Ad Code

ក្រសួង​អប់រំ​យុវជន​និង​កីឡា ចុះ​ដោះស្រាយ​បញ្ហា​លើ​ទីលាន​កីឡដ្ឋាន​ខេត្តកំពង់ឆ្នាំង​ក្រោយ​រដ្ឋបាល​ខេត្ត​ផ្អាក​មិន​ឲ្យ​មាន​សកម្មភាព



​ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​បង្កើន​គណៈ​កម្ម​ការ ដើម្បី​ចុះ​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​ទីលាន​នៃ​កីឡដ្ឋាន​បាល់ទាត់​ខេត្តកំពង់ឆ្នាំង​ហើយ ដោយ​លោក​បណ្ឌិតសភា​ចារ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​លិខិត​ឧទ្ទេសនាម​បង្កើត​ក្រុម​គណៈកម្មការ​ជំនាញ​មួយ ដើម្បី​ចុះ​អន្តរាគមន៍​បញ្ហា​ទីលាន​ខាងលើ ដោយ​ចាត់តាំង​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ ធ្វើជា​ប្រធាន​អម​ដោយ​អនុប្រធាន និង​សមាជិក​ចំនួន ១១​រូប​ផ្សេងទៀត។



យោងតាម​លិខិត​ឧទ្ទេសនាម​របស់​លោក​រដ្ឋមន្ដ្រី​ខាងលើ លោក ស សុខា នឹង​ត្រូវ​ដឹកនាំ​គណៈកម្មការ​ដើម្បី​ចុះ​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​កីឡដ្ឋាន​បាល់ទាត់ នៅ​ខេត្តកំពង់ឆ្នាំង នា​ថ្ងៃទី​១៤-១៥ ខែធ្នូ ឆ្នាំ​២០១៨​ចុង​សប្ដាហ៍​នេះ បន្ទាប់ពី​រដ្ឋបាល​ខេត្ត បាន​ចេញ​សេចក្ដីប្រកាស​បញ្ឈប់​មិន​ឲ្យ​មានការ​ប្រកួត​បាល់ទាត់​ការ​ហ្វឹកហាត់ និង​ការ​លេងកម្សាន្ដ ដើម្បី​សុខភាព​ផ្សេងៗ នៅ​លើ​ទីលាន​នេះ កាលពី​ថ្ងៃទី​០៣ ខែធ្នូ​កន្លងទៅ​ដែល​កំពុង​ត្រូវ​បាន​មហាជន​ធ្វើការ​រិះគន់​នាពេល​បច្ចុប្បន្ន។



គួរ​បញ្ជាក់​ថា ​កីឡដ្ឋាន​បាល់ទាត់​ខេត្តកំពង់ឆ្នាំង ត្រូវ​បាន​រដ្ឋបាលខេត្ត ឯកភាព​ចេញ​សេចក្ដីប្រកាស​បញ្ឈប់​សកម្មភាព​ផ្សេងៗ ក្រោម​មូលហេតុ​ចម្បង ២​យ៉ាង ទី​១-​ដើម្បី​បង្ការ និង​បញ្ចៀស​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ និង​ទី​២-​ជៀសវាង​ការ​រំខាន​ដល់​អង្គភាព​នៅ​ជុំវិញ​កីឡដ្ឋាន ក្នុង​ការ​បំពេញភារកិច្ច​ប្រចាំថ្ងៃ​។



​ដូច្នេះហើយ​ទើប​ក្រសួង​អប់រំ យុវជន និង​កីឡា បង្កើត​ក្រុម​គណៈកម្មការ​ខាងលើ​ឡើង ដើម្បី​ចុះ​ត្រួតពិនិត្យ​និង​ដោះស្រាយ​។ ជា​លទ្ធផល​ក្រោយ​បាន​ប្រជុំ​ពិភាក្សា​រវាង​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​និង​តំណាង​ក្រសួង​អប់រំ​យុវជន​និង​កីឡា នៅ​ព្រឹក​ថ្ងៃ​សុក្រ សប្តាហ៍​នេះ បានសម្រេច​ចេញ​ជា​លទ្ធផល​២​ចំណុច ដោយ​ក្នុង​នោះ​ទី​១)​តារាង​មុខ​សាលាខេត្ត អនុញ្ញាត​ឲ្យ​ប្រើប្រាស់​តែ​កម្មវិធី​កីឡា​ថ្នាក់​ជាតិ ឬ​កម្មវិធី​ធំៗ តែប៉ុណ្ណោះ​។ ដោយឡែក ការហាត់​សម ឬ​លេង​ល្មមៗ ប្រើប្រាស់​ទីលាន​ផ្សេង​មួយទៀត​។ ទី​២)​តារាង​មុខ​សាលាខេត្ត រៀបចំ​ដាក់​សំណាញ់ ព័ទ្ធជុំវិញ កុំ​ឲ្យ​បាល់​ចេញ​ក្រៅ បង្ក​ជា​គ្រោះថ្នាក់​ផ្សេងៗ ដោយ​ យថាហេតុ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu