Ad Code

អាជ្ញាធរ​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​ប្រធាន​ពន្ធនាគារ បន្ត​យកចិត្តទុកដាក់ អប់រំ​ហ្វឹកហ្វឺន​ណែនាំ កែប្រែ ទណ្ឌិត​ក្នុង​ពន្ធនាគារ ឲ្យ​ក្លាយ​ទៅជា​មនុស្ស​ថ្មី​ក្នុងសង្គម



ភ្នំពេញ​ ៖ អភិបាលរង រាជធានី​ភ្នំពេញ លោក កើត ឆែ បាន​ជំរុញ​ឲ្យ​មន្ត្រី និង ថ្នាក់​ដឹក​នាំ​ពន្ធនាគារ បន្ត​យកចិត្តទុកដាក់​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ក្នុង​ការអប់រំ​ហ្វឹកហ្វឺន ណែនាំ កែប្រែ និង​ផ្តល់​វិជ្ជាជីវៈ ដល់ ទណ្ឌិត​ក្នុង​ពន្ធនាគារ ឲ្យ​ក្លាយ​ទៅជា​មនុស្ស​ថ្មី ដើម្បី​ឲ្យ​ពួកគេ​ធ្វើ​សមាហរណកម្ម​ខ្លួន​ទៅក្នុង​គ្រួសារ​និង​សង្គម​វិញ ប្រកបដោយ​ជំនឿ​ទុកចិត្ត​។

ការ​ជំរុញ​បែបនេះ​ របស់​លោក កើត ឆែ ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ និង​ប្រគល់​ភារកិច្ច ជូន​មន្ត្រី​ពន្ធនាគារ​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។



លោក​បន្ត​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាននឹងកំពុង​យកចិត្តទុកដាក់​ខ្ពស់ លើ​កិច្ច​ការងារ​ពន្ធនាគារ​។ ផ្អែក​តាម​របាយការណ៍​ប្រចាំ​ខែធ្នូ​នេះ ពន្ធនាគារ​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​កិច្ច​ខំ​ប្រឹងប្រែង របស់​អង្គភាព ក្នុង​ការ​គ្រប់គ្រង ជន​ជាប់ឃុំ និង​ទណ្ឌិត​ឲ្យ​ធានា​សន្តិសុខ សុវត្ថិភាព សុខភាព និង​គោលការណ៍​មនុស្សធម៌ ស្របតាម​តួនាទី​ភារកិច្ច​ដូច​មាន​ចែង​ក្នុង​ច្បាប់ ស្តីពី ពន្ធនាគារ និង​ប្រកាស​ស្តី​ពី​ការគ្រប់គ្រង​ពន្ធនាគារ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា ដើម្បី​អប់រំ​ហ្វឹកហ្វឺន ណែនាំ​ឲ្យ​ទណ្ឌិត​ក្នុង​ពន្ធនាគារ​ក្លាយជា​មនុស្ស​ថ្មី​ក្នុង​សង្គមជាតិ​។



លោក​អភិបាលរង​បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​ជន​ដែល​ជាប់ឃុំ និង​កំពុង​ជាប់ឃុំ​ឃាំង ក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ មាន​ចំនួន​២២៦​នាក់ ស្រី​៣០​នាក់ ក្នុង​នោះ​មាន​បទល្មើស​មជ្ឈិម​ចំនួន​៣៥​នាក់ ស្រី​៣​នាក់ បទល្មើស​ចំនួន​១៩៤​នាក់ ស្រី​២៧​នាក់។

លោក​អភិបាលរង​រូប​នេះ​បញ្ជាក់​ថា សម្រាប់​ពិធី​ប្រកាស​តែងតាំង​មុខ​ដំណែង​នៅ​ថ្ងៃ​នេះ ធ្វើឡើង​ជា​ធម្មតា​នៅក្នុង​ដំណើរការ​មុខងារសាធារណៈ សម្រាប់​ជា​មន្ត្រីរាជការ​ស៊ីវិល ដែល​តែងតែមាន​ការតែងតាំង ប្តូរ​ភារកិច្ច សម្រួល​ភារកិច្ច និង​ចូលនិវត្តន៍​ទៅតាម​នីតិវិធី​ដែល​បាន​កំណត់។

លោក ប៉ាវ ហមផាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ថ្ងៃនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ និង អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃ បាន​ធ្វើ​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង លោក​ឧ​ត្ត​ម​អគារ​នុរក្ស​ថ្នាក់​លេខ​២ ឈី​ម ធី​ដា ដែល​ជា​ប្រធាន​ពន្ធ​ការ​ខេត្តស្ទឹងត្រែង មក​ជា​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ​វិញ​ជំនួស​លោក​ឧ​ត្ត​ម​អគារ​នុ​រក្ស​ថ្នាក់​លេខ​២ លោក​ពេជ្រ យ៉ុ​ន ដែល​ត្រូវ​ប្រកាស​តែងតាំង​ជា​អនុ​ប្រធាននាយកដ្ឋាន បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មុខរបរ​ការងារ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​។

លោក ប៉ាវ ហមផាន បាន​ស្នើ​ឲ្យ​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ថ្មី ត្រូវ​បង្កើន​ស្មារតី​យកចិត្តទុកដាក់ ការទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​បំពេញភារកិច្ច​របស់ខ្លួន និង ត្រូវ​ខិតខំ​បង្កើន​សមត្ថកិច្ច​គ្រប់គ្រង​ឲ្យ​បាន​ជាប់​ជាប្រចាំ ដូចជា ត្រូវ​ពង្រឹង​នូវ​ការងារ​យាមកាម​ពន្ធនាគារ ២៤​ម៉ោង​លើ​២៤​ម៉ោង ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ សន្តិសុខ ទាំង​ក្នុង​និង​ក្រៅ​បរិវេណ​ពន្ធនាគារ ដើម្បី​ចាត់វិធានការ​តឹងរ៉ឹង ចំពោះ​ចំណុច​ខ្វះចន្លោះ ក៏ដូចជា ការ​ឆែកឆេរ​រឹបអូស​ការ​យក​សម្ភារៈ​ហាមឃាត់ នាំចូល​ទៅ​ក្នុង​ពន្ធនាគារ ដោយ​ទណ្ឌិត ដែល​ជា​ការ​បង្ក​ឱកាស​មធ្យោបាយ​របស់​ទ​ណ្ឌិ​ត និង​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ក្នុង​ពន្ធនាគារ​កុំ​ឲ្យ​កើតមាន​។



លោក រដ្ឋលេខាធិការ​ក៏បាន​ជំរុញ​ឲ្យ​មន្ត្រី​ពន្ធនាគារ​ទាំងអស់ អនុវត្តន៍​តួនាទី​ភារកិច្ច​របស់​ខ្លួន ប្រកបដោយ​វិជ្ជាជីវៈ តម្លាភាព និង​មិន​ប្រព្រឹត្ត​អំពើពុករលួយ មាន​ក្រមសីលធម៌ និង​មាន​វិន័យ​ជា​អនុរក្ស​ពន្ធនាគារ ដើម្បី​ជួយ​ឲ្យ​ពួកគេ​ធ្វើការ​កែប្រែ​ខ្លួន ក្លាយជា​ពលរដ្ឋ​ល្អ​ពិតប្រាកដ និង​មិន​ត្រូវ​ធ្វើខ្លួន​ជា​ចៅហ្វាយនាយ​របស់​ទណ្ឌិត​ឡើយ​។

សូម​បញ្ជាក់​ថា លោក​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​២ ឈឹម ធីតា ប្រធាន​ពន្ធនាគារ ខេត្តស្ទឹងត្រែង ត្រូវ​បាន​ផ្ទេរ​មកកាន់​មុខតំណែង​ជា​ប្រធាន​ពន្ធនាគារ រាជធានី​ភ្នំពេញ ជំនួស លោក ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​២ ពេជ្រ យ៉ុ​ន ដែល​ត្រូវ​ឡើង​ទៅ​កាន់​មុខ​ដំណែង​ថ្មី ជា​អនុ​ប្រធាននាយកដ្ឋាន​ប​ណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ ។ ចំណែក​លោក​វរៈ​អគ្គានុរក្ស ថ្នាក់​លេខ​១ ឈុន ដា​រ៉ា ត្រូវ​កាន់​មុខតំណែង ជា​ប្រធាន​ពន្ធនាគារ​ថ្មី ខេត្តស្ទឹងត្រែង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu