ភ្នំពេញ ៖ តារាសម្ដែងស្រី មានប្រជាប្រិយភាព និងទទួលបានការគាំទ្រតាមរយៈសកម្មភាពមនុស្សធម៌ ចែករំលែកក្តីស្រលាញ់ដល់ប្រជាពលរដ្ឋជួបការខ្វះខាត ចាស់ជរា និងកុមារនៅតាមសហគមន៍មួយចំនួន កញ្ញា ដេននី ក្វាន់ បច្ចុប្បន្នបើតាមការកត់សម្គាល់លើការបើកមុខជំនួញរកស៊ីផ្ទាល់ខ្លួនហាក់មានភាពជោគជ័យ និងកាន់តែរីកចម្រើនខ្លាំង ដែលអាចរកចំណូលបានខ្ពស់លើពីតារាស្រីឯទៀត។
ភាពជោគជ័យ និងទទួលបានការគាំទ្រច្រើនលើអាជីពបើកលក់ផលិតផលតាមប្រព័ន្ធអនឡាញពីសំណាក់តារាស្រី កញ្ញា ដេននី ក្វាន់នាពេលនេះ គឺជាឱកាសដ៏ល្អសម្រាប់នាងក្នុងការកើបលុយដុំដែលអាចធ្វើឲ្យតារាស្រីរូបនេះកាន់តែមានភាពលេចធ្លោ និង ហ៊ឺហាតាមរយៈការប្រើប្រាស់សម្ភារៈមានតម្លៃថ្លៃ និងទំនើបៗទៀតផង។ មិនតែប៉ុណ្ណោះ រឿងដែលកាន់តែគួរឲ្យសរសើរថែមទៀត គឺតារាស្រីកញ្ញា ដេននី ក្វាន់ តែងតែបើកបេះដូងជួយដល់អ្នកមានជីវភាពខ្សត់ខ្សោយជាងខ្លួន។
ជាការកត់សម្គាល់ដោយសារការខិតខំប្រឹងប្រែងរកលុយស្ទើរគ្មានពេលវេលាសម្រាកគ្រប់គ្រាន់នេះហើយ ទើបបណ្តាលឲ្យតារាស្រី កញ្ញា ដេននី ក្វាន់ ធ្លាក់ខ្លួនឈឺត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្កការព្រួយបារម្ភ និងភ្ញាក់ផ្អើលដល់មជ្ឈដ្ឋានមហាជនដែលជាអ្នកគាំទ្រតារាស្រីរូបនេះស្ទើរគ្រប់គ្នា។
បង្ហោះភ្ជាប់ជាមួយនឹងរូបភាពប្រមាណ២ ឬ៣សន្លឹក កញ្ញា ដេននី ក្វាន់ បានបញ្ជាក់ថា ឈឺហើយ សូមទោសផង ខ្ញុំទៅមុខលែងរួចហើយ។ តើខ្ញុំអាចរស់ដល់ពេលណា បើឈឺរហូតយ៉ាងនេះ? ហត់នឿយណាស់ ពេលណាពេលហ្នឹងចុះ ព្រមតាមច្បាប់ធម្មជាតិ កើត ចាស់ ឈឺ ស្លាប់។ ត្រូវចុះទៅមើលការងារនៅខេត្ត ឥឡូវនៅសម្រាកនៅពេទ្យនៅឡើយ។
ជាមួយគ្នា នៃដំណឹងធ្លាក់ខ្លួនឈឺរបស់តារាសម្តែងស្រស់ស្អាត កញ្ញា ដេននី ក្វាន់ខាងលើនេះ ភ្លាមៗនោះ មានទស្សនិកជនជាច្រើនបានផ្ញើសារជូនពរឲ្យឆាប់ជាសះស្បើយពីជំងឺ និងមានខ្លះបានទៀតបានបង្ហាញការព្រួយបារម្ភផងដែរ។ ខណៈរហូតមកទល់ពេលនេះ គេពុំទាន់ដឹងទេថា កញ្ញា ដេននី ក្វាន់ ធ្លាក់ខ្លួនឈឺដោយសារជំងឺអ្វីនោះឡើយ៕
Source: Kampuchea Thmey Daily
0 Comments