Ad Code

ពលរដ្ឋ​នៅ​សង្កាត់​ព្រែក​ថ្មី​ ព្រួយបារម្ភ​ពី​សន្តិសុខ​ក្នុង​ភូមិ​ អំពាវនាវ​ឲ្យ​អធិការ​ខណ្ឌ​ច្បារអំពៅ​ ជួយ​អន្តរាគមន៍​



ភ្នំពេញ ៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​មួយចំនួន​ ក្នុង​សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារអំពៅ ជាពិសេស​ភូមិ​ព្រែក​ថ្មី​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​បញ្ហា​សេចក្តីសុខ​សុវត្ថិភាព ផ្ទាល់ខ្លួន​ពោល​គឺ​ភាព​អសន្តិសុខ​នៅ​ភូមិ​តែម្ដង មានដូចជា​ ចោរលួច ឆក់ ប្លន់​ គ្រឿងញៀន​ និង​ក្មេង​ទំនើង​ និង​ល្បែង​ស៊ីសង​ជាដើម ហើយ​ពួកគាត់​ទាមទារ​ឲ្យ​លោក​មេ​ប៉ុស្តិ៍​ព្រែក​ថ្មី​ និង​អធិការ​ខណ្ឌ​ច្បារអំពៅ​ មេត្តា​ជួយ​មាន​វិធានការ​ផង។​

ប្រភព​ខាងលើ​បន្តថា បច្ចុប្បន្ន​ក្រុម​ក្មេង​ទំនើង​នៅក្នុង​ភូមិ​ព្រែក​ថ្មី ​សង្កាត់​ព្រែក​ថ្មី​ កំពុង​ដើរ​អុកឡុក​រាត​ត្បាត​លួច ឆក់ ប្លន់​ និង​គ្រឿងញៀន​ពេញបន្ទុក ដែល​ធ្វើ​ឲ្យ​ពួកគាត់​ព្រួយបារម្ភ​យ៉ា​ង​ខ្លាំង​ស្ទើរ​តែ​មិន​ហ៊ាន​ដេក​ពួន​ទេ។

ក្រុម​ប្រជាពលរដ្ឋ​បន្តថា រាល់ថ្ងៃនេះ របស់​របរ​ផ្សេងៗ​ សត្វ​មាន់ ទា ជ្រូក គោ​ ក៏​ក្រុម​នេះ​លួច​គ្មាន​សល់​ដែរ រហូត​មាន​ដល់​ករណី​ប្លន់​សម្លាប់​ទៀតផង ហើយ​សូម្បីតែ​ទុយយោ​បូមទឹក​ដែល​ពួកគាត់​តបាញ់​ទឹក​ស្រោច​បន្លែ​នៅ​ចម្ការ ​ឬ​ទុយយោ​បូម​ខ្សាច់​ ក៏​ពួក​ចោរហារយ​ក្នុងភូមិ​ប្រមូល​លួច​យកទៅ​វាយ​បំបែក​លក់​អេតចាយ​ខ្ទេចខ្ទី​ដែរ​ ដើម្បី​យកលុយ​ទៅ​ទិញ​គ្រឿងញៀន​ជក់។ រីឯ​ល្បែង​ស៊ីសង​វិញ​កើតឡើង​ពេញបន្ទុក​តែម្ដង ​មានដូចជា បៀរ អាប៉ោង និង​ជល់​មាន់​ក៏មានដែរ គេ​អះអាងថា​ បាន​សែនព្រេន​ឲ្យ​អាជ្ញាធរ​ និង​សមត្ថកិច្ច​រួចរាល់​ហើយ។

ជាមួយគ្នា​នោះ ​ពេល​មាន​ចោរលួច ឆក់​ម្តងៗ​ ពួកគាត់​ទៅប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ព្រែក​ថ្មី ដោយ​ប៉ូលិស​សួរ​រក​ភស្តុតាង និង​សួ​ររក​ភិនភាគ​ចោរ​ ហើយ​មិន​ទទួល​ពាក្យបណ្ដឹង​នោះ​ទេ ធ្វើឲ្យពួកគាត់​រស់នៅក្នុង​ភាពភ័យខ្លាច​ និង​អស់ជំនឿ​ទៅលើ​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​ថ្មី​យ៉ាងខ្លាំង។​

ប្រការនេះ បញ្ជាក់ថា មេ​ប៉ុស្តិ៍​ព្រែក​ថ្មី​ លោក ម៉ៅ ស៊ី​វន ដែល​ទើប​មកកាន់​តំណែង​ថ្មីៗ​នេះ​ និង​លោក អេ​ម សា​រ៉ាវុធ​ អធិការ​ខណ្ឌ​ច្បារអំពៅ អសមត្ថភាព​ក្នុង​ការ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាព​លរដ្ឋ​នៅក្នុង​មូលដ្ឋាន ដែល​ផ្ទុយ​ស្រឡះ​ពី​បទ​បញ្ជា​របស់​សម្ដេច​ក្រឡាហោម ស ខេង ​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​លោក​តែងតែ​ណែនាំ​ឲ្យ​កងកម្លាំង​ថ្នាក់​មូលដ្ឋាន​ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ/​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច។​

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រែក​ថ្មី​ទាំងអស់ ​បានធ្វើការ​សំណូមពរ​ទៅ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ ពិសេស គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារ​អំពៅ ជួយ​អន្តរាគមន៍ ​ឬ​មាន​វិធានការ​ចំពោះ​ភាពអសន្តិសុខ នៅ​ក្នុង​សង្កាត់​ព្រែក​ថ្មី​នេះ ​ដើម្បី​ឲ្យ​ពួកគាត់​រស់នៅ​ដោយ​មិនមាន​ភាពភ័យខ្លាច​តទៅ​ទៀត៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu