ភ្នំពេញ ៖ យុវជន២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់បាននាំគ្នាស្វាគមន៍ម្នាក់មួយដៃមួយជើង បណ្ដាលឲ្យបែកក្បាលក្រោយពួកធ្វើសកម្មសភាពជិះម៉ូតូឆក់ទូរស័ព្ទពីជនបរទេសកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវព្រះសីហនុ កែង ផ្លូវលេខ៥៥ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ មឿន ប៊ុនលី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដទីលំនៅ ផ្ទះជួលផ្លូវលំសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (អ្នកបើកម៉ូតូ)ទី២ ឈ្មោះ សុខ ឆេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួល ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (អ្នកធ្វើសកម្មភាពឆក់)។ ចំណែក ជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិបារាំង។ វត្ថុតាងចាប់យកបានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ផលិតឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AY 9266 (មធ្យោបាយធ្វើសកម្មភាព)។ សម្ភារបាត់បង់ ទូរស័ព្ទដៃមួយគ្រឿងម៉ាក sansung ពណ៌ទឹកប្រាក់ (ត្រូវជនសង្ស័យបោះចោលតាមផ្លូវ ពេលកំពុងជិះគេចខ្លួន )។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនសង្ស័យទាំង២ បានជិះមួយគ្រឿងឌុបគ្នា ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនជាតិបរទេសម្នាក់កំពុងឈរនិយាយទូរស័ព្ទ បានសម្រេចពេលនោះជនរងគ្រោះបានស្រែកឆោឡោ ហើយត្រូវបានកម្លាំងល្បាត ដែលនៅក្បែរនោះឃើញហេតុការណ៍ ក៏បានដេញប្រផាប់ចាប់ប្រភីង បណ្តាលឲ្យជនសង្ស័យរេចង្កូតប៉ះជាមួយរថយន្តដួលម៉ូតូ ហើយត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះព្រួតវាយ ធ្វើឲ្យជនសង្ស័យម្នាក់របួសក្បាល នៅចំណុចផ្លូវលេខ២៨៨ កែងផ្លូវលេខ៦៣ ភូមិ៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់មកសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យទាំង២ មកសាកសួរនៅប៉ុស្តិ៍តែម្តង។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុង កសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments