ភ្នំពេញ ៖ បេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលហៅកាត់ថា ប.ស.សនឹងអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីរាជការនៅឆ្នាំ២០១៩ខាងមុខនេះ ដើម្បីលើកកម្ពស់សុវត្ថិភាពនិងសុខភាពនៅកន្លែងការងារឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីរាជការនេះនឹងជំរុញឲ្យមន្ត្រីរាជការនៅតាមក្រសួងស្ថាប័នទាំងអស់ខិតខំបំពេញការងារកាន់តែសកម្មថែមទៀ តដែលជួយធ្វើឲ្យផលិតភាពការងារខ្ពស់សំដៅលើកស្ទួយដល់សេដ្ឋកិច្ចជាតិកាន់តែរីកចំរើនថែមទៀត។
ថ្លែងក្នុងពិធីប្រគល់-ទទួលប័ណ្ណ សមាជិក ប.ស.ស ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៤២៨ប័ណ្ណកាលពីថ្ងៃទី២៦ធ្នូកន្លងមកនេះ លោក អ៊ុក សមវិទ្យាបានបន្តទៀតថា ស្របពេលជាមួយគ្នានេះនៅឆ្នាំ២០១៩ខាងមុខនេះប.ស.សនឹងបន្តពង្រីកការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាពសម្រាប់កម្មករនិយោជិតនិងខិតខំរៀបចំដាក់ឲ្យដំណើរការផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិតផងដែរ។
អ្នកស្រី ឌួង បុប្ផា បុគ្គលិកក្រសួងអប់រំយុវជននិងកីឡាបានថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃទី២៩ធ្នូដោយបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងព្រោះថា របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីរាជការនេះបានចូលរួមចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយការចំណាយនៅពេលដែលមានជួបបញ្ហាគ្រោះថ្នាក់ផ្សេងៗនៅពេលធ្វើដំណើរទៅធ្វើការងារនិងកើតឡើងនៅកន្លែងការងារដោយសាររដ្ឋជាអ្នកជួយចេញថ្លៃសេវាព្យាបាលជំងឺឬរបួស។
អ្នកស្រីបានស្នើឲ្យបេឡាជាតិរបបសន្តិសុខសង្គម ជួយពន្លឿនការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារនេះ ឲ្យបានលឿនដើម្បីឲ្យមន្ត្រីរាជការទទួលបាននូវអត្ថប្រយោជន៍បានពេញលេញខណៈបច្ចុប្បន្ននេះអ្នកស្រីនៅមិនទាន់ទទួលបានប័ណ្ណប.ស.សនៅឡើយ។
លោក អ៊ុក សមវិទ្យាបានបន្ថែមថា រហូតមកដល់ពេលនេះ ប.ស.ស បានចុះបញ្ជីមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន សរុបចំនួនជាង៣១ម៉ឺននាក់ ក្នុងនោះមានមន្ត្រីរាជការចំនួនជាង២០ម៉ឺននាក់ អតីតមន្ត្រីរាជការចំនួនជាង៥ម៉ឺន៥ពាន់នាក់ អតីតយុទ្ធជនចំនួនជាង៥ម៉ឺន៤ពាន់នាក់និងមានមន្ត្រីរាជ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនទៅទទួលសេវាថែទាំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលនានាបានចំនួនជាង២៥ម៉ឺន៨ពាន់នាក់។
គួរបញ្ជាក់ថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារត្រូវបានក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដាក់ឲ្យអនុវត្តតាំងពីខែវិច្ឆិកា ឆ្នាំ ២០០៨ កន្លងទៅនេះ នៅតាមរោងចក្រសហគ្រាសនានាដើម្បីជួយថែទាំជំងឺ ឬ គ្រោះថ្នាក់ដែលបណ្តាលមកពីការងារដោយ ប.ស.ស ជាអ្នកចេញថ្លៃព្យាបាលជំនួស៕
Source: Kampuchea Thmey Daily
0 Comments