Ad Code

បុរស​ចិត្តខ្លាំង​គ្រាន់​គេ​ថា​កាំបិត​កាន់​និង​ដៃ​នេះ​មុត​ឬអត់​ ខឹង​ទៅ​ចាក់​ជនរងគ្រោះ​ឲ្យ​របួសធ្ងន់​



បន្ទាយមានជ័យ ៖ បុរស​ម្នាក់​ចិត្តខ្លាំង​ម៉ែន​គ្រាន់​គេ​ថា ​កាំបិត​កាន់​និង​ដៃ​នេះ​មុត​ ឬអត់ ​ខឹង​ទៅ​ចាក់​ជនរងគ្រោះ​ឲ្យ​របួសធ្ងន់​ ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បាន​ធ្វើ​ការ​បង្ក្រាប​បាន​នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨​ នៅ​ចំណុច​បរិវេណ​កាស៊ីណូ​ផ្កាយ​ប្រាំ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​ឈ្មោះ អេ​ន តាំង​ហេង ភេទ ប្រុស អាយុ ១៨​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​អាគារ​ហ្គ្រោ​ន​ចុងស្រល់ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​នៅវេលា​ម៉ោង ៣​ល្ងាច ខ្លួន និង​មិត្ត​រួមការ​ងារ​បាន​ទៅ​អង្គុយ​ផឹកស៊ី​នៅលើ​វាលស្មៅ និង​បរិវេណ​កាស៊ីណូ​ផ្កាយ​ប្រាំ លុះដល់​វេលា​ម៉ោង ៥​ល្ងាច​ជនសង្ស័យ ដើរលេង​ក្នុង​បរិវេណ​កាស៊ីណូ និង​មាន​កាន់​កូនកាំបិត​នៅ​នឹង​ដៃ ពេលនោះ​បាន​ជួប​ជនរងគ្រោះ​ឈ្មោះ​គៀន​គា ប្រុស អាយុ​១៨​ឆ្នាំ​រស់ ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​បាន​ដើរមក​ដល់​បាន​និយាយ​ចំ​អត​ថា​ កាំបិត​នេះ​កាប់​មុត​ ឬ​អត់​ ជនសង្ស័យ​ក៏​តប​ថា បើ​ចង់​ដឹង​មុត​ឬ​មិន​មុត​ទាល់តែ​សាកមើល​ទើប​ដឹង និយាយ​រួច​ជនសង្ស័យ បាន​ដើរ​សំដៅ​មក​រក​ខ្លួន​ហើយ​យក​កាំបិត​ចាក់​លលេង​ឆ្វេង​ស្តាំ​បណ្តើរ​និយាយ​ឡកឡឺយ​គ្នា​ទៅវិញទៅមក​ដោយមាន​ទំនាស់​គ្នា​កន្លងមក​ផង​ក៏​ចាក់​ទៅលើ​ជនរងគ្រោះ​មួយ​ទំហឹង​តែម្តង បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ដោយ​ឃើញ​មាន​ឈាម​ហូរ​ច្រើនពេក ខ្លួន​ក៏​ងើប​រត់​ទៅ​រក​ពេទ្យ​តែម្តង ស្រប​ពេល​នោះ​កម្លាំង​អាវុធហត្ថ​ចុះ​ល្បាត​រក្សា​សុវត្ថិភាព សន្តិសុខ សណ្តាប់​ធ្នាប់​ក្នុងភូមិ​សាស្ត្រ​ក្រុង លុះដល់​ចំណុច​បរិវេណ​កាស៊ីណូ​ផ្កាយ​ប្រាំ​ក៏បាន​ឃាត់ខ្លួន​តែម្តង​ បន្ទាប់មក​ជនសង្ស័យ​បាន​បញ្ជូនមក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​។

ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌ បាន​ចាត់តាំង​មន្ត្រី​ជំនាញ លោក​បាន​ឲ្យ​កម្លាំង​ជំនាញ​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ចាក់ទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​ព្រោះ​ខ្លួន​ធ្លាប់​មានទំនាស់​ពាក្យ​សម្តី​ជាមួយ​ជនរងគ្រោះ​ច្រើនដង​មក​ហើយ។ ផ្អែកលើ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួម​ជា​មួយ​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu