Ad Code

ពួក​ឧទ្ទាម​ខេត្ត​ប៉ា​ពួ ​បដិសេធ​ការ​អំពាវនាវ​របស់​ឥណ្ឌូនេស៊ី​អោយ​ខ្លួន​ចុះចាញ់​ ក្រោយ​ការ​សម្លាប់​រង្គាល



ពួក​ឧទ្ទាម​បំបែក​ខ្លួន​ខេត្ត​ប៉ា​ពួ​ដែល​បានសម្លាប់​កម្មករសំណង់​យ៉ាងតិច​១៦​នាក់​នៅ​ជំរំ​ព្រៃ​ដាច់​ស្រ​យាល​បាន​បដិសេធ​ការទាមទារ​របស់​ឥណ្ឌូនេស៊ី​អោយ​ពួកគេ​ចុះចាញ់​កាលពី​ថ្ងៃ​ពុធ​ ខណៈ​មានការ​អះអាងថា​ពួក​យោធា​បាន​សម្លាប់​ប្រជាជន​ស៊ីវិល​បន្ទាប់ពី​ការសម្លាប់​រង្គាល​នោះ។

ការសម្លាប់​នៅ​ជំរំ​ការងារ​កាលពី​សប្ដាហ៍​មុន​បានកត់សម្គាល់​ពី​ការកើនឡើង​ភាព​តានតឹង​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​មកនេះ​នៃ​ការប្រយុទ្ធ​គ្នា​ម្តងម្កាល​រវាង​កងកម្លាំង​ទ័ពព្រៃ​និង​និង​កងទ័ព​ឥណ្ឌូនេស៊ី​ដែល​ត្រូវបាន​គេ​ចោទប្រកាន់​ជា​យូរ​មកហើយ​អំពី​ការរំលោភបំពាន​សិទ្ធិមនុស្ស​។​

ក្រុម​ឧទ្ទាម​បាន​និយាយថា ពួកគេ​នឹង​បន្ត​ការបះបោរ​របស់​ពួកគេ​និង​ប្រយុទ្ធ​ដើម្បី​ឯករាជ្យ​ខេត្ត​ប៉ា​ពួ​ដែលមាន​ព្រំប្រទល់​ជាប់​ប្រជាជាតិ​កោះ​ប៉ា​ពួ​ញូ​ហ្គី​ណេ​ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី​។​

អ្នកនាំពាក្យ​ក្រុម​ឧទ្ទាម​លោក Sebby Sambom បាន​ប្រាប់ AFP កាលពី​ថ្ងៃ​ពុធ​ថា “​ប្រទេស​ឥណ្ឌូនេស៊ី​មក​ខេត្ត​ប៉ា​ពួ​ក្នុងនាម​ជា​ចោរ​។ តើ​អ្នក​គិតថា វា​ជាការ​ត្រឹមត្រូវ​ទេ​សម្រាប់​ម្ចាស់ផ្ទះ​ដែល​ចុះចាញ់​ចោរ​? ”​។​

អតីត​អាណានិគម​ហូ​ឡង់​មួយ​នេះ​បានប្រកាស​ឯករាជ្យ​នៅ​ឆ្នាំ​១៩៦១​ប៉ុន្តែ​អ្នកជិតខាង​ឥណ្ឌូនេស៊ី​បាន​កាន់កាប់​តំបន់​នេះ​នៅ​ពីរ​ឆ្នាំ​ក្រោយមក​ដោយសារ​តែមាន​ការធ្វើប្រជាមតិ​ឯករាជ្យ​។​

រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា​បាន​កាត់​យក​ខេត្ត​ប៉ា​ពួ​ដែល​សម្បូរ​ទៅដោយ​ធនធាន​រ៉ែ​ក្នុង​ឆ្នាំ​១៩៦៩​ជាមួយនឹង​ការបោះឆ្នោត​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​ដែល​ត្រូវបាន​គេ​មើលឃើញ​ជាទូទៅ​ថា​ជាការ​ក្លែងបន្លំ​មួយ​។​

ការបដិសេធ​របស់​ក្រុម​ឧទ្ទាម​សម្រាប់​ការចុះចាញ់​នេះ​បានកើត​ឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​សន្តិសុខ​ឥណ្ឌូនេស៊ី​លោក Wiranto បាន​បដិសេធ​ការចរចារ​ជាមួយ​រណសិរ្ស​រំដោះជាតិ​ប៉ា​ពួ​ខាងលិច (TPNPB) ។​

រណសិរ្ស​នេះ​គឺជា​ក្រុម​ប្រដាប់អាវុធ​នៃ​ចលនា​ឯករាជ្យ​មួយ​ដែល​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការសម្លាប់​រង្គាល​នៅក្នុង​ជំរំ​ព្រៃ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu