កណ្តាល ៖ នៅព្រឹកថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំដោយលោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ទៅចែកជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយស្រុតច្រាំងមាត់ស្ទឹងព្រែកត្នោត បណ្តាលឲ្យខូចខាតផ្ទះសម្បែង ៥ខ្នង ស្មើនឹង ៥ គ្រួសារ សមាជិកសរុប ១៩ នាក់ នៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ។
លោក គង់ សោភ័ណ្ឌ ក្នុងនាមលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា ជូនគ្រួសាររងគ្រោះទាំងអស់ដោយក្តីនឹករឭកក្រៃលែង។ សម្តេចកិត្តិព្រឹទ្ធបណិ្ឌតប្រធាន តែងបានគិតគូរជានិច្ចអំពីសុខទុក្ខប្រជាពលរដ្ឋដែលងាយរងគ្រោះ និងអ្នករងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយពុំគិតពីវណ្ណៈ ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។
អំណោយមនុស្សធម៌បានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះក្នុង១គ្រួសាររួមមាន អង្ករ ៣០ គីឡូក្រាម ,កៅស៊ូតង់ ១ ផ្ទាំង ,មី ១ កេស ,ទឹកសុទ្ធ ១ កេស ,ទឹកត្រី ១ យួរ ,ត្រីខកំប៉ុង ១ យួរ , សម្ភារគ្រឿងឧបភោគបរិភោគមួយចំនួនទៀត និងថវិកាចំនួន ៤០០,០០០ រៀល។ ក្នុងពេលនោះផងដែរ សមាគមមិត្តដើម្បីមិត្ត ក៏បានចូលរួមផ្តល់ថវិកាជូនដល់គ្រួសាររងគ្រោះបន្ថែម ក្នុង១គ្រួសារ ថវិកាចំនួន ៥ ម៉ឺនរៀល៕
Source: Kampuchea Thmey Daily
0 Comments