ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញចូលជួបសំដែងការគួរសមជាមួយលោក ប៊ុនញ៉ាំង វរជីត (Bounnhang Vorachith)ប្រធានរដ្ឋឡាវ។
លោក កៅ កឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឲ្យដឹងថា លោក ប៊ុនញ៉ាំង វរជិត បានអបអរសាទរចំពោះសម្តេចតេជោហ៊ុន សែន ដែលបានទទួលជោគជ័យក្នុងការបោះឆ្នោតហើយត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាថ្មីទៀត។ លោកបានកោតសរសើរចំពោះគណបក្សប្រជាជនកម្ពុជាដែលបានទទួលជោគជ័យក្នុងការបោះឆ្នោតរដ្ឋសភានាពេលកន្លងមកនេះ។ លោកប្រធានរដ្ឋឡាវបានសម្ដែងការរីករាយចំពោះលទ្ធផលនៃជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរដែលបានពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។
នៅក្នុងឱកាសនោះលោក ប៊ុនញ៉ាំង វរជិត ក៏បានឆ្លៀតផ្តាំផ្ញើសួរសុខទុក្ខចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានពាំនាំនូវព្រះរាជបន្ទូលផ្ដាំផ្ញើសួរសុខទុក្ខរបស់ព្រះមហាក្សត្រកម្ពុជាជូនចំពោះលោកប្រធានរដ្ឋឡាវ។សម្ដេចតេជោក៏បានអរគុណចំពោះប្រធានរដ្ឋឡាវដែលបានផ្ញើសារអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា។ សម្ដេចក៏បានអបអរសាទរចំពោះខួបអនុស្សាវរីយ៍បុណ្យជាតិឡាវថ្ងៃ ២ ធ្នូ របស់ប្រជាជនឡាវ។ ដោយសម្តេចតេជោបញ្ជាក់ថា ថ្ងៃ២ធ្នូនៅកម្ពុជាក៏ជាថ្ងៃខួប ៤០ ឆ្នាំនៃការបង្កើតចលនាតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់អំពីដំណើរទស្សនកិច្ចរបស់សម្ដេចមកកាន់ប្រទេសឡាវលើកនេះគឺជាការឆ្លុះបញ្ចាំងឲ្យឃើញថា កម្ពុជាបានផ្ដល់អាទិភាពទៅលើប្រទេសឡាវដែលជាប្រទេសភូមិផងរបងជាមួយមុនប្រទេសណាណាទាំងអស់។
សម្តេចក៏បានជម្រាបជូនលោកប្រធានរដ្ឋឡាវអំពីលទ្ធផលនៃជំនួបជាមួយនឹងនាយករដ្ឋមន្ត្រីឡាវនៅព្រឹកថ្ងៃទី៥ធ្នូនេះថា ជាកិច្ចប្រជុំនេះជាកិច្ចប្រជុំដែលមានលក្ខណៈស៊ីជម្រៅនិងពេញលេញហើយភាគីទាំងពីរបានឯកភាពគ្នាលើការតភ្ជាប់រវាងប្រទេសទាំងពីរ ដែលក្នុងនោះមានការតភ្ជាប់បណ្ដាញអគ្គិសនីដោយការទិញអគ្គិសនីពីឡាវទៅផ្គត់ផ្គង់នៅកម្ពុជា និង ការតភ្ជាប់ស្ពាននៅត្រង់ចំណុចទន្លេ រពៅ ដែលភ្ជាប់ប្រទេសទាំងពីររវាងខេត្តព្រះវិហារនិងខេត្តចំប៉ាសាក់របស់ឡាវ។
សម្តេចក៏បានជម្រាបជូនលោកប្រធានរដ្ឋអំពីកិច្ចសហប្រតិបត្តិការរវាងទាំងពីរដែលបានផ្ដោតទៅលើវិស័យជាច្រើនដូចជាអប់រំ វប្បធម៌ ទេសចរណ៍ និង វិស័យជាច្រើនទៀត ដូចជាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន គ្រឿងញៀនជាដើម។ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនសម្ដេចតេជោនាយករដ្ឋមន្ត្រីបានជម្រាបជូនលោកប្រធានរដ្ឋឡាវថា យើងនឹងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាទាំងឡាយដែលនៅសេសសល់រួមទាំងការប្រយុទ្ធប្រឆាំងនឹងអំពើឃាតកម្មឆ្លងដែន,ការជួញដូរមនុស្សនិងគ្រឿងញៀនផងដែរ។ ប្រទេសទាំងពីរក៏បានឯកភាពរួមគ្នាធ្វើការដោះស្រាយនៅតំបន់ព្រំដែនដែលនៅសេសសល់ដែលមាននៅតំបន់អូរតាង៉ាវនឹងអូរអាឡៃផងដែរ ដើម្បីបញ្ចប់បញ្ហាព្រំដែនរវាងប្រទេសទាំងពីរឲ្យបានឆាប់។
លើសពីនេះទៀតសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជម្រាបជូនលោកប្រធានរដ្ឋឡាវថា យុទ្ធសាស្ត្ររបស់សម្ដេចគឺប្រែក្លាយតំបន់ព្រំដែននៃប្រទេសជិតខាងឲ្យក្លាយទៅជាព្រំដែន មិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ។
សម្តេចបានបន្តថា ទស្សនកិច្ចរបស់សម្ដេចមកកាន់ប្រទេសឡាវនេះ គឺដើម្បីពង្រឹងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីររវាងប្រជាជននិងប្រជាជន រវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល។
ក្នុងនាមព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក៏បានគោរពអញ្ជើញលោកប្រធានរដ្ឋឡាវមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
លោកប្រធានរដ្ឋឡាវបានថ្លែងអំណរគុណចំពោះការលើកឡើងរបស់សម្ដេចតេជោហ៊ុនសែននិងបានអរគុណចំពោះការអញ្ជើញលោកមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោកប្រធានរដ្ឋបានបន្តថា ប្រទេសទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការគ្នាលើគ្រប់វិស័យហើយដោយគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងដោយភាពស្មោះត្រង់ជាមួយគ្នាព្រោះប្រទេសយើងទាំងពីរបានរួមសុខរួមទុក្ខជាមួយគ្នាជាយូរណាស់មកហើយ។
លោកប្រធានរដ្ឋ ក៏បានស្នើឲ្យនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបន្តធ្វើការជាមួយគ្នាឲ្យកាន់តែជិតស្និទ្ធថែមទៀតដើម្បីដោះស្រាយបញ្ហាដែលមានរវាងប្រទេសទាំងពីរ ។ ពីសេសធ្វើការរួមគ្នាកំចាត់នូវបញ្ហាគ្រឿងញៀនដែលជាបញ្ហាសកលមិនមែនតែបញ្ហារវាងប្រទេសឡាវនិងកម្ពុជានោះទេ ។ លោក ក៏បានគាំទ្រចំពោះការប្ដេជ្ញាធ្វើឲ្យព្រំដែនរវាងប្រទេសទាំងពីរក្លាយទៅជាព្រំដែនមិត្តភាពសន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។
ជាចុងក្រោយលោកប្រធានរដ្ឋឡាវ បានអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជ្រើសរើសយកប្រទេសឡាវជាគោលដៅនៃដំណើរទស្សនកិច្ចលើកទី ១នៅក្នុងតំបន់៕
Source: Kampuchea Thmey Daily
0 Comments