ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា បញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយក្រុមការងារ បានឆ្លៀតឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋមូលដ្ឋាន ជួបការលំបាកចំនួន១៦គ្រួសារ ក្នុងនោះមាន១៥គ្រួសារ ជាចាស់ជរាទុរគតនិងពលរដ្ឋទីទាល់ក្រជួបការលំបាក នៅព្រឹកថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍មេបញ្ជាការ តែងតែជួយឧបត្ថម្ភជីវភាពមានអង្ករគ្រប់តាមតម្រូវការនិងថវិកា១០ទៅ៣០ម៉ឺនរៀល ក្នុងមួយគ្រួសារ តាមស្ថានភាពជាក់ស្តែង ជារៀងរាល់ខែរហូតមក និង១គ្រួសារទៀត គឺលោកស្រី សាន់ សៀម ជាប្រធានភូមិព្រែករទាំង ដែលរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលធ្វើដំណើរបំពេញការងារ បណ្តាលឲ្យភ្លាត់សន្លាក់ឆ្អឹងស្មា និងបាក់ឆ្អឹងដៃ លោកបាននាំយកថវិកា៥០ម៉ឺនរៀលទឹកសុទ្ធ០២កេស មី០២កេស ទឹកក្រូច០១កេស ជូនជាអំណោយសួរសុខទុក្ខនិងធានាចេញថ្លៃ ព្យាបាលជូនទាំងស្រុង។
វត្តមានរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នៅក្នុងមូលដ្ឋានផ្ទាល់ បានបង្កើតនូវបរិយាកាសរំភើបត្រេកអរ រហូតមានអ្នកហូរទឹកភ្នែកចុះមក ដោយមិនដឹងខ្លួន រួមនឹងទឹកមុខញញឹមញញែមប្រកបដោយការសប្បាយចិត្តនិងក្តីនឹករលឹក។
ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ក៏បាននាំយកនំប៉័ង៤០០ដើម ការ៉េម៩០០ដើម សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងប្អូនៗសិស្សានុសិស្ស កុមារតូចៗតាមផ្ទះ ដូចទម្លាប់ដែលលោកធ្លាប់បានធ្វើជាប់រហូតមក ដើម្បីបានចូលរួមបរិភោគជួបជុំគ្នា បង្កើតបានជាបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕
Source: Kampuchea Thmey Daily
0 Comments