ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស បានបញ្ជាក់ថា ៖ គណៈកម្មការក្រុមប្រឹក្សាធម៌វិន័យឥស្លាមកម្ពុជានៅដើមឆ្នាំ២០១៩ គ្រោងនឹងបង្កើតឡើង ដើម្បីពង្រឹងគុណភាពសុខដុមរមនាសាសនាឲ្យកាន់តែខ្លាំង និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហុនសែន ជានាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកបានបញ្ជាក់បែបនេះខណៈទទួលជួបពិភាក្សាការងារ ជាមួយបញ្ញវន្តខ្មែរឥស្លាម ដែលបញ្ចប់ការសិក្សាពីអារ៉ាប៊ីសាអូឌីត ជាតំណាងឃោសនិករបស់ក្រសួងកិច្ចការឥស្លាមអារ៉ាប៊ីសាអូឌីត ចំនួន១៩នាក់នៅកម្ពុជា។ ក្នុងជំនួបនេះក៏មានការចូលរួមពីលោកទូនី រ៉ូសេត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា កាលពីថ្ងៃអង្គារ៍១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ធ្នូ ឆ្នាំ២០១៨ នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា។
លោក មូសា អះម៉ាត់ ប្រធានក្រុមបញ្ញវន្តខ្មែរឃោសនិក បានចាត់ទុកជំនួបពិភាក្សានេះ គឺមានសារៈប្រយោជន៍បំផុត សម្រាប់សហគមន៍ ខណៈសមាសភាពធនធានមនុស្សសំខាន់ៗ ត្រូវបានថ្នាក់ដឹកនាំលើកកំពស់ និងផ្តល់កម្លាំងចិត្តឲ្យមានកិច្ចពិភាក្សាប្រមូលផ្តុំជាកម្លាំងស្នូលមួយ ដើម្បីទទួលបានឱកាសក្នុងការចែករំលែកបទពិសោធន៍ ចំណេះដឹងពិតពីច្បាប់ឥស្លាម ការចូលរួមទប់ស្កាត់លំហូរចូលនិកាយស៊ីអ៊ីត និងការពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងបញ្ញវន្តជាមួយថ្នាក់ដឹកនាំឥស្លាម។ ជួសមុខឲ្យក្រុមបញ្ញវន្តឃោសនិក លោកបានអបអរសាទរថែមទាំងជំរុញឲ្យពន្លឿនក្នុងការបង្កើតគណៈកម្មការនេះឲ្យបានឆាប់ៗផងដែរ។
លោក អូស្មាន ហាស្សាន់ បានលើកឡើងថា ៖ ជំនួបនេះផ្តោតសំខាន់ទៅលើការគ្រោងបង្កើតឲ្យមាន គណៈកម្មការក្រុមប្រឹក្សាវិន័យសាសនាឥស្លាមមួយដែលហៅថា (Shura) ក្រោមឆ័ត្រគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលនឹងមានសមាសភាពពីបញ្ញវន្តបញ្ចប់ការសិក្សាច្បាប់ឥស្លាមពីបណ្តាប្រទេសផ្សេងៗ ដើម្បីរួមសហការគ្នាពិគ្រោះយោបល់ ឆ្ពោះទៅរកការអនុវត្តធម៌វិន័យសាសនាឥស្លាមលគោលការណ៍និយមកណ្តាលមួយ ប្រកបដោយការអនុគ្រោះ អត់ឱន ជាពិសេសពង្រឹងកិច្ចសហការចូលរួមលើកស្ទួយ អភិវឌ្ឍន៍សហគមន៍ខ្មែរឥស្លាមឲ្យកាន់តែប្រសើរឡើង ក្រោមម្លប់សន្តិភាព សុខដុមបនីយកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ តាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី បានឲ្យដឹងថា លោកនឹងពន្លឿងគណៈកម្មការនេះ ឲ្យមានជារូបរាងឡើង នៅដើមឆ្នាំ២០១៩ខាងមុខនេះតែម្ដង៕
Source: Kampuchea Thmey Daily
0 Comments