ក្រោយបញ្ចប់បេសកកម្មដឹកនាំជម្រើសជាតិកម្ពុជា ក្នុងយុទ្ធនាការប្រកួតក្នុងពានរង្វាន់ធំប្រចាំតំបន់អាស៊ាន AFF Suzuki Cup 2018 លោក Keisuke Honda ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុម បានធ្វើដំណើរទៅប្រកបអាជីពជាកីឡាករបាល់ទាត់វិញនៅប្រទេសអូស្ត្រាលី ជាមួយក្លិបMelbourne Victoty សមាជិកពានរង្វាន់លីគកំពូលប្រទេសអូស្ត្រាលី(A-League)។
ពានរង្វាន់លីគកំពូលរបស់ប្រទេសអូស្ត្រាលី បានធ្វើដំណើរចំនួន១០ប្រកួតមកហើយ ខណៈប្រកួតចុងក្រោយក្នុងពានរង្វាន់ A-League ក្រុមMelbourne Victory បានប្រកួតស្មើគ្នាជាមួយក្រុមWellington Phoenix ១ទល់១ នៅល្ងាចថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨ លើទីលានកីឡដ្ឋានAAMI Park ក្នុងទីក្រុងMelbourne ។ លោកMuscat ដែលជាគ្រូបង្វឹកមិនបានដាក់កីឡាករ Keisuke Honda ឲ្យចូលរួមប្រកួត២លើកជាប់ៗគ្នាមកហើយ។
ក្រុម Melbourne Victoty កំពុងឈរចំណាត់ថ្នាក់លេខ១ បណ្តោះអាសន្នក្នុងចំណោមក្លិបទាំង១០ ពោលគឺប្រកួតឈ្នះ៦លើក ស្មើគ្នា២លើកនិងចាញ់២លើក។ ចំពោះកីឡាករ Honda វិញទោះបីជាខកខានបង្ហាញខ្លួន២ប្រកួតជាប់គ្នាក៏ដោយ តែរូបគេធ្លាប់បានរកបានគ្រាប់បាល់ចំនួន៥គ្រាប់ម្នាក់ឯងឲ្យក្រុមក្នុងចំណោមប្រកួតកន្លងមកនេះផងដែរ។
កីឡាករ Keisuke Honda បានចុះកិច្ចសន្យារយៈពេល១ឆ្នាំជាមួយក្លិបថ្មីនៅប្រទេសអូស្ត្រាលី នៅដែលកន្លងទៅគឺក្លិបMelbourne Victoty ខណៈរូបគេធ្លាប់បានរក៣៧គ្រាប់ និងលេងបាន៩៨ប្រកួតឲ្យជម្រើសជាតិជប៉ុន។ រូបគេបានចូលនិវត្តន៍ពីបាល់ទាត់ជម្រើសជាតិក្រោយ 2018 FIFA World Cup នៅប្រទេសរុស្ស៊ី ចប់នៅពេលក្រុមជម្រើសជាតិជប៉ុនធ្លាក់នៅវគ្គ១៦ក្រុមចុងក្រោយ។
កីឡាករ Keisuke Honda បានចាប់អាជីពបាល់ទាត់ដំបូងនៅក្នុងក្លិប Nagoya Grampus ក្នុងប្រទេសកំណើតរបស់ខ្លួនចាប់ពីឆ្នាំ ២០០៤ ដល់២០០៧ ស្របពេលនៅឆ្នាំ២០០៧ ដល់២០០៩ ផ្លាស់ទៅលេងក្នុងក្លិប VVV-Venlo ក្នុងប្រទេសហុល្លង់ ហើយ នៅឆ្នាំ ២០០៩ ដល់ ២០១៣ បានផ្លាស់ទៅកាន់ក្លិប CSKA Moscow របស់ប្រទេសរុស្សី មុនផ្លាស់ទៅកាន់ AC Milan របស់អ៊ីតាលី នៅចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ២០១៦ ខណៈរដូវកាល២០១៧នេះប្តូរទៅលេងនៅក្លិប Pachuca លីគកំពូលប្រទេសម៉ិចស៊ីកូ។
បើនិយាយពីក្នុងឈុតជម្រើសជាតិវិញ Honda បានជាប់ក្នុងឈុតអាយុក្រោម២០ ឆ្នាំ (U-20) កាលពីឆ្នាំ២០០៥ ហើយចាប់ពីឆ្នាំ២០០៦ ដល់២០០៨ បានចូលរួមជាមួយក្រុម U-23 ជប៉ុន និងចាប់ពីឆ្នាំ ២០០៨ ដល់បច្ចុប្បន្នជាប់ក្នុងជម្រើសជាតិជប៉ុនឈុតធំ។ ក្នុងនោះគេធ្លាប់ទទួលបានពានរង្វាន់ឯកត្តជនជាច្រើនទាំងក្នុងប្រទេសប្រចាំតំបន់ទ្វីបអាស៊ី និងកម្រិតពិភពលោកផងដែរ៕
Source: Kampuchea Thmey Daily
0 Comments