ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ ខែធ្នូ នេះ ជាដំណើរទស្សនកិច្ចផ្លូវការថ្ងៃទី១ នៅក្នុងប្រទេសឡាវសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបសម្ដែងការគួរសមជាមួយនឹងលោកជំទាវ ប៉ានី យ៉ាថទូ (Pany Yathotou) ប្រធានរដ្ឋសភាជាតិឡាវ។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឲ្យដឹងថា នៅក្នុងជំនួបនោះលោកជំទាវ ប៉ានី យ៉ាថទូ (Pany Yathotou) ប្រធានរដ្ឋសភាជាតិឡាវបានស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមរដ្ឋសភាឡាវដែលសម្តេចបានអញ្ជើញមកទស្សនកិច្ចនៅប្រទេសឡាវ។
លោកជំទាវ ប៉ានី យ៉ាថទូ បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុនសែន ថា បានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងនូវមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកជំទាវក៏បានអបអរសាទរចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងជោគជ័យនៃការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា។
លោកជំទាវប្រធានរដ្ឋសភាបានធ្វើការកត់សំគាល់ថា ជោគជ័យនៃការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺបានបង្ហាញពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន។ លោកជំទាវបានមានប្រសាសន៍ថា លោកជំទាវពិតជាមានជំនឿជឿជាក់ថា សម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជានឹងបន្តអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើននិងទទួលបានជោគជ័យបន្ថែមទៀតមិនថា តែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែបានរួមចំណែកដល់សុខសន្តិភាពនិងការរីកចម្រើនរបស់តំបន់ផងដែរ។
លោកជំទាវ ប៉ានី យ៉ាថទូ ក៏បានអបអរសាទរចំពោះលទ្ធផលនៃជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដែលបាននាំមកនូវផ្លែផ្កានៃកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងប្រទេសទាំងពីរ។
ការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រីបានអរគុណចំពោះពាក្យពេចន៍ដ៏ល្អរបស់លោកជំទាវ ប៉ានី យ៉ាថទូ ប្រធានរដ្ឋសភាឡាវ ។ សម្ដេចបានជម្រាបជូនលោកជំទាវប្រធានរដ្ឋសភាឡាវថា ការបោះឆ្នោតនៅកម្ពុជាលើកនេះបានប្រព្រឹត្តទៅដោយប្រជាធិបតេយ្យសេរីហើយដែលមានប្រជាជនប្រមាណជាង៨៣ ភាគរយ បានទៅចូលរួមបោះឆ្នោត មានភាគរយច្រើនជាងការបោះឆ្នោតពីអាណត្តិមុនៗ។ សម្តេចបន្តថា ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជានេះ គឺបានមកដោយសារប្រជាជនបានគាំទ្រចំពោះគណបក្សប្រជាជន ដែលមានសម្លេងគាំទ្ររហូតជាង ៧៧ ភាគរយនៃសំឡេងឆ្នោតដែលមានគណបក្សចូលរួមបោះឆ្នោតចំនួន ២០ គណបក្ស ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនលោកជំទាវប្រធានសភាឡាវអំពីលទ្ធផលនៃជំនួបចចារវាងសម្ដេចជាមួយនឹងនាយករដ្ឋមន្ត្រីឡាវដែលពាក់ព័ន្ធនឹងការតភ្ជាប់អគ្គិសនី ការតភ្ជាប់ស្ពានពីខេត្តចំប៉ាសាក់មកខេត្តព្រះវិហារដែលជាការតភ្ជាប់រវាងប្រជាជននិងប្រជាជននិងជាការសម្រួលដល់ការផ្លាស់ប្តូរ ទំនិញគ្នាទៅវិញទៅមក។
លោកជំទាវ ប៉ានី យ៉ាថទូ បានចាត់ទុកថា ជោគជ័យនៃជំនួបថ្ងៃនេះមានសារៈសំខាន់ក្នុងការបន្តជំរុញនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ លោកជំទាវ ចង់ឲ្យនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរធ្វើការជាមួយគ្នាឲ្យបានជិតស្និទ្ធដើម្បីដោះស្រាយបញ្ហារវាងប្រទេសទាំងពីរឲ្យបានប្រសើរឡើងថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments