ភ្នំពេញ ៖ តំណាងចលនារណសិរ្សរំដោះជាតិខ្មែររបស់ លោក សម សេរី កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ បានយកសំណើសុំបង្កើត “គណបក្សរំដោះជាតិខ្មែរ” ទៅដាក់ជូនក្រសួងមហាផ្ទៃ ប៉ុន្តែសំណើនោះត្រូវបានបដិសេធ ដោយសារតែមិនមានឯកសារគ្រប់គ្រាន់ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យ។
លោក ធុយ វី ដែលជាអ្នកនាំពាក្យគណបក្សរំដោះជាតិខ្មែរបានថ្លែងប្រាប់កម្ពុជាថ្មី កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ថា លោកបានយកពាក្យសុំបង្កើត “គណបក្សរំដោះជាតិខ្មែរ” ទៅដាក់ជូនក្រសួងមហាផ្ទៃ នៅវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ តែដោយសារជាថ្ងៃកំណើតចលនារណសិរ្សរំដោះជាតិខ្មែរ បានធ្វើឲ្យខ្វះឯកសារគតិយុត្តិមួយចំនួន ដូច្នេះ លោក លើកពេលចុះបញ្ជីការនេះទៅពេលក្រោយ។
តាម លោក ធុយ វី មូលហេតុដែលចង់បង្កើត “គណបក្សរំដោះជាតិខ្មែរ” នេះ ទី១, ចង់ស្រាយវិបត្តិនយោបាយនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ទី២, មិនចង់ឲ្យមានការគាបសង្កត់ពីបរទេស ហើយចង់ឲ្យប្រទេសជាតិមានការរីកចម្រើនដូចបណ្ដាប្រទេសលើពិភពលោក។
សូមបញ្ជាក់ថា ចលនារណសិរ្សរំដោះជាតិខ្មែរ ធ្លាប់បានធ្វើសកម្មភាពបាចខិត្តប័ណ្ណជាញឹកញាប់នៅតាមបណ្ដារាជធានី ខេត្ត ជាច្រើនទូទាំងប្រទេស ដោយអំពាវនាវឲ្យពលរដ្ឋខ្មែរ ក្រោកឡើងប្រឆាំងរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេច ហ៊ុន សែន ហើយក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ព្រះសង្ឃ ប្រជាកសិករ សិស្ស និស្សិត ក្រោកឡើងប្រឆាំងរបបគ្រប់គ្រងរបស់ សម្ដេចតេជោ ហ៊ុន សែន និងរំដោះជាតិខ្មែរចេញពីការគ្រប់គ្រងមួយ ដែលគេអះអាងថា ជាការឈ្លានពានរបស់វៀតណាម ហើយពួកគេក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ផងដែរ។
ពួកគេធ្វើសកម្មភាពក្នុងអង្គការចាត់តាំងក្រៅច្បាប់មួយ ដែលមានឈ្មោះថា រណសិរ្សរំដោះជាតិខ្មែរ ដែលមានឈ្មោះ សម សេរី ហៅ ស សេរី ជាមេដឹកនាំ៕
Source: Kampuchea Thmey Daily
0 Comments