Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន ៖ កម្ពុជា​-​ឡាវ គួរតែ​បញ្ចប់​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បាន​ឆាប់​នៅក្នុង​ដំណាក់កាល​នេះ



ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​និង​លោក​ថង​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ​នៅ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៨​នេះ​ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​មួយ​បន្ទាប់ពី​ជំនួប​ទ្វេភាគី​អស់​រយៈពេល​ជាង​១​ម៉ោង​។ ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​លើកឡើង​ថា ​ប្រទេស​ទាំងពីរ​គួរ​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​នៅក្នុង​ដំណាក់កាល​យើង​ឲ្យ​បាន​ឆាប់​។

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា ​ដែល​មាន​រយៈពេល​ប្រមាណ​ជាង ២០ នាទី​នា​ព្រឹក​ថ្ងៃទី​៥ ខែ ធ្នូ នេះ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​បាន​ពិភាក្សាគ្នា​ដោយបាន​ផ្ដោតទៅលើ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ដែល​រួមមាន​ទាំង​បញ្ហា​ព្រំដែន បញ្ហា​អប់រំ វប្បធម៌ សិល្បៈ ទេសចរណ៍ និង បញ្ហា​ដោះដូរ​អ្នកទោស រវាង​ប្រទេស​ទាំងពីរ​។ ភាគី​ទាំងពីរ​បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការបន្ត​ពង្រឹង​នូវ​ទំនាក់ទំនង​មិត្តភាព​ជួយ​គ្នា​ទៅវិញទៅមក​ជា​ប្រពៃណី​និង​កិច្ចសហប្រតិបត្តិការ​ល្អ​ដែលមាន​ជា​យូរណាស់​មកហើយ​រវាង​ប្រទេស​ជិត​ខាង​គ្នា​ទាំងពីរ​នេះ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ហើយ​ឈរលើ​មូលដ្ឋាន​គោរព​អធិបតេយ្យភាព​និង​ស្មើភាព និង​គោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​។

នៅក្នុង​សន្និសីទ​នោះ​លោកនាយក​រដ្ឋមន្ដ្រី​ឡាវ​បាន​អះអាង​ថា ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​គោលការណ៍​៣​ចំណុច​លើ​បញ្ហា​ព្រំដែន​នៅ​តំបន់​អូ​តា​ង៉ាវ​និង​អូ​អាឡៃ ដែល​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​កន្លងមក​គឺ​ទី​១.​មិន​ឲ្យ​មាន​វត្តមាន​កងកម្លាំង​ទ័ព​នៃ​ប្រទេស​ទាំងពីរ​ឈរជើង​,​ទី​២.​មិន​ឲ្យ​ប្រជាជន​ទៅ​ធ្វើ​អាជីវកម្ម ​ឬ ​ប្រកប​របរ​នៅ​ចំណុច​នោះ និង​ទី​៣.​នៅពេល​ត្រួតពិនិត្យ​ត្រូវតែ​ធ្វើ​រួមគ្នា​ទាំង​លើក​គោក ផ្លូវទឹក និង​ផ្លូវអាកាស​។

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​ក៏បាន​អះអាង​ផងដែរ​ថា ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃស្អែក​ភាគី​ទាំងពីរ​កម្ពុជា​-​ឡាវ​នឹង​ពិភាក្សា​គ្នា​លើ​បញ្ហា​ព្រំដែន​ដើម្បី​ពង្រាង​ឯកសារ​ផ្ញើ​ទៅកាន់​ភាគី​បារាំង​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​ពោល​ការងារ​នេះ​ទុក​ឲ្យ​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ​ជា​អ្នកអនុវត្ត​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់​អំពី​ជំនួប​ពិភាក្សា​នៅ​ព្រឹក​មិញ​នេះ​ថា នេះ​មិនមែន​ជា​ការ​ចាប់ផ្ដើម​ក្នុង​ទំនាក់ទំនង​របស់​យើង​ទេ​យើង​គឺជា​ដំណាក់កាល​នៃ​យើង​ត្រូវ​ពង្រឹង​និង​ពង្រីក​បន្ត​ទៀត​នូវ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា​ ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​គួរតែ​ត្រូវ​បាន​សប្បាយ​រីករាយ​អម្បាញ់មិញ​មានការ​ចុះហត្ថលេខា​ទិញ​អគ្គិសនី​ពី​ឡាវ​ទៅ​ផ្គត់ផ្គង់​នៅ​កម្ពុជា​អាច​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​អគ្គិសនី ដែល​ទិញ​ពី​ឡាវ​ទៅ​ផ្គត់ផ្គង់​នៅ​កម្ពុជា​។ ក្រៅពី​ការ​តភ្ជាប់​អគ្គិសនី​យើង​បាន​ឯកភាពគ្នា លើ​ការ​តភ្ជាប់​ស្ពាន​ឆ្លងកាត់​ទន្លេ ភ្ជាប់​ពី​ខេត្តព្រះវិហារ និង​ខេត្ត​ចំប៉ា​ស័ក្តិ ដែល​ផ្តល់​ឱកាស​ឲ្យ​ប្រជាជន​ទាំងសងខាង​ងាយស្រួល​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​គ្នា​។

ក្នុង​ឱកាស​នោះ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​លោក ថង​លូន ស៊ី​សូលី​ត នាយក​រដ្ឋមន្ដ្រី​ឡាវ​ដែល​បាន​ទទួល​បដិសណ្ឋារកិច្ច​សម្ដេច​និង​គណៈប្រតិភូ​កម្ពុជា ប្រកបដោយ​ភាពកក់ក្ដៅ​ជាទីបំផុត​ហើយ​សម្ដេច​សង្ឃឹមថា​ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ធ្វើ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​បន្ថែមទៀត​។



ទាក់ទង​បញ្ហា​ព្រំដែន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឯកភាព​ជាមួយ​ការ​លើកឡើង​របស់​សម​ភាគី​នាយករដ្ឋមន្ត្រី​ឡាវ​ពាក់ព័ន្ធ​តំបន់​អូរ​អាឡៃ និង អូរ​តា​ង៉ាវ។ ​សម្ដេច​តេ​ជោ ​នាយក​រដ្ឋមន្ដ្រី​ក៏បាន​បញ្ជាក់​ថា ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ទាំង​ពីរ​ត្រូវ​រៀបចំ​បែបបទ​បច្ចេកទេស​យ៉ាងណា​ឲ្យ​ភាគី​បារាំង​ផ្ទេរ​ផែនទី​ពី​ប៉ោ​ន​ខ្នាត 1/100,000 មក​ផែនទី UTM ខ្នាត 1/50,000 ដែល​ជា​ចំណុច​ត្រូវធ្វើ​មុនគេ​ហើយ​ចំណុច​ទី​២.​បន្ដ​ស្នើសុំ​ទៅ​បារាំង​ផ្ដល់​ឯកសារ​នានា​ដែល​ទាក់ទង​ជាមួយ បញ្ហា​ព្រំដែន​កម្ពុជា​-​ឡាវ ជាពិសេស​តំបន់​ដែល​មិនទាន់​ដោះស្រាយ​គ្នា​ដាច់ស្រេច​ប្រមាណ ១៦​ភាគរយ​ទៀត​។

នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​ទាំងពីរ​ក៏​អំពាវនាវ​ដល់​ប្រធានាធិបតី​បារាំង​ក៏ដូចជា​រដ្ឋាភិបាល​បារាំង​ជួយ​បញ្ជូន​ឯកសារ​ណា​ដែល​ផ្ដល់​នូវ​ផលប្រយោជន៍​លើ​ការ​ដោះស្រាយ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​លើ​បញ្ហា​ព្រំដែន​នេះ​។ ទោះជា​យ៉ាងណា​សម្ដេច​តេ​ជោ ហ៊ុន សែន និង​នាយក​រដ្ឋមន្ដ្រី​ឡាវ​ក៏បាន​ធ្វើការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​នៅក្នុង​ដំណាក់កាល​របស់​យើង​នេះ​ឲ្យ​បាន​ឆាប់​។

ជា​មួយ​គ្នា​នេះ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ក៏បាន​ប្រគល់​ភារកិច្ច​ជូន​ទៅ​រដ្ឋ​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្លាស់​ប្តូរ​អ្នកទោស​គ្នា​ទៅវិញទៅមក​ផងដែរ​។

សូម​ជម្រាប​ថា ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រ​ទស​ឡាវ រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៥-០៦ ខែធ្នូ ឆ្នាំ​២០១៨​។ ការ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នេះ​ធ្វើឡើង​តប​តាម​ការ​អញ្ជើញ​របស់​លោក ថង​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ​។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​នា​ពេល​កន្លងទៅ បាន​ឲ្យ​ដឹង​ថា ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ចូល​ជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា ជាមួយ​លោក ប៊ុន​ញ៉ាំង វរ​ជី​ត (Bounnhang Vorachith) ប្រធាន​រដ្ឋ​ឡាវ និង​លោកស្រី ប៉ានី យ៉ា​ថ​ទូ (Pany Yathotou) ប្រធានរដ្ឋសភាជាតិ​ឡាវ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu