ភ្នំពេញ ៖ ក្រុមគ្រួសារ លោក ឆែ ឈឺន មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតស្រុកបាភ្នំ ខេត្តព្រៃវែងបានថ្លែងអំណរគុណដល់សប្បុរសជននៅខណ្ឌច្បារអំពៅ ដែលបានផ្តល់ថវិកាជួយដល់គ្រួសាររបស់លោក សម្រាប់យកទៅទិញឈាមយកមកបញ្ចូលក្នុងពេលដែលអ្នកជំងឺកំពុងសម្រាកក្នុងមន្ទីរពេទ្យ។
ភរិយា លោក ឆែ ឈឺន បានប្រាប់កម្ពុជាថ្មីឲ្យដឹងនៅព្រឹកថ្ងៃទី៧ធ្នូនេះថា ប្តីរបស់លោកស្រី បានជាសះស្បើយខ្លះហើយ បន្ទាប់ពីបានសម្រាកព្យាបាលដោយយកចិត្តទុកដាក់ពីគ្រូពេទ្យជំនាញ ក្នុងមន្ទីរពេទ្យសម្ដេចឪ។ ហើយនៅពេលដែលប្តីអ្នកស្រីកំពុងធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យហើយកំពុងមានការខ្វះខាតផង ក៏ស្រាប់តែមានបងប្អូនជាសប្បុរសជននៅច្បារអំពៅបានផ្តល់ថវិកាជាបន្តបន្ទាប់ ជួយដល់គ្រួសារនាងខ្ញុំ ទុកសម្រាប់ទិញថ្នាំទិញឈាមយកមកបញ្ចូលមុនពេលវះកាត់ ឥឡូវបានធូរស្រាល និងបានអង្គុយហូបបាយខ្លួនឯងបានថែមទៀត។
គ្រួសារ លោក ឆែ ឈឺន បានថ្លែងអំណរគុណដល់សប្បុរសជននៅច្បារអំពៅ ដែលបានជួយជាថវិកាដល់ លោក ឆែ ឈឺន បានយកមកទិញថ្នាំក្នុងការព្យាបាលជំងឺរហូតបានជាសះស្បើយ។ នេះជាគុណដ៏ធំដែលគ្រួសារលោក ឆែ ឈឺន ចងចាំជានិច្ចមិនអាចបំភ្លេចគុណសប្បុរសជននៅច្បារអំពៅបានឡើយ។ ពិតជាខ្មែរជួយខ្មែរមែន៕
Source: Kampuchea Thmey Daily
0 Comments