Ad Code

ប្រមុខ UN នឹង​ចូលរួម​កិច្ចចរចា​សន្តិភាព​រប​ស់​យេ​មែន ​ស្របពេល​មាន​ការជំរុញអោយ​បន្ធូរបន្ថយ​អំពើ​ហិង្សា



អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ នឹងចូលរួម​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​រវាង​រដ្ឋាភិបាល​យេ​មែន​និង​ក្រុម​ឧទ្ទាម​ដែលជា​គូប្រជែង​នៅ​ប្រទេស​ស៊ុយអែត​ក្នុង​សប្តាហ៍​នេះ​ ចំពេល​មានការ​ជំរុញ​នៅ​នាទីចុងក្រោយ​អោយ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​ចំណុចក្តៅ​ចំនួន​ពីរ​របស់​ប្រទេស​ ដែល​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ​។ នេះ​បើតាម​ការ​អោយ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ពី​ការិយាល័យ​របស់​គាត់​។​

រយៈពេល​ជិត​បួន​ឆ្នាំ​នៅក្នុង​សង្គ្រាម​មួយ​ដែល​បាន​រុញច្រាន​ប្រជាជន​យេ​មែន​រហូតដល់​ទៅ​១៤​លាន​នាក់​អោយ​ធ្លាក់​ចូលក្នុង​ភាពអត់ឃ្លាន​ដ៏​ធំ​មួយ​, រដ្ឋាភិបាល​របស់លោក Abedrabbo Mansour Hadi ដែល​គាំទ្រ​ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​និង​ក្រុម​ឧទ្ទាម Huthi ដែលមាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​អ៊ីរ៉ង់​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​របស់​អង្គការសហប្រជាជាតិ​នៅ​ភូមិ Rimbo ក្នុងប្រទេស​ស៊ុយអែត​។​

ក្រុម​អ្នកសម្របសម្រួល​កំពុង​ជំ​រុញអោយ​បន្ធូរបន្ថយ​អំពើ​ហឹ​ង្សា​ក្នុង​ទីក្រុង​ចំណុចក្តៅ​ចំនួន​ពីរ​ដូចជា​ទីក្រុង Hodeida ដែល​កំពង់ផែ​ដ៏​សំខាន់​សម្រាប់​ការផ្តល់​ជំនួយ​មនុស្សធម៌​និង​ទីក្រុង Taiz ដែលជា​ទីក្រុង​ធំ​បំផុត​ទី​បី​របស់​យេ​មែន​និង​ជា​កន្លែង​ប្រយុទ្ធ​គ្នា​ខ្លាំង​បំផុត​នៃ​សង្គ្រាម​។​

ទោះបីជា​យ៉ាងណាក៏ដោយ បណ្តា​ភាគី​ដែលជា​គូប្រជែង​មិនទាន់បាន​ព្រមព្រៀងគ្នា​លើ​សេចក្ដីព្រាង​ដែល​ស្នើឡើង​ដោយ​អង្គការសហប្រជាជាតិ​ស្តីពី​ទីក្រុង Hodeida និង​ទីក្រុង Taiz នៅឡើយ​ទេ​។ សំណើ​ទាំងពីរ​រួមមាន​ការបន្ធូរបន្ថយ​អរិភាព​។​

ប្រធាន​អង្គការសហប្រជាជាតិ​លោក Antonio Guterres គ្រោង​នឹងចូលរួម​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​កិច្ចចរចា​ក្នុងប្រទេស​ស៊ុយអែត​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

អង្គការសហប្រជាជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក​នឹង​រៀបចំ​កិច្ចប្រជុំ​ជាមួយ​គណៈប្រតិភូ​ទាំងពីរ​ហើយនឹង​ថ្លែង​ទៅកាន់​ពិធី​បិទ​នៃ​ការពិគ្រោះ​យោបល់​ជុំ​នេះ​។ កាលពី​សប្តាហ៍​មុន​លោក Guterres បាន​អំពាវនាវ​អោយមាន​ការបន្ធូរបន្ថយ​ជម្លោះ​នៅ​ជុំវិញ​ទីក្រុង Hodeida ជាពិសេស​។​

គួរ​បញ្ជាក់ថា កិច្ចពិភាក្សា​ជុំ​មួយទៀត​ត្រូវ​បានគ្រោង​ធ្វើឡើង​នៅ​ដើមឆ្នាំ​២០១៩៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu