ភ្នំពេញ ៖ ធនាគារ PPCBankបានផ្តល់ភេសជ្ជៈកាហ្វេដោយឥតគិតថ្លៃដល់អតិថិជនដែលមកប្រើប្រាស់សេវាកម្មនៅធនាគារដែលជាសេវាកម្មមួយថ្មីស្រឡាងនៅប្រទេសកម្ពុជា។
នេះគឺជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដែលធនាគារ PPCBank បានសហការជាមួយ “Socials – Coffee & Humanity”មានហាងកាហ្វេបើកដំណើរការនៅខាងក្នុងដើម្បីកាត់បន្ថយភាពធុញទ្រាន់ ក្នុងការរង់ចាំរបស់អតិថិជនឬទទួលសេវាកម្មនៅឯបញ្ជរ ប៉ុន្តែប្រសិនបើពួកគាត់អាចពិសាភេសជ្ជៈ និងអាហារសម្រន់ ដោយមិនចាំបាច់ចាកចេញពីធនាគារ ខណៈពេលកំពុងរង់ចាំ នោះនឹងធ្វើឲ្យការចំណាយពេលរង់ចាំ របស់ពួកគាត់មានតម្លៃ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ លោក Shin Chang Moo អគ្គនាយកធនាគារ PPCBank បានមានប្រសាសន៍ «ខណៈពេលដែល អតិថិជនអាចពិសាកាហ្វេ ឬអាហារសម្រន់ មានលក់នៅក្នុងធនាគារ ដែលយើងស្ដាប់ទៅ វាដូចជាល្អម្យ៉ាងដែរហើយនោះ តែធនាគារ PPCBank ចង់ធ្វើឲ្យកាន់តែល្អប្រសើរជាងនេះទៅទៀត ក្នុងការផ្ដល់ជូនដល់អតិថិជន»។
លោកបានបន្តថា «ចំណុចនេះហើយ ដែលបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មី ត្រូវបានយកមកប្រើប្រាស់ ដើម្បីធ្វើជាដំណោះស្រាយ»។
លោកបានបន្ថែមថា ខ្ញុំ«សប្បាយរីករាយក្នុងការណែនាំ នូវសេវាកម្ម Mobile Teller ដែលដំណើរការនៅលើ Tablet ហើយគោលបំណងរបស់យើង គឺប្រើប្រាស់វា ដើម្បីកាត់បន្ថយពេលវេលារង់ចាំ សម្រាប់អតិថិជនរបស់យើង។ នៅពេលនេះ អតិថិជនរបស់ធនាគារ PPCBank អាចរីករាយជាមួយនឹង ការទទួលសេវាធនាគារ ដោយមិនចំបាច់អង្គុយរង់ចាំ ដល់លេខរៀងរបស់ខ្លួននោះទេ។ នៅពេលដែលពួកគាត់មកដល់ធនាគារភ្លាម បុគ្គលិករបស់យើង នឹងដើរតម្រង់មករកពួកគាត់ដោយមាន Tablet នៅនឹងដៃ ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្រួលដល់សេវាកម្មហិរញ្ញវត្ថុ ដែលពួកគាត់ត្រូវការ ដូចជាការបើកគណនីធនាគារ ការសួររកអត្រាការប្រាក់ សម្រាប់ការដាក់ប្រាក់ ឬប្រាក់កម្ចី និងសេវាកម្មជាច្រើនទៀត ដែលផ្ដល់ដោយធនាគារ PPCBank»។
នៅធនាគារ PPCBank សាខាបឹងត្របែក មានការកែលម្អថ្មីៗជាច្រើនទៀត ដែលបានផ្ដល់ជូនអតិថិជនដូចជាកន្លែងផ្ដល់នូវឯកសិទ្ធិ “Gold Club” ដែលជាការផ្ដល់ជូនដល់អតិថិជនប្រភេទ VIP ដើម្បីមកទទួលយកសេវាកម្មធនាគារ ក្នុងបន្ទប់ពិសេស ដែលត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារយ៉ាងល្អស្អាត និងមានផាសុកភាព។
ម្យ៉ាងវិញទៀត នៅសាខាបឹងត្របែក មានលក្ខណៈពិសេសមួយទៀត គឺ “China Desk” ដែលបង្កើតឡើងសម្រាប់បំពេញតម្រូវការ របស់ជនជាតិចិន ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា ក្នុងការស្វែងរកឱកាសអាជីវកម្ម ដែលមានសក្ដានុពល នៅក្នុងប្រទេសកម្ពុជា។
«ការផ្តោតសំខាន់ទៅលើមនុស្សជាសំខាន់តែងជាគោលការណ៍ចម្បងរបស់ពួកយើងក្នុងការបម្រើអតិថិជន។ ពួកយើងជឿជាក់ថា នរណាក៏ដោយតែងជ្រើសយកកន្លែងដែលឲ្យតម្លៃ និងផ្តោតសំខាន់ទៅលើសុខុមាលភាពរបស់ពួកគេមិនថា ក្នុងវិស័យធនាគារឬវិស័យផ្សេងទៀតឡើយ។ ហេតុនេះ ពួកយើងនឹងបន្តខិតខំបង្កើនគុណភាព និងកែលម្អផលិតផល ព្រមជាមួយនឹងសេវាកម្មទាំងឡាយដែលពួកយើងមានសម្រាប់អតិថិជនទាំងអស់»។ នេះបើតាមប្រសាសន៍របស់លោក Shinទាក់ទងទៅនឹងគំរូអាជីវកម្មគិតពី “អតិថិជនជាស្នូល” របស់ PPCBank ។
ទន្ទឹមនឹងនេះផងដែរ មានព័ត៌មានល្អសម្រាប់អតិថិជនដែលចាប់អារម្មណ៍ទៅមើលសាខាកែលម្អថ្មីរបស់ធនាគារ PPCBank។ ពួកគេអាចរីករាយជាមួយភេសជ្ជៈដែលបញ្ចុះតម្លៃ ៥០% នៅឯហាងកាហ្វេ Social Coffee រហូតដល់ដំណាច់ឆ្នាំនេះ! ចាត់ទុកវាជាកាដូពិសេសដើម្បីថ្លែងអំណរគុណដល់អតិថិជនពីធនាគារ PPCBankសម្រាប់រដូវកាលបុណ្យផ្សេងៗ នាបំណាច់ឆ្នាំនេះ។
គួរបញ្ជាក់ថា ហាងកាហ្វេនេះ បានដំណើរការអស់រយៈពេល ៦ខែមកហើយ នៅសាខាបឹងត្របែក ដែលបានបង្ហាញពីភាពជាដៃគូមួយ ដែលអាចសម្រេចទៅបាន និងមាននិរន្តរភាព ហើយនៅសាខាមួយទៀតរបស់ធនាគារ PPCBank ផ្សារអូរឫស្សី ក៏ទើបតែបើកដំណើរការហាងកាហ្វេ “Social Coffee” កាលពីសបា្ដហ៍មុននេះផងដែរ។ វាមិនត្រឹមតែធ្វើឲ្យអតិថិជនចាស់ពេញចិត្តប៉ុណ្ណោះទេ តែក៏ទាក់ទាញអតិថិជនថ្មីអោយចាប់អារម្មណ៍ទីតាំងធនាគារដ៏ទំនើបមួយនេះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments