គណបក្ស Christian Democrats (CDU) របស់លោកស្រី Angela Merkel បានបោះឆ្នោតនៅថ្ងៃសុក្រដើម្បីសម្រេចថា តើនរណានឹងត្រូវជំនួសលោកស្រីជាមេដឹកនាំគណបក្សហើយធ្វើការដើម្បីទទួលបានតំណែងជាអធិការបតីអាល្លឺម៉ង់។
បេក្ខជនឈានមុខពីររូបគឺមានលោកស្រី Annegret Kramp-Karrenbauer ដែលជាអ្នកគាំទ្រលោកស្រី Merkel និងគូប្រជែងរបស់លោកស្រី Merkel គឺលោក Friedrich Merz ដែលបានចោទសួរការធានារបស់រដ្ឋធម្មនុញ្ញនៃការសុំសិទ្ធិជ្រកកោននិងជាអ្នកដែលជឿថា អាល្លឺម៉ង់ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបគួរតែចូលរួមចំណែកបន្ថែមទៀតដល់សហភាពអឺរ៉ុប។
លោកស្រី Merkel បាននិយាយកាលពីខែតុលាថា លោកស្រីនឹងលាលែងពីតំណែងជាប្រធានគណបក្សប៉ុន្តែនៅតែកាន់តំណែងជាអធិការបតីដែលនេះជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីគ្រប់គ្រងការចាកចេញរបស់លោកស្រីបន្ទាប់ពីជួបប្រទះឧបសគ្គជាបន្តបន្ទាប់ចាប់តាំងពីការសម្រេចចិត្តរបស់លោកស្រីកាលពីឆ្នាំ២០១៥ក្នុងការបើកចំហព្រំដែនអាល្លឺម៉ង់ចំពោះជនភៀសខ្លួនដែលរត់គេចពីសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។
មេដឹកនាំ CDU ថ្មីនឹងត្រូវជ្រើសរើសដោយគណៈប្រតិភូចំនួន១,០០១នាក់ដែលបានបោះឆ្នោតនៅសមាជគណបក្សមួយក្នុងទីក្រុង Hamburg ។ អ្នកឈ្នះទំនងជានឹងដឹកនាំ CDU នៅក្នុងការបោះឆ្នោតសហព័ន្ធលើកក្រោយនៅខែតុលាឆ្នាំ២០២១។
ការស្ទង់មតិមួយដោយ ARD កាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា ៤៧ភាគរយនៃសមាជិក CDU មានការពេញចិត្តចំពោះលោកស្រី Kramp-Karrenbauer បើប្រៀបធៀបទៅនឹង៣៧ភាគរយសម្រាប់លោក Merz និង១២ភាគរយសម្រាប់រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Jens Spahn ។
លោក Merz អាយុ៦៣ឆ្នាំដែលបានចាញ់លោកស្រី Merkel ក្នុងការតស៊ូអំណាចកាលពីឆ្នាំ២០០២ហើយបានវិលត្រឡប់ចូលប្រឡូកក្នុងឆាកនយោបាយវិញបន្ទាប់ពីធ្វើជំនួញអស់រយៈពេលមួយទសវត្សគឺត្រូវបានគាំទ្រដោយសមាជិក CDU ដែលធុញទ្រាន់នឹងនយោបាយរបស់លោកស្រី Merkel។ គាត់បានឈ្នះការគាំទ្រនៅសប្ដាហ៍នេះពីអតីតជើងចាស់ក្នុងគណបក្សលោក Wolfgang Schaeuble៕ REUTERS
Source: Kampuchea Thmey Daily
0 Comments