សៀមរាប ៖ ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីលទ្ធផល នៃកម្មវិធីអន្តរជាតិរង្វាយតម្លៃការសិក្សារបស់សិស្សសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ដែលបានរៀបចំឡើងនៅសណ្ឋាគារខេរាអង្គរខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា មានប្រសាសន៍ថា ៖ កម្ពុជាបានចូលរួមក្នុងកម្មវិធីអន្តរជាតិរង្វាយតម្លៃការសិក្សារបស់សិស្សសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ហៅកាត់ថាPISA-D ក្នុងឆ្នាំ២០១៦ ដែលជាគម្រោងតែមួយគត់ផ្ដួចផ្ដើមបង្កើតឡើងដោយអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ ហៅកាត់ថាOECD និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត ក្នុងបំណងធ្វើតេស្តរង្វាយតម្លៃការសិក្សារបស់សិស្សសម្រាប់ប្រទេសចំណូលទាប និងមធ្យម ដែលគម្រោងនេះ រួមចំណែកក្នុងការពិនិត្យ តាមដានគោលដៅអប់រំជាសកលទាក់ទងទៅនឹងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព លោករដ្ឋមន្ត្រីបន្តថា លទ្ធផលPISA-D បានបង្ហាញពីសិស្សអាយុ១៥ឆ្នាំ នៅកម្ពុជា មានសមត្ថភាពខ្ពស់ជាងសិស្សអាយុ១៥ឆ្នាំ នៅប្រទេសសេណេហ្គាល់ និងសំប៊ី លើគ្រប់មុខវិជ្ជា និងមានសមត្ថភាពលើមុខវិជ្ជាគណិតវិទ្យាប្រហាក់ប្រហែលនឹងសិស្សក្នុងបណ្តាប្រទេសចូលរួមក្នុងកម្មវិធីអន្តរជាតិរង្វាយតម្លៃការសិក្សារបស់សិស្សសម្រាប់ប្រទេសកំពុងអភិវឌ្ឍ។
ប៉ុន្តែចំពោះអំណាន និងវិទ្យាសាស្ត្រវិញ សិស្សកម្ពុជា ជាមធ្យមមានសមត្ថភាពទាបជាងសិស្សនៅបណ្តាប្រទេសជាសមាជិក PISA-D និងប្រទេសសមាជិកអាស៊ាន មានវៀតណាម ថៃ ឥណ្ឌូណេស៊ី និងសិង្ហបុរី។
លោក ហង់ ជួនណារ៉ុន ថ្លែងបន្តថា ការអនុវត្តគោលនយោបាយឃុំមួយ សាលារៀនមួយជាផ្លែផ្កាលេចចេញនូវលទ្ធផលផ្តល់លទ្ធភាពដល់សិស្សភាគច្រើនមិនចោទជាបញ្ហាទៅនឹងចម្ងាយសាលារៀនទេ។
សិស្សកម្ពុជា មានវិន័យល្អក្នុងថ្នាក់រៀន ស្តាប់គ្រូ មិនឡូឡាប្រសើរជាងសិស្សជាសមាជិក PISA-DនិងOECD ជាពិសេសពួកគេភាគច្រើនបង្ហាញពីទស្សនៈវិជ្ជមានចំពោះគ្រូបង្រៀន។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន មានប្រសាសន៍ទៀតថា យ៉ាងណាក៏ដោយ ការវិភាគបានបង្ហាញថា កម្ពុជា មានបញ្ហាប្រឈមមួយចំនួនក្នុងវិស័យអប់រំដែលត្រូវការវិធានការបន្ទាន់ ដើម្បីពង្រឹងគុណភាពអប់រំ ដូចជាសិស្សរៀនត្រួតថ្នាក់ សិស្សចូលរៀនយឺត រៀនក្រោមកម្រិតថ្នាក់ដែលខ្លួនត្រូវរៀន បើធៀបនឹងអាយុ ការបាត់ម៉ោងសិក្សា ដោយសារគ្រូ និងសិស្សមកយឺត។ ការមកយឺតរបស់គ្រូឆ្លុះបញ្ចាំងពីការគ្រប់គ្រងតាមសាលារៀននៅកម្ពុជា ដែលជាកត្តាឲ្យសិស្សមករៀនយឺត និងកត្តាប៉ះពាល់ដល់គុណភាពបង្រៀន និងការសិក្សារបស់សិស្ស។ ចំនួនម៉ោងសិក្សានៅកម្ពុជាពីបឋមដល់អនុវិទ្យាល័យ ប្រហាក់ប្រហែលនឹងបណ្ដាប្រទេសទទួលពិន្ទុខ្ពស់លើរង្វាយតម្លៃPISA ដូចជាកូរ៉េខាងត្បូង ចិនម៉ាកាវ ជប៉ុន សិង្ហបុរី ម៉ោងសិក្សានេះ មិនមែនជាបញ្ហាធ្វើឲ្យសិស្សនៅកម្ពុជារៀនខ្សោយនោះទេ។ ផ្ទុយមកវិញ ការបាត់ម៉ោង និងគុណភាពបង្រៀនទើបជាបញ្ហាចម្បង។
ជាមួយគ្នានោះ ទិន្នន័យPISA-D ក៏បានបង្ហាញថា នៅកម្ពុជា ការចូលរួមរបស់មាតាបិតាសិស្ស និងសហគមន៍ក្នុងដំណើរការអប់រំនៅសាលារៀនមានកម្រិតទាបនៅឡើយ ជាពិសេសការប្រជុំរវាងគ្រូបង្រៀន និងមាតាបិតាសិស្ស និងការតាមដានការសិក្សារបស់សិស្ស។ មានសិស្សប្រមាណតែ៤២%ប៉ុណ្ណោះ ដែលនិយាយថា ឪពុកម្ដាយរបស់ពួកគេសាកសួរ ឬពិភាក្សាអំពីដំណើរការសិក្សាប្រចាំថ្ងៃរបស់ពួកគេ។
លទ្ធផលនេះបញ្ជាក់ថា សាលារៀនជាអ្នកទទួលបន្ទុកស្ទើរតែទាំងស្រុងក្នុងការអប់រំនៅកម្ពុជា ដែលការអនុវត្តបែបនេះហាក់ដូចជា ធ្វើឲ្យសាលារៀនកាន់តែឃ្លាតឆ្ងាយពីសហគមន៍។
ក្នុងសិក្ខាសាលានោះ ក្រសួងអប់រំយុវជន និងកីឡា ក៏បានពីបង្ហាញពីលទ្ធផល និងចំណុចសំខាន់ៗប្រឈម និងអន្តរាគមន៍មួយចំនួន ដើម្បីកំណត់យុទ្ធសាស្ត្រលើកកម្ពស់អប់រំ និងដើម្បីធានាបាននូវការត្រៀមខ្លួនរបស់កម្ពុជាក្នុងការចូលរួមអនុវត្តកម្មវិធីPISA ឆ្នាំ២០២១ ឲ្យទទួលបានលទ្ធផលប្រសើរឡើងដែលអាចឆ្លើយតបបានទៅនឹងនិន្នាការអប់រំសកល។
សូមបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡា សហការជាមួយអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ បានរៀបចំសិក្ខាសាលានេះឡើង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូជាតិ និងអន្តរជាតិអង្គការដៃគូអភិវឌ្ឍន៍ ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុបចំនួន១០៧នាក់។
សិក្ខាសាលានេះ ពិភាក្សាផ្ដោតសំខាន់ទៅលើលទ្ធផល នៃកម្មវិធីPISA-D ដែលបានមកពីការវាយតម្លៃក្នុងក្របខ័ណ្ឌអន្តរជាតិ លើសមត្ថភាព អំណាន គណិតវិទ្យា និងវិទ្យាសាស្ត្ររបស់សិស្សកម្ពុជាអាយុ១៥ឆ្នាំ ហើយលទ្ធផលនេះ នឹងយកទៅប្រើប្រាស់ជាមូលដ្ឋាន ដើម្បីកែលំអគោលនយោបាយអប់រំយុទ្ធសាស្ត្រអប់រំ កម្មវិធីសិក្សា ព្រមទាំងគុណភាពបង្រៀន និងរៀនផងដែរ៕
Source: Kampuchea Thmey Daily
0 Comments