ទីក្រុងប៉ារីសកំពុងស្ថិតក្នុងការប្រកាសអាសន្នខ្ពស់នៅថ្ងៃសៅរ៍ ខណៈវិធានការសន្តិសុខសំខាន់ៗត្រូវបានដាក់មុនបាតុកម្ម “អាវកាក់ពណ៌លឿង” ដែលអាជ្ញាធរព្រួយបារម្ភថា អាចប្រែក្លាយទៅជាអំពើហិង្សាសម្រាប់ចុងសប្តាហ៍ទី២ជាប់ៗគ្នា។
ហាងលក់ទំនិញ សារមន្ទីរ ស្ថានីយ៍រថភ្លើងក្រោមដីនិងប៉ម Eiffel នឹងបិទទ្វារខណៈដែលការប្រកួតកីឡាបាល់ទាត់លីគកំពូលនិងការប្រគំតន្ត្រីត្រូវបានលុបចោល។
រដ្ឋធានីរបស់ប្រទេសបារាំងបានជួបប្រទះកុបកម្មអាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះកាលពីចុងសប្តាហ៍មុននៅក្នុងឈុតឆាកដែលបានធ្វើអោយប្រទេសនេះរង្គោះរង្គើនិងបាននាំអោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Emmanuel Macron ធ្លាក់ចូលទៅក្នុងវិបត្តិដ៏ជ្រៅបំផុត។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Christophe Castaner បាននិយាយថា លោករំពឹងថានឹងមានមនុស្សត្រឹមតែពីរបីពាន់នាក់ប៉ុណ្ណោះដែលនឹងចូលមករដ្ឋធានីបន្ទាប់ពីមានបាតុករ៨,០០០នាក់កាលពីចុងសប្ដាហ៍មុនប៉ុន្តែក្នុងចំណោមពួកគេមានបុគ្គលដែលជ្រុលនិយម។
លោកបាននិយាយថា “ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ យើងបានឃើញអំពីការកកើតនៃបិសាចដែលគេចចេញពីព្រះអាទិទេពរបស់ខ្លួន”។ លោកបានបន្ថែមថា ប្រតិបត្តិការសន្តិសុខ “ទ្រង់ទ្រាយធំ” មួយនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍។
ទន្ទឹមនោះ លោកបានប្តេជ្ញាមិនអត់ឱនចំពោះអ្នកដែលមានបំណងបង្កការបំផ្លិចបំផ្លាញបន្ថែមទៀតឡើយបន្ទាប់ពីមានរថយន្តរាប់សិបគ្រឿងត្រូវបានគេដុតបំផ្លាញ ហាងជាច្រើនត្រូវបានចូលលួចនិងវិមាន Arc de Triomphe ត្រូវបានបំផ្លិចបំផ្លាញកាលពីថ្ងៃសៅរ៍មុន។
លោកនាយករដ្ឋមន្ត្រី Edouard Philippe បាននិយាយថា ប៉ូលិសចំនួន៨,០០០នាក់នឹងត្រូវបានដាក់ពង្រាយនៅទីក្រុងប៉ារីសហើយរថពាសដែកជាច្រើនគ្រឿងនឹងត្រូវដាក់ពង្រាយជាលើកដំបូងនៅក្នុងរដ្ឋធានី។ ភាគច្រើននៃទីក្រុងនេះនឹងត្រូវបិទ។
រដ្ឋាភិបាលបរទេសកំពុងឃ្លាំមើលការអភិវឌ្ឍយ៉ាងដិតដល់នៅក្នុងទីក្រុងនេះដែលស្ថិតក្នុងចំណោមទីក្រុងមានអ្នកទស្សនាច្រើនបំផុតលើពិភពលោក។
ស្ថានទូតអាមេរិកបានចេញការព្រមានដល់ជនជាតិអាមេរិកនៅទីក្រុងប៉ារីសថា សូមស្នាក់នៅក្នុងផ្ទះនិងចៀសវាងហ្វូងមនុស្សខណៈពេលប្រទេសប៊ែលហ្សិក ព័រទុយហ្គាល់និងសាធារណរដ្ឋឆេកបានផ្តល់យោបល់ដល់ពលរដ្ឋដែលមានផែនការធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសនៅចុងសប្តាហ៍អោយពន្យារពេលដំណើរកម្សាន្តរបស់ពួកគេ៕ AFP
Source: Kampuchea Thmey Daily
0 Comments