ភ្នំពេញ ៖ តាមប្រភពពី លោកអនុសេនីយ៍ឯក ទេព បូរ៉ា នាយនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បានឲ្យដឹងថា ក្មេងទំនើងម្នាក់ ដែលតែងបង្ករឿងក្នុងមូលដ្ឋាន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាប់ខ្លួន និងបញ្ជូនទៅមន្ទីរសង្គមកិច្ចរួចរាល់ហើយ។
លោកនាយប៉ុស្តិ៍បានបន្តថា ក្មេងទំនើងដែលនគរបាលចាប់ខ្លួន កាលពីព្រឹកថ្ងៃទី៧ធ្នូនេះ មានឈ្មោះ ព្រេង ភារុណ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មូលហេតុដែលឈានដល់ការចាប់ខ្លួននេះ គឺជនសង្ស័យខាងលើ បានទៅយកជញ្ជីងថ្លឹងត្រីរបស់អាជីវករនៅផ្សារច្បារអំពៅ នាវេលាម៉ោង៦និង៣០នាទីទៀបភ្លឺ ថ្ងៃទី៧ធ្នូនេះ។
ភ្លាមៗនោះ ម្ចាស់ជញ្ជីងបានទៅតាមយកដល់ផ្ទះជួលរបស់វា តែវាបានទាញកាំបិតដេញកាប់ម្ចាស់ជញ្ជីងរត់បាតជើងសព្រាតនៅក្បែរផ្សារ ខណៈនោះ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ កំពុងដើរល្បាតឃើញ ក៏ឃាត់ខ្លួនតែម្ដង។
លោកនាយប៉ុស្តិ៍បន្តថា ក្មេងទំនើងម្នាក់ ទើបនឹងចេញពីគុកមិនបានប៉ុន្មានខែផង ឥឡូវនេះបង្ករឿងរ៉ាវមិនចេះចប់ ដូចជាកាន់ដាវសាំម៉ូរ៉ៃ ដើររកមុខអ្នកខ្លាំង និងកាប់បង្កាន់ដៃស្ពានព្រះមុនីវង្សថ្មីចាស់ជាដើម។
បើតាមការរៀបរាប់របស់ប្រជាពលរដ្ឋបានឲ្យដឹងថា ក្មេងរូបនោះ បានធ្វើបាបឪពុកម្ដាយមិនអស់ចិត្តហើយ ដើរបង្ករឿងពេញភូមិ ប៉ុន្តែប្រជាពលរដ្ឋតែងប្រាប់កូនចៅមិនឲ្យទៅក្បែរ ព្រោះមិនចង់ឲ្យមានរឿងវែងឆ្ងាយ។
តែឥឡូវ ត្រូវបាននគរបាលចាប់បញ្ជូនទៅមន្ទីរសង្គមកិច្ច ដើម្បីឲ្យរូបគេចេះកែប្រែខ្លួនឲ្យទៅជាមនុស្សល្អ។ ចំណែកប្រជាពលរដ្ឋ ក៏សប្បាយចិត្ត ព្រោះលែងមានមនុស្សមកបង្ករឿងទាំងយប់ទាំងថ្ងៃទៀតហើយ៕
Source: Kampuchea Thmey Daily
0 Comments