Ad Code

មន្ត្រី​សាខា​កាំកុងត្រូល ខេត្ត​កំពង់ឆ្នាំង ចុះ​ត្រួតពិនិត្យ​ការ​ដាក់​លក់ទំនិញ និង​ចំណីអាហារ រក​សារធាតុគីមី និង​ទំនិញ​ហួស​សុពលភាព នៅ​ក្នុង​ផ្សារ​ពន្លៃ ស្រុក​បរិបូរណ៌



កំពង់ឆ្នាំង​ ៖​ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ ​ បាន​ចុះ​ត្រួតពិនិត្យ​លើ​ទំនិញ មាន​ត្រីងៀត ងៀត​បបែល អាហារ​កំប៉ុង និង ទំនិញ​ជាច្រើន​មុខ​ទៀត នៅក្នុង​ផ្សារ​ពន្លៃ ស្រុក​បរិបូណ៌ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ចំណីអាហារ ក្នុង​ការ​ប្រើប្រាស់ និង​ការ​បរិភោគ​ប្រចាំថ្ងៃ មានគុណ​ភាព​ល្អ សម្រាប់​សុខភាព​ប្រជាពលរដ្ឋ។



លោក យី​វ ណារិន ប្រធាន​សាខា​កាំកុងត្រូល ខេត្តកំពង់ឆ្នាំង បានអោយដឹងថា ​៖ ក្រោយ​ការ​ត្រួត ពិនិត្យ​ លើ​មុខទំនិញ​ដែល​កំពុង​ដាក់តាំង​លក់​នៅ​ផ្សារ​ពន្លៃ ស្រុក​បរិបូរណ៍ យើង​បាន​រកឃើញថា ជា​ទំនិញ​ដែល​បាន​ត្រួតពិនិត្យ​ទាំងអស់​គឺមាន​គុណភាព និង សុវត្ថិ​ភាពល្អ​សម្រាប់​ប្រើប្រាស់។ ចំពោះ​ការពិនិត្យ​បែបនេះ គឺធ្វើឡើង​ក្នុង​គោលបំណង​រកមើល​សុពលភាព​របស់​ទំនិញ​ដែល​កំពុង​ដាក់លក់​អោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំថ្ងៃ និង​បាន​ធ្វើ​តេស្ត​រកមើល​សារធាតុ​គីមី ហាមឃាត់ នៅក្នុង​ត្រីងៀត ឬ​បន្លែ និង​ក្រោយពី​បាន​ធ្វើ​តេស្ត នៅមុខ​ទំនិញ​ទាំង​អស់​នេះ បាន​បង្ហាញ​ថា ទំនិញ​ទាំង​អស់​នេះ ជា​ទំនិញ​ដែល​មានគុណ​ភាព​ល្អ​គ្មាន​សារធាតុ​គីមី​នោះ​ទេ ទាំង​នៅ​លើ​បន្លែ​និង ត្រីងៀត​។

លោក​ប្រធាន​សាខា​បាន​អោយដឹងទៀតថា ​៖ តាមរយៈ​ការចុះ​អប់រំ​ផ្សព្វផ្សាយ ដល់​អាជីវករ​កន្លងមក ឃើញថា ក្រុមអាជីវករ​មានកា​រ​យល់ដឹង​ច្រើន ការដាក់​លក់ទំនិញ​តាម​ទីផ្សារ គឺមាន​គុណភាព​និង មាន​អនាម័យ​ល្អ។ ជាមួយគ្នានេះ មន្ត្រី​ជំនាញ​ក៏បាន អំពាវនាវ​ដល់​អាជីវករ​ទាំងអស់ ត្រូវ​យល់ដឹង​អំពី​សុវត្ថិភាព​ចំណីអាហារ​ដែល​យក​ទៅដាក់​លក់​ឲ្យ​ប្រជាពលរដ្ឋ យក​ទៅ​ប្រើប្រាស់ ឬ បរិភោគ។ ដោយបាន​ណែនាំ​អោយ​អាជីវករ បញ្ឈប់​សកម្មភាព យក​ទំនិញ​ដែល​ខូចគុណភាព​លក់​ឱ្យ​ប្រជាពលរដ្ឋ ព្រោះ​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អ្នកលក់​ក៏​ត្រូវ​ប្រឈម​នឹង​ការទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ផងដែរ៕

​ 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu