បន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃទី៨ ខៃធ្នូ ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត បានបើកកិច្ចប្រជុំបន្ទាន់ ស្ដីពីការកង្វះទឹកធ្វើស្រែប្រាំង និងកង្វះទឹកសម្រាប់ប្រជាពលរដ្ឋ សត្វពាហនៈបរិភោគ។
ក្នុងកិច្ចប្រជុំនោះ មានការចូលរួម លោក ចាន់យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក លោក លីសារី អភិបាលរងខេត្តបន្ទាយមានជ័យ មេស្រុក មេក្រុង មេឃុំ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។
លោក លី សារី បានមានប្រសាសន៍ថា នៅឆ្នាំ២០១៨នេះ ដោយស្ថានភាព និងអាកាសធាតុមានការប្រែប្រួល ដែលធ្វើឲ្យ ស្រុក ក្រុង សង្កាត់ ឃុំមួយចំនួន ត្រូវបានទទួលទឹកភ្លៀងច្រើន ហើយក៏បណ្ដាលឲ្យមានទឹកជំនន់ លិចស្រូវ ដំណាំ ភូមិឋានរបស់ប្រជាកសិករច្រើនហិកតា។ ចំណែកស្រុក ក្រុង ឃុំមួយចំនួនវិញខ្លះ ទឹកធ្វើស្រែ ដោយអាកាសធាតុក្តៅហួតហែងផង ធ្វើឲ្យស្រែមួយចំនួនរាំងស្ងួត ចំណែកប្រជាពលរដ្ឋនៅស្រុកខ្លះខ្វះទឹកបរិភោគ ទាំងសត្វ និងរុក្ខជាតិ ទោះបីយ៉ាងណាស្រូវដែលខ្វះទឹកនោះ មន្ត្រីជំនាញកំពុងជួយអន្តរាគមន៍បូមទឹកសង្គ្រោះបន្ទាន់ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាន់ពេលវេលាផងដែរ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ដើម្បីផ្គត់ផ្គង់ទឹកឲ្យបានល្អ សម្រាប់ប្រើប្រចាំថ្ងៃ កុំឲ្យជួបការលំបាកនៅថ្ងៃខាងមុខនោះ ការធ្វើស្រែប្រាំង មន្ទីរ សូមធ្វើការកំណត់ទឹកដែលប្រើប្រាស់កំណត់សម្រាប់ទុកហូប និងធ្វើស្រែប្រាំង ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដូចមានខាងក្រោយ ១ស្រុកភ្នំស្រុក តម្រូវឲ្យធ្វើស្រែប្រាំងមានចំនួន៧.០០០ហិកតា ស្រុកព្រះនេត្រព្រះ តម្រូវឲ្យធ្វើស្រែប្រាំងមានចំនួន២.០០០ហិកតា ក្រុងសិរីសោភ័ណតម្រូវឲ្យធ្វើស្រែប្រាំងមានចំនួន២.៥០០ហិកតា ស្រុកថ្មពួក តម្រូវឲ្យធ្វើស្រែប្រាំងមានចំនួន២០០ហិកតា ក្រុងប៉ោយប៉ែត តម្រូវឲ្យធ្វើស្រែប្រាំងមានចំនួន២០០ហិកតា ស្រុកអូរជ្រៅ តម្រូវឲ្យធ្វើស្រែប្រាំងមានចំនួន២០០ហិកតា ស្រុកស្វាយចេក តម្រូវឲ្យធ្វើស្រែប្រាំងមានចំនួន២០០ហិកតា។
ក្នុងនោះ លោក ចាន់ យុត្ថា បានមានប្រសាសន៍ដែរថា ក្នុងនាមគាត់រដ្ឋលេខាធិការក្រសួងធនធានទឹក គាត់ចុះមកបើកកិច្ចប្រជុំនោះ គឺក្នុងគោលបំណងកំណត់លទ្ធភាពទឹកនៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់បម្រើឲ្យការស្រោចស្រពដំណាំស្រូវប្រាំង២០១៨ ដល់២០១៩។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីប្រព័ន្ធធារាសាស្ត្រដែលត្រូវបានធ្វើអនុត្តរភាពជាបន្តបន្ទាប់ ដោយមន្ទីរ ក្រសួងធនធានទឹក និងឧតុនិយមកន្លងមក បានធ្វើឲ្យមូលដ្ឋានឃុំ សង្កាត់ ស្រុក ក្រុង មួយចំនួនក្នុងខេត្តបន្ទាយមានជ័យ មានប្រព័ន្ធអាងស្តុបទឹក តូច ធំ ប្រឡាយ សំណង់ជាច្រើនកន្លែង ដែលត្រូវបានឲ្យដំណើរការសម្រាប់បម្រើឲ្យការស្រោចស្រពលើដំណាំស្រូវ ប្រាំង និងការផ្គត់ផ្គង់បន្សុទ្ធទឹកស្អាត ប្រើប្រាស់ប្រចាំថ្ងៃ ដំណាំ និងសត្វពាហនៈផ្សេងៗទៀត ឲ្យបានគ្រប់គ្រាន់ជាទីមោទនៈទៀតផង៕
Source: Kampuchea Thmey Daily
0 Comments