ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា រាជរដ្ឋាភិបាលគ្រោងនឹងគ្រប់គ្រងសុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា ដើម្បីលើកស្ទួយសុវត្ថិភាពចំណីអាហារ និងសុខភាពរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅតាមគ្រឹះស្ថានសិក្សាឲ្យកាន់តែប្រសើរឡើងថែមទៀត។
ការជំរុញលើកកម្ពស់សុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សានេះបានឡើង ខណៈដែល បច្ចុប្បន្ននៅតាមគ្រឹះស្ថានសិក្សាមួយចំនួនមានលក់ចំណីអាហារខ្វះ អនាម័យ ចំណីអាហារពុំមានប្រភពច្បាស់លាស់ធ្វើឲ្យសិស្សនិងលោកគ្រូអ្នកគ្រូរងគ្រោះ ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាព ។
លោក ឌី ខំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថាការគ្រប់គ្រងសុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សានេះ បានធ្វើឡើងតាមរយៈការធ្វើគោលនយោបាយជាតិស្ដីពីសុខភាពសិក្សាដែលគោលនយោបាយនេះក្រសួងអប់រំយុវជននិងកីឡាបានបញ្ជូន ទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រីរួចហើយៗគ្រោងអនុម័តនាពេលឆាប់ៗខាងមុខនេះដើម្បីធានាឲ្យធនធានមនុស្សកម្ពុជាទាំងអ្នកសិក្សានិងបុគ្គលិកអប់រំមានសុខភាពល្អទាំងកាយសម្បទាបញ្ញាស្មារតីមាំមួយ។
អ្នកនាំពាក្យដដែលបានបន្ថែមទៀតថា គោលនយោបាយនេះមិនមែនអនុវត្តតែក្រសួងអប់រំនោះទេក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ត្រូវចូលរួមអនុវត្តទៅតាមជំនាញរៀងៗខ្លួនដើម្បីចូលរួមលើកកម្ពស់អាហារូបត្ថម្ភ សុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា ការគ្រប់គ្រង់ទឹកស្អាតហើយមានអនាម័យ ការគ្រប់គ្រងបរិស្ថានសិក្សានៅតាមគ្រឹះស្ថានសិក្សាទាំងអស់ត្រូវមានសុវត្ថិភាព ផាសុកភាព និងមេត្រីភាព និងបំនិនសុខភាពដើម្បីថែទាំសុខភាព។
លោក ឌី ខាំបូលីបានឲ្យដឹងទៀតថា ក្រសួងអប់រំនឹងជំរុញការគ្រប់គ្រងសុវត្ថិភាព ចំណីអាហារនៅតាមគ្រឹះស្ថានសិក្សានេះអោយកាន់តែល្អបន្ថែមទៀតតាមរយៈការចុះត្រួតពិនិត្យជាប្រចាំនៅតាមកន្លែងលក់ដូរក្នុងសាលារៀន ហើយចំពោះចំណីអាហារ ណាដែលគ្មានប្រភពច្បាស់លាស់ត្រូវដកហូតមិនឲ្យលក់ឡើយ។
អ្នកស្រី ទេព កញ្ញា ជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានមានមានប្រសាសន៍ថាបច្ចុប្បន្នអាណាព្យាបាលសិស្សានុសិស្សមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខភាពកូនៗរបស់ខ្លួនដែលបរិភោគចំណីអាហារផ្ដេសផ្ដាស ឬ គ្មានអនាម័យរុយរោម ហើយចំអិនមិនបានឆ្អិនល្អនៅក្នុងសាលារៀន។
អ្នកស្រីបានបន្តថា «ខ្ញុំសូមគាំទ្រចំពោះវិធានការណ៍របស់ក្រសួងអប់រំយុវជននិងកីឡាដែលបានយកចិត្តទុកដាក់ទៅលើសុវត្ថិភាពចំណីអាហារនៅតាមសាលារៀនព្រោះថា មិនត្រឹមតែជួយការពារសុខភាពដល់សិស្សានុសិស្ស និង គ្រូប៉ុណ្ណោះទេថែមទាំងជួយកសាងនូវធនធានមនុស្សមួយដ៏ល្អទៀតផង»។
អ្នកស្រីបានឲ្យដឹងទៀតថា បើគ្រូនិងសិស្សមានសុខភាពល្អនឹងបង្ហាត់បង្រៀននិងរៀនបានពេញលេញអាចបណ្តុះបណ្តាលធនធានមនុស្សបានល្អប្រសើរ។ ផ្ទុយទៅវិញបើមិនមានសុខភាពល្អគ្រូនិងសិស្សឧស្សាហ៍ឈឺច្រើនមិនអាចសិក្សានិងបង្រៀនបានពេញលេញការអភិវឌ្ឍន៍ធនធានមនុស្សក៏អន់ថយទៅតាមហ្នឹងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅកម្ពុជាមានសិស្សានុសិស្សទាំងអស់ចាប់ពីថ្នាក់ បឋមរហូតដល់មធ្យមសិក្សាមានចំនួនជាង៣លាននាក់ ខណៈលោកគ្រូអ្នកគ្រូមាន ជាង១២ម៉ឺននាក់៕
Source: Kampuchea Thmey Daily
0 Comments