បាត់ដំបង ៖ សពមនុស្សប្រុសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងចំការ ដែលគេមិនទាន់ដឹងថា បណ្តាលមកពីបញ្ហាអ្វីនោះឡើយ ក្រោយពីបុរសរូបនេះ បានបណ្តើរឆ្កែ ចេញ ពីផ្ទះប្រមាណ ១ កំណាត់ថ្ងៃរួចមក ដើម្បីរកចាប់សត្វ នេះដោយសារមានការអះអាងពីភរិយា។
ការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ២ រសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ ចំណុចអូរព្រហ៊ូត ក្នុងភូមិអូរត្រាវជូរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៨ ដែលដីចម្ការនេះជារបស់ ឈ្មោះ វិន ពៅ។
តាមការរៀបរាប់ពីស្ត្រីដែលត្រូវជាភរិយាឈ្មោះ ភាន សុផាត អាយុ៣១ឆ្នាំ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវជាស្វាមីនោះមាន ឈ្មោះ អិត នឿយ អាយុ៣១ឆ្នាំ មានទីលំនៅភូមិស្វាយព្រៃ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង មកស្នាក់នៅបណ្ដោះអាសន្នចំណុចកើតហេតុខាងលើ ហើយនៅព្រឹកថ្ងៃកើតហេតុប្តីរបស់នាងបានបណ្តើរឆ្កែចេញទៅតាមចម្ការ និងតាមព្រៃដើម្បីរកសត្វ ហើយ
ក៏បាត់រហូត ដល់ ម៉ោង ១១ បាយថ្ងៃត្រង់ក៏ពុំឃើញប្តីត្រឡប់មកផ្ទះវិញ នៅពេលខ្លួនតាមរក ក៏មិនឃើញរហូតដល់ថ្ងៃរសៀល ទើប អ្នកភូមិបានប្រទះឃើញសព ប្ដីរបស់ខ្លួន បាន ស្លាប់ក្នុងចំការខាងលើទៅហើយ។
តាមការត្រួតពិនិត្យសព របស់ជនរងគ្រោះ គឺ កម្លាំងសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះ អាច ស្លាប់ដោយសារពស់ចឹក ដោយពិនិត្យ ឃើញស្នាមមុតស្រួចចំបំពង់កចំនួន ២ កន្លែង និង មានស្នាមរោលខ្មៅ ព្រមទាំងមានហូរឈាមផងដែរ ចំពោះស្លាកស្នាមអ្វីផ្សេងទៀត ដែលអាចពាក់ព័ន្ធនឹងករណីឃាតកម្ម គឺ មិនមានឡើយ ដោយបច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យទៅប្រពន្ធយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕
Source: Kampuchea Thmey Daily
0 Comments