ជាប់កិច្ចសន្យា​លក់ ឬ​បញ្ចាំ​ទៅ​ឲ្យ​បុគ្គល​ណា​ម្នាក់ ឬ​ស្ថាប័ន​ណា​ឡើយ​”។
​
បើ​យោង​តាម​សេចក្ដី​អះអាង ដែល​ផ្ដិតមេដៃ ដោយ​ប្រជាពលរដ្ឋ ចំនួន​១០៦​គ្រួសារ​បាន​បញ្ជាក់ថា​” យើងខ្ញុំ​ទាំងអស់គ្នា ជា​ប្រជាជន រស់នៅ​ភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ខេត្ត​ស្វាយ​រៀង សូមជួយ​ផ្តិតមេដៃ និង​គាំទ្រ​ដី លោកយាយ កឹម សារ៉ាត់ ដែលមាន​ទំហំ​៦៥​ម៉ែត្រ និង​ទទឹង​២៨​ម៉ែត្រ​ដោយ​មេភូមិ និង​មេឃុំ​កំពង់ត្រាច​បាន​ចែក​ឲ្យ​រស់នៅ​តាំងពី​ថ្ងៃ ៧​មករា ឆ្នាំ​១៩៧៩ “​។​
​
ពាក់ព័ន្ធ​ករណីនេះ ប្រជាពលរដ្ឋ​បានបង្ហាញ ការងឿងឆ្ងល់​យ៉ាង​ខ្លាំង ដោយ​ចោទ​ជា​សំណួរ​ទៅកាន់ លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តស្វាយរៀង ថា​លិខិត ជូនដំណឹង​បញ្ជាក់​ថា នឹង​ចុះ​រុះរើ​ផ្ទះ​ ឬ ខ្ទម​ចេញ​នៅ​ភូមិ​តា​ត្រាវ ចុះ​ហេតុអ្វី​បានជា​គ្រោង​រុះរើ​ផ្ទះ​របស់ លោកយាយ កឹម សារ៉ាត់ ដែល​ស្ថិតនៅ​ទីតាំង​ភូមិ​កំពង់ត្រាច​ទៅវិញ ដែល​មាន​ចម្ងាយ ខុសគ្នា​រាប់​គីឡូម៉ែត្រ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu