Ad Code

ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កំពុង​សម្លឹង​មើល​កីឡាករ​បរទេស​ឡើងវិញ​ក្រោយ​កីឡាករ​ចាស់ៗ​ចាកចេញ​អស់



ក្រុមបាល់ទាត់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (​ប៉ូលីស​) សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) កំពុងតែ​សម្លឹង​រកមើល​កីឡាករ​បរទេស​ដើម្បី​ចុះ​ក្នុង​បញ្ជី​របស់​ក្រុម​ខ្លួន​ត្រៀម​ប្រកួត​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៩​ខាងមុខ បន្ទាប់ពី​កីឡាករ​ចាស់ៗ​បាន​ចាក​ចេញពី​ក្រុម​អស់​ក្រោយ​ចប់​រដូវ​កាល​ឆ្នាំ​ចាស់​។

លោក សារ៉េត ស៊ីដន គ្រូបង្វឹក​របស់​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា «​តាម​គម្រោង​របស់​យើង ភាគច្រើន​កីឡាករ​បរទេស​ដែល​កំពុងតែ​សម្លឹង​មើល​នៅ​រដូវ​កាល​ថ្មី​ខាងមុខ គឺ​៨០​ភាគរយ​អាច​ជា​កីឡាករ​អាស៊ី​។ យើង​ផ្ដោត​សំខាន់​លើ​កីឡាករ​អាស៊ី ព្រោះ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​កីឡាករ​កម្ពុជា​យើង​ហាក់​ស៊ីជម្រៅ​ជាង​កីឡាករ​មកពី​អាហ្វ្រិក ឬ​អឺរ៉ុប​។ ដូច្នេះ ខ្ញុំ​គិតថា អាស៊ី មាន​ទម្លាប់​និង​និស្ស័យ​ហាក់​ប្រហាក់ប្រហែល​នឹង​យើង អ៊ីចឹង​ងាយស្រួល​ក្នុងការ​យល់ចិត្ត​»​។



ក្នុងចំណោម​កីឡាករ​បរទេស​ដែល​មាន​កូតា ៥​រូប​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ទំនង​នឹង​ជ្រើសរើស​សម្រាប់​លេង​នៅ​តំបន់​ការពារ​ចំនួន​ពីរ​រូប​, បម្រើ​ពីររូប និង​ប្រយុទ្ធ​ម្នាក់​។ យោង​តាម​គោល​ការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ស្របតាម​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី កំណត់​ថា​ក្លិប​ជា​សមាជិក​លី​គ​របស់ខ្លួន​អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន​៥​នាក់ ប៉ុន្តែ​ក្នុង​នោះ​ត្រូវមាន​កីឡាករ​អាស៊ី ១​រូប (​រូបមន្ត ៤+១)​។ ចំណែក​កីឡាករ​បរទេស​ចាស់​របស់​ក្រុម​ប៉ូលិស មាន​Yuta Suzuki​ ​ជា​ជនជាតិ​ជប៉ុន​,Adekunjo Busayo,Oladipupo Abiodun ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា Kim Dong-yoo និង Korea No Dae-ho ជា​ជនជាតិ​កូរ៉េខាងត្បូង​។

បើ​ក្រឡេក​មើល​រដូវ​កាល​ចាស់​កន្លងទៅ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ចប់​រដូវ​កាល​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៩ ក្រោយ​ប្រកួត​បាន​២២​លើក​ឈ្នះ​បាន​៧​លើក ស្មើគ្នា​បាន​៤​លើក​និង​ចាញ់​១១​លើក​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ ​ក្រុម​នេះ​បាន​ខក​ចិត្ត​នៅវគ្គ​ផ្តាច់​ព្រ័ត្រ​ក្រោយ​ចាញ់​ក្រុម​ក្រសួង​ការ​ពារ​ជាតិ​៣ទល់០៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu