បាត់ដំបង ៖ រថយន្តមួយគ្រឿង បានបង្កភាពចលាចលទាំងកណ្តាលអធ្រាត្រ ខណៈដែលអ្នកបើកបរបានជាន់ក្នុងល្បឿនយ៉ាងលឿន ហើយទំនងជាបាត់បង់ភាពម្ចាស់ការ ក៏បានរេចង្កូតទៅព្រលះជាមួយនឹងសត្វដំរីថ្ម ដែលកំពុងឈរនៅមាត់ក្លោងទ្វារវត្ត ទាំងមិនដឹងខ្យល់អី ទីបំផុតរថយន្តក៏ត្រូវក្រឡាប់ដេកស្តូកស្តឹង។
ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខវត្តដំរីស ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បង្កឡើងដោយរថយន្ត ១ គ្រឿង ម៉ាកវីហ្គូ (VIGO) ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2H-5855 បើកបរដោយឈ្មោះ ជា អរ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង។
បើតាមប្រភពមួយចំនួនបាននិយាយថា នៅមុនពេលកើតហេតុ គេសង្កេតឃើញរថយន្តខាងលើបានបើកបរយ៉ាងលឿន ក្នុងទិសដៅ ពីជើងទៅត្បូង តាមបណ្តោយផ្លូវលេខ ៣ លុះដល់ត្រង់ចំណុចខាងមុខបន្ទាយកងរាជអាវុធហត្ថខេត្ត ក៏បានរេចង្កូតទៅឆ្វេង បុកនឹងសត្វដំរីថ្ម ដែលឈរនៅខាងមុខវត្តដំរីស បណ្តាលឲ្យបាក់ធ្លាក់ដល់ដី រីឯអ្នកបើកបរក៏រងរបួសដែរ បន្ទាប់ពីរថយន្តបានក្រឡាប់ដេកនៅលើទ្រូងផ្លូវ ដោយបញ្ហានេះ គេមិនទាន់ដឹងថា តើបណ្តាលមកពីការគេចអ្វីមួយ ឬក៏អ្នកបើកបរមានជាតិសុរានោះឡើយ។ បច្ចុប្បន្នរថយន្តខាងលើត្រូវបានកម្លាំង ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក យកទៅរក្សាទុកជាបណ្តោះ៕
Source: Kampuchea Thmey Daily
0 Comments