Ad Code

មាន​តំណាងរាស្ត្រ និង​ក្រុមប្រឹក្សា CNRP សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ CPP ជាង​២៦០០​នាក់​ហើយ



ភ្នំពេញ​ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាង​ថា រហូតមកដល់​ពេលនេះ មាន​តំណាងរាស្ត្រ និង​ក្រុមប្រឹក្សា​របស់​អតីត​គណបក្សប្រឆាំង (CNRP) បាន​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ជាង​២៦០០​ហើយ ហើយក៏​ទទួល​បាន​ដំណែង និង​អ្វីៗ​ដែល​ខ្លួន​មាន​ពីមុនមក​ផងដែរ​។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លើកឡើង​បែបនេះ ខណៈ​លោក​ដែល​លោក សម រង្ស៊ី ចេញ​សារ​ជា​បន្តបន្ទាប់​អំពាវនាវ​ឲ្យ​ក្រុមប្រឆាំង​ផ្កាប់មុខ ដែល​ជា​អ្នក​ស្មោះស្ម័គ្រ​របស់ខ្លួន​កុំ​ទទួលយក​ការ​ផ្តល់​បម្រាម​នយោបាយ ក្រោយ​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ចូល​ជា​ធរមាន​នាពេលខាងមុខ​។

លោក សុខ ឥសាន បាន​អះអាង​ថា សមាសភាព​តំណាងរាស្ត្រ និង​ក្រុមប្រឹក្សា​របស់​អតីត​គណបក្សប្រឆាំង (CNRP) បាន​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) សរុប​មាន​ចំនួន​២៦២២​នាក់ ដែល​ក្នុង​នោះ​មាន តំណាងរាស្ត្រ​មាន​១​នាក់ បេក្ខជន​២​នាក់ បាន​ទទួល​តំណែង​៣​នាក់​, ក្រុមប្រឹក្សា​ខេត្ត​ចំនួន​៧​នាក់ បេក្ខជន​១២ បានទទួល​តំណែង ១៩​នាក់​, ក្រុមប្រឹក្សា​ក្រុង ស្រុក និង​បេក្ខជន សរុប​ចំនួន​១១៩​នាក់ បានទទួល​តំណែង​១១៨​នាក់ និង​ម្នាក់​សុំ​មិន​យក​តំណែង​, ក្រុមប្រឹក្សា ឃុំ សង្កាត់ និង​បេក្ខជន សរុប​ចំនួន​២៤៨៤​នាក់ ​បាន​ទទួល​តំណែង​២៣៤៦​នាក់ (១៣៨​នាក់​ចូល​លើសពី​ចំនួន​អាសនៈ CNRP មាន​តាម ឃុំ​សង្កាត់​)​។



សូមបញ្ជាក់​ថា ទាក់ទង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ធានា​ចំពោះ​សមាជិក​ក្រុម​ប្រឹក្ស ឃុំ សង្កាត់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូលមក​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជ​កម្ពុជា​ថា នឹងត្រូវ​ស្ថិតនៅក្នុង​តំណែង​រហូតដល់​ចប់​អាណត្តិ​២០២២ ហើយ​ប្រសិនបើ​ធ្វើការ​ងារ​ល្អ ពួកគេ​អាច​បន្តទៅ​អាណត្តិ​ក្រោយ​ទៀត​។

សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើង​យ៉ាងនេះ​ថា “​បងប្អូន​ដែលម​ក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ ខ្ញុំ​ធានា​គ្រប់យ៉ាង​សម្រាប់​ក្របខណ្ឌ ឃុំ នឹង​មាន​រហូតដល់​២០២២ ហើយ​អ្នក​ដែល​ធ្វើ​ការល្អ និង​បន្ត​ធ្វើការ​រហូតដល់​ក្រោយ​ឆ្នាំ​២០២២​បន្ត​ទៀត។ កុំ​ចាំបាច់​ជឿ​ការឃោសនា​ថា អ្នក​កំពុង​ធ្វើ​មេឃុំ​ហើយ​ថ្ងៃក្រោយ នឹង​អត់​បានធ្វើ​វិញ​”​។ ជាមួយគ្នា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ផ្តាំ​ទៅ​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កុំ​ឲ្យ​ដេក​យល់សប្តិ​ទាំង​ថ្ងៃ​ថា បាន​ត្រឡប់​មក​ធ្វើជា​មេឃុំ ចៅសង្កាត់ ឬ​ជា​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់ ឡើងវិញ​ឲ្យ​សោះ​។



បើ​តាម​ប្រសាសន៍​សម្តេច​តេ​ជោ ក៏បាន​ផ្តាំ​ទៅ​អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ខំប្រឹង​រកស៊ី ប្រសើរ​ជាង​ធ្វើ​សកម្មភាព​ឃោសនា​អស​កុសល ដែល​មិនអាច​ទៅរួច​នេះ​។ សម្តេច​តេ​ជោ​បាន​ផ្តាំ​ទៀត​ថា ខ្មោច​ងាប់​ទៅ​ហើយ មិនអាច​រស់​ឡើងវិញ​នោះឡើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu