Ad Code

បារាំង​តាម​ប្រមាញ់​ខ្មាន់កាំភ្លើង ​បន្ទាប់ពី​សម្លាប់​មនុស្ស​៣​នាក់​ក្នុង​ការ​វាយប្រហារ​នៅ​ទីក្រុង Strasbourg



កងកម្លាំង​សន្តិសុខ​រាប់​រយ​នាក់​ ត្រូវ​បាន​ដាក់​ពង្រាយ​កាលពី​ថ្ងៃ​ពុធ​ដើម្បី​តាម​ប្រមាញ់​ខ្មាន់កាំភ្លើង​ម្នាក់​ដែល​បានសម្លាប់​មនុស្ស​យ៉ាងតិច​បីនាក់​និង​រងរបួស​ជាច្រើន​នាក់​ទៀត​នៅឯ​ទីផ្សារ​លក់​ផលិតផល​បុណ្យ​ណូអែល​ដ៏​ល្បីល្បាញ​មួយ​ក្នុង​ទីក្រុង Strasbourg ខណៈដែល​រដ្ឋាភិបាល​បារាំង​បាន​បង្កើន​កម្រិត​នៃ​ការព្រមាន​សន្តិសុខ​និង​ពង្រឹង​ការត្រួតពិនិត្យ​ព្រំដែន​។​

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Christophe Castaner បាន​និយាយថា មនុស្ស​ប្រហែល​៣៥០​នាក់​រួមទាំង​ប៉ូលិស កងទ័ព​និង​ឧទ្ធម្ភាគចក្រ​ផងដែរ​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​តាមរក​អ្នក​វាយប្រហារ​ដែល​ត្រូវបាន​គេ​សន្មត​ថា បង្ក​ការភិតភ័យ​ភេរវកម្ម​នៅក្នុង​ទីក្រុង​នេះ​។​

ជនល្មើស​បាន​បើក​ការបាញ់ប្រហារ​នៅ​ម៉ោង​ប្រហែល​៨​យប់​លើផ្លូវ​ដ៏​មមាញឹក​បំផុត​មួយ​នៃ​ទីក្រុង​នេះ​ដែលជា​ហេតុ​បង្ក​អោយ​ហ្វូង​អ្នកដើរ​ទិញ​ឥ​វ៉ាន់​ពេល​ល្ងាចរ​ត់រក​កន្លែង​សុវត្ថិភាព​។​

លោក Castaner បាន​និយាយថា ខ្មាន់កាំភ្លើង​បានសម្លាប់​មនុស្ស​៣​នាក់​និង​រងរបួស​១២​នាក់​។​
​ប្រភព​ប៉ូលិស​បាន​និយាយថា ទាហាន​ល្បាត​តំបន់​នេះ​ដែលជា​ផ្នែក​មួយ​នៃប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​ជា​ទៀងទាត់​បាន​បាញ់​តបត​ជាមួយ​ជនសង្ស័យ​ហើយ​បានធ្វើអោយ​គាត់​រងរបួស​ប៉ុន្តែ​មិនអាច​បញ្ឈប់​គាត់​ពី​ការ​រត់គេច​បានទេ​។ ទាហាន​ម្នាក់​បាន​រងរបួស​ស្រាល​ពី​ការបាញ់ប្រហារ​ដោយ​ខ្មាន់កាំភ្លើង​។​

លោក Castaner ក៏បាន​និយាយ​ផងដែរ​ថា ប្រទេស​បារាំង​បាន​បង្កើន​កម្រិត​ប្រុងប្រយ័ត្ន​សន្តិសុខ​របស់ខ្លួន​ទៅដល់​កម្រិត​នៃ “​ការវាយប្រហារ​ជាបន្ទាន់​” ជាមួយនឹង​ការអនុវត្ត​ពង្រឹង​ការត្រួតពិនិត្យ​ព្រំដែន​និង​បង្កើន​ការត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​នៅតាម​ទីផ្សារ​លក់​ផលិតផល​បុណ្យ​ណូអែល​ទាំងអស់​ក្នុងប្រទេស​បារាំង​ដើម្បី​ចៀសវាង​ការវាយប្រហារ​។​

សេចក្តីថ្លែងការណ៍​មួយ​ពី​សេវា​សន្តិសុខ​ក្នុង​តំបន់​បាន​និយាយថា ខ្មាន់កាំភ្លើង​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​ហើយ​កំពុងស្ថិត​នៅលើ​បញ្ជី​ឃ្លាំមើល​ក្រុម​ជ្រុលនិយម​ដែល​គេ​សង្ស័យ​។​
​លោក​ប្រធានាធិបតី Emmanuel Macron បានបង្ហាញ​នៅលើ Twitter អំពី​សាមគ្គីភាព​របស់​ប្រទេសជាតិ​ទាំងមូល​ក្រោយពី​បានរៀបចំ​កិច្ចប្រជុំ​វិបត្តិ​មួយ​ជាមួយ​មន្ត្រី​ខុទ្ទកាល័យ​នៅ​ទីក្រុង​ប៉ារីស​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu