ភ្នំពេញ ៖ សមាគមកម្ពុជានិងសមាគមមកពីម៉ាឡេស៊ីបានរួមគ្នាការពារនិងគ្រប់គ្រងដល់ពលករខ្មែរធ្វើការនៅម៉ាឡេស៊ីដើម្បីជួយគាំពារសុខភាពក៏ដូចជាអន្តរាគមន៍ដល់ពលករឲ្យបានទាន់ពេលវេលា។
លោក ងុយ រិទ្ធ នាយករងខុទ្ទកាល័យលោក បណ្ឌិតអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានជំរុញឲ្យសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា សមាគមជ្រើសរើសពលករកម្ពុជានិងសមាគមជ្រើសរើសពលករចំនួន៣របស់ម៉ាឡេស៊ី ត្រូវសហការគ្នាឲ្យបានស្អិតល្មួតដោយធ្វើយ៉ាងណាផ្តល់នូវការការពារសុវត្ថិភាព លើកកម្ពស់លក្ខខណ្ឌការងារនិងសុខមាលភាពសង្គមដល់ពលករកម្ពុជាដែលធ្វើការនៅប្រទេសម៉ាឡេស៊ីឲ្យកាន់តែប្រសើរប្រឡើងថែមទៀត។
ថ្លែងក្រោយពីចុះហត្ថលេខាលើអនុស្សរណៈរវាងសមាគមកម្ពុជានិងសមាគមម៉ាឡេស៊ីនៅព្រឹកថ្ងៃទី៥ធ្នូនៅទីស្តីការក្រសួងដោយមានចូលរួមធ្វើជាសាក្សីពីលោកបណ្ឌិតអ៊ិត សំហេង លោក ងុយ រិទ្ធ បានមានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាយន្តការបន្ថែមថ្មីមួយទៀតក្នុងលើកកម្ពស់សិទ្ធិ សុខុមាលភាព និងការការពារដល់ពលករខ្មែរដែលទៅធ្វើការនៅម៉ាឡេស៊ីបន្ថែមពីលើយន្តការដែលរាជរដ្ឋាភិបាលមានស្រាប់។
លោក ងុយរិទ្ធ បានបន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការគាំពារ ការពារសិទ្ធនិងផលប្រយោជន៍ពលករខ្មែរនៅបរទេសតាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលនៃប្រទេសទទួលនិងពង្រឹងការអនុវត្តច្បាប់និងបទដ្ឋាននានារួមទាំងសេវាកម្មធានារ៉ាប់រងដល់ពលករកម្ពុជាលើការធានាគ្រោះថ្នាក់ការងារនិងអាយុជីវិតផងដែរ។
ចំណែកលោក ស្រីអ៊ឹង ស៊ាងរិទ្ធីប្រធានសមាគមជ្រើសរើសពលករកម្ពុជាបានមានប្រសាសន៍ថា ការសហការជាមួយសមាគមម៉ាឡេស៊ីនេះគឺតាមរយៈកិច្ចសហប្រតិបត្តិការនេះគឺសមាគមទាំង៥នឹងធ្វើការផ្តោះប្តូរព័ត៌មាននិងរាល់បញ្ហានានាដែលពលករខ្មែរជួបប្រទះដើម្បីរួមគ្នាដោះស្រាយនិងធ្វើអន្តរាគមន៍បានទាន់ពេលវេលាសំដៅធានាបាននូវសុខសុវត្តិភាពជួនដល់ពលករ។
លោកស្រីសង្ឃឹមថាតាមរយៈកិច្ចសហការនេះនឹងជួយបង្កើននូវទំនុកចិត្តថែមទៀតដល់ពលករខ្មែរដែលមានបំណងទៅធ្វើការងារប្រទេសម៉ាឡេស៊ីបន្ទាប់រាជរដ្ឋាភិបាលបានផ្អាកការបញ្ជូនពលករបម្រើការងារតាមផ្ទះតាំងពីឆ្នាំ២០១១កន្លងទៅនេះ។
លោកស្រីបានបន្តថា បន្ទាប់ពីចុះអនុស្សរណៈនេះទៅសមាគមនឹងចាប់ផ្តើមបញ្ជូនពលករទៅធ្វើការនៅម៉ាឡេស៊ីឲ្យបានឆាប់បំផុតដើម្បីចូលរួមលើកម្ពស់ជីវភាពរស់នៅរបស់ពលករខ្មែរឲ្យបានកាន់តែប្រសើរឡើងថែមទៀត។
លោកស្រីបានបន្ថែមថា ចាប់ពីពេលនេះទៅពលករខ្មែរដែលធ្វើការនៅម៉ាឡេស៊ីនឹងលែងមានបញ្ហាទៀតហើយៗប្រសិនបើមានបញ្ហាអ្វីមួយនៅកន្លែងការងារ ឬ នៅតាមផ្ទះនោះអាចទំនាក់ទំនងមកកាន់សមាគមទាំងបីរបស់ម៉ាឡេស៊ីដើម្បីយើងរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា។
បើតាមរដ្ឋមន្ត្រីក្រសួងធនធានមនុស្សនៃប្រទេសម៉ាឡេស៊ីធ្លាប់បានអះអាងកាលពីឆ្នាំ២០១៧កន្លងទៅថា មានពលករខ្មែរធ្វើការនៅប្រទេសម៉ាឡេស៊ីជាង៤ម៉ឺន៦ពាន់នាក់ ក្នុងនោះមានពលករស្របច្បាប់ជាង៨ពាន់នាក់ប៉ុណ្ណោះដោយធ្វើការទៅលើការងាររោងចក្រ ផ្នែកសំណង់និងផ្នែកកសិកម្ម៕
Source: Kampuchea Thmey Daily
0 Comments