ភ្នំពេញ ៖ បុរសម្នាក់ ដែលឪពុកក្មេកអះអាងថា ជាយោធា បានយកកាំភ្លើងមកបាញ់ចូលផ្ទះប្រពន្ធទាំងកណ្ដាលអធ្រាត្រ ព្រោះតែខឹងសុំផ្សះផ្សាមិនបាន។
ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងនៅពាក់កណ្ដាលអធ្រាត្រ ឈានចូលថ្ងៃទី៥ធ្នូ នៅចំណុចផ្ទះលេខ៧៦ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមពាក្យបណ្ដឹងរបស់ លោក វ៉ែន លីន អាយុ៤៩ឆ្នាំ ដែលត្រូវជាឪពុកក្មេកជនដៃដល់ បានឲ្យដឹងថា អ្នកដែលបានបាញ់ចូលក្នុងផ្ទះរបស់លោកនេះ គឺជាកូនប្រសា ឈ្មោះ មឿន តុលា អាយុ២៩ឆ្នាំ មុខរបរជាយោធា។
មឿន តុលា នេះ បានចុះចេញពីផ្ទះ ដោយលែងលះជាមួយកូនស្រីរបស់ លោក តាំងពីកូនរបស់គាត់សម្រាលកូនបាន៧ថ្ងៃមកម្ល៉េះ ហើយក៏បានមកផ្តិតមេដៃលែងលះនៅត្រឹមសាលាសង្កាត់ច្បារអំពៅទី២ ដែលមកដល់ថ្ងៃនេះអស់រយៈពេលជាង២ឆ្នាំមកហើយ។
លោក វ៉ែន លីន បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ក្នុងអំឡុងពេល២ខែកន្លងទៅ ជននេះធ្លាប់បានមកសុំត្រូវរ៉ូវជាមួយកូនស្រីរបស់លោកវិញ ប៉ុន្តែកូនស្រីរបស់លោកមិនព្រម ព្រោះតែប្តីរូបនេះចិត្តសាហាវ និងតែងបង្ករឿងក្នុងគ្រួសារដែលមិនអាចទ្រាំបាន។
ដោយសារមិនបានសមដូចបំណង គឺ មឿន តុលា តែងបង្ករឿងដល់មុខផ្ទះឥតឈប់ឈរ រហូតដល់យប់កណ្ដាលអធ្រាត្រ ឈានចូលថ្ងៃទី៥ធ្នូនេះ ស្រាប់តែ មឿន តុលា យកកាំភ្លើងខ្លីបាញ់ចូលក្នុងផ្ទះដែលប្រពន្ធ កូន និងឪពុកក្មេក កំពុងដេកចំនួន៤គ្រាប់ ត្រូវចំសម្ភារៈក្នុងផ្ទះ ប៉ុន្តែសំណាងណាស់មិនត្រូវអ្នកស្នាក់នៅក្នុងផ្ទះ។
លោក វ៉ែន លីន សុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ដល់គ្រួសារលោកផង បើពុំដូច្នេះទេ នៅថ្ងៃណាមួយជននេះនឹងមកបាញ់សម្លាប់គ្រួសារលោកជាក់ជាមិនខាន។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីផ្ទុះអាវុធនេះ គឺសមត្ថកិច្ចពុំបានដឹងឡើយ។ លុះព្រឹកឡើង ទើបឃើញឪពុកក្មេកជនដៃដល់មកដាក់ពាក្យបណ្ដឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ដោយកាន់ទាំងសំបកគ្រាប់ និងក្បាលគ្រាប់យកមកជាមួយទៀតផង៕
Source: Kampuchea Thmey Daily
0 Comments