Ad Code

លោក Modi ទទួលស្គាល់​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​រដ្ឋ​សំខាន់ៗ​របស់​ឥណ្ឌា



លទ្ធផល​ បាន​បង្ហាញ​កាលពី​ថ្ងៃ​អង្គា​រថា គណបក្ស​កាន់អំណាចរ​បស់​ប្រទេស​ឥណ្ឌា​ បានទទួល​បរាជ័យ​ក្នុងការ​បោះឆ្នោត​នៅ​រដ្ឋ​រឹងមាំ​យ៉ាងហោចណាស់​ពីរ​ ដែល​នេះ​ជា​បញ្ហា​ដ៏​ធំ​មួយ​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី Narendra Modi មុន​ការបោះឆ្នោតជាតិ​នៅក្នុង​ឆ្នាំ​២០១៩​។​

ការបោះឆ្នោត​ដែល​បានធ្វើ​ឡើង​កាលពី​ដើមខែ​នេះ​និង​នៅក្នុង​ខែវិច្ឆិកា​ត្រូវបាន​គេ​មើលឃើញថា​ជាការ​ធ្វើតេស្ត​មួយ​សម្រាប់​ឆ្នាំក្រោយ​នៅពេលដែល​លោក Modi ទំនងជា​នឹងត្រូវ​តទល់​ជាមួយ​លោក Rahul Gandhi នៃ​គណបក្ស Congress សម្រាប់​អាណត្តិ​ទី​ពីរ​។​

លោក Modi បាន​និយាយ​នៅលើ​បណ្តាញ​សង្គម Twitter ថា “​យើង​ទទួលយក​ការតម្រង់​ផ្លូវ​របស់​ប្រជាជន​ដោយ​ក្តី​គោរព​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ប្រជាជន​នៃ​រដ្ឋ Chhattisgarh, Madhya Pradesh និង Rajasthan ដែល​បានផ្តល់​ឱកាស​ដល់​ពួកយើង​ដើម្បី​បម្រើ​រដ្ឋ​ទាំងនេះ​។ រដ្ឋាភិបាល​របស់​គណ​បក្ស BJP នៅក្នុង​រដ្ឋ​ទាំងនេះ​បានធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់​សម្រាប់​សុខុមាលភាព​របស់​ប្រជាជន​”​។​

ស្របពេល​ជាមួយគ្នា​នោះដែរ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា​បាន​ដកស្រង់​សម្តី​របស់លោក Gandhi ដែល​បាន​និយាយថា “​ថ្ងៃនេះ​យើង​បាន​ផ្តួល BJP ។ យើង​ក៏​នឹង​ផ្តួល​ពួកគេ​នៅ​ឆ្នាំ​២០១៩​ដែរ​។ លោក Modi បាន​លក់​ចក្ខុវិស័យ​មួយ​ដល់​ប្រទេស​នេះ​កាលពី​ប្រាំ​ឆ្នាំមុន​។ ប្រទេស​ឥណ្ឌា​មានការ​អត់ធ្មត់​ដើម្បី​ផ្តល់អោយ​ពួកគេ​នូវ​រយៈពេល​៥​ឆ្នាំ​។ ប៉ុន្តែ​ពួកគេ​បាន​បរាជ័យ​ហើយ​”​។​

នៅក្នុង​រដ្ឋ Chhattisgarh ដែល​គ្រប់គ្រង​ដោយ​គណបក្ស BJP អស់​រយៈពេល​១៥​ឆ្នាំ​មកហើយ​នោះ លទ្ធផល​បឋម​បាន​បង្ហាញថា គណបក្ស BJP ឈ្នះ​បានត្រឹមតែ​១៦​អាសនៈ​ប៉ុណ្ណោះ​ពោលគឺ​ធ្លាក់ចុះ​ពី​៤៩​អាសនៈ​នៅក្នុង​សភា​ដោយ​តាម​ពីក្រោយ​គណបក្ស Congress ដែលមាន​៦៨​អាសនៈ​នៅក្នុង​រដ្ឋសភា​ដែលមាន​៩០​អាសនៈ​។​

គណបក្ស Congress ក៏បាន​វ៉ា​ដាច់​គណបក្ស BJP ផងដែរ​នៅក្នុង​រដ្ឋ Rajasthan ដែល​ត្រូវ​គ្រប់គ្រង​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​ដោយ​លោកស្រី Vasundhara Raje នៃ​គណបក្ស BJP ។ គណបក្ស Congress ទទួលបាន​៩៩​អាសនៈ​នាំមុខ​គណបក្ស BJP ដែលមាន​៧៣​អាសនៈ​តិចជាង​ការបោះឆ្នោត​ចុងក្រោយ​បំផុត​ដែល​ទទួលបាន​៨៩​អាសនៈ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu