Ad Code

អនុប្រធាន​សភា​ឌូ​ម៉ា សហព័ន្ធ​រុស្ស៊ី ​សរសើរ​ខ្លឹមសារ​កិច្ចប្រជុំ​សមាជិកសភា​ស្ត្រី APPF នៅ​កម្ពុជា



​សៀមរាប ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ធាន​រដ្ឋសភា បាន​ទទួល​ជួបពិភាក្សា​ការងារ​ជា​មួយ លោកជំទាវ អុល​ហ្គា យេ​ពី​ហ្វា​ណូ​វ៉ា​(Olga Epifanova) អនុប្រធាន​សភា​ឌូ​ម៉ា សហព័ន្ធ​សហព័ន្ធ​រុស្ស៊ី នៅ​ព្រឹក ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ សុខា​សៀមរាប ខណៈ​លោកជំទាវ ​ដឹកនាំ​គណៈប្រតិភូ មក​ចូលរួម​កិច្ចប្រជុំ​លើក​ទី​២៧ APPF ដែល​សភា​កម្ពុជា​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​។

លោកជំទាវ អុល​ហ្គា យេ​ពី​ហ្វា​ណូ​វ៉ា បាន​ថ្លែងអំណរគុណ​សភា​កម្ពុជា ដែល​បានជ្រើសរើស​លោកជំទាវ​ ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​សមាជិកសភា​ស្ត្រី APPF ដ៏​មាន​សារៈសំខាន់​។

លោ​ជំទាវ ​បាន​ជម្រាប​សម្ដេច​ប្រធានរដ្ឋសភា​ថា ​ខ្លឹមសារ​កិច្ចប្រជុំ​ សមាជិកសភា​ស្ត្រី​APPF មាន​សារៈសំខាន់​ណាស់​ក្នុង​ការពង្រឹង​តួនាទី​ស្ត្រី​ក្នុងការ​ចូលរួមចំណែក​កសាង​សុខសន្តិភាព​នៅក្នុង​សង្គម​ជាតិ​។ លោកជំទាវ​បាន​គូសបញ្ជាក់ថា នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុ​ជា​នេះ គណៈប្រតិភូ​សភា​ឌូ​ម៉ា សហព័ន្ធ​សហព័ន្ធរុស្ស៊ី ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សមាជិក​ស្ត្រី​រដ្ឋសភា​កម្ពុជា​ផងដែរ ដើម្បី​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​

ក្រៅពីនេះ លោកជំទាវ បានស្នើ​សម្តេច​ប្រធានរដ្ឋសភា​ជួយ​ជំរុញ​ទំនាក់ទំនង​រវាង​ប្រជាជន​ទាំង​ប្រទេស​ទាំងពីរ​ កាន់តែ​រឹងមាំ​ឡើង ​ពិសេស​ទំនាក់​ក្នុង​ស្រទាប់​យុវជន​ប្រទេស​ទាំងពីរ​។

សម្តេច​ប្រធានរដ្ឋសភា បាន​សម្តែង​ក្តី​សោមនស្ស រីករាយ​ជាទីបំផុត ដែល​លោកជំទាវ អុល​ហ្គា យេ​ពី​ហ្វា​ណូ​វ៉ា​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ចូលរួម​កិច្ចប្រជុំ APPF លើក​ទី​២៧។

វត្តមាន​សភា​ឌូ​ម៉ា​រុស្ស៊ី​នៅពេលនេះ បានរួម​ចំណែក​ដល់​ការបន្ត​រឹតបន្តឹង​ទំនាក់ទំនង ចំណងមិត្តភាព​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​យ​ទាំងពីរ ជាពិសេស​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ កម្ពុជា​-​សហព័ន្ធរុស្ស៊ី ឲ្យ​កាន់តែ​រឹងមាំ និង​ជិតស្និទ្ធ​។

សម្ដេច​ប្រធានរដ្ឋសភា បានចាត់ទុក​ប្រទេស​រុស្ស៊ី ជា​មិត្ត​ចាស់ ជា​មិត្ត​ល្អ និង​ជា​អ្នកជិតខាង​ល្អ របស់​កម្ពុជា នៅ​គ្រប់​កាលៈទេសៈ​។ រុស្ស៊ី​ បាន​ជួយ​គាំទ្រ​កម្ពុជា​ចាប់ពី​ទសវត្ស​ឆ្នាំ​១៩៨០ មកដល់​បច្ចុប្បន្ន​នេះ​។ ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រដ្ឋសភា​ប្រទេស​ទាំងពីរ ប្រធាន​សភា​សភា​ឌូ​ម៉ា សហព័ន្ធ​សហព័ន្ធ​រុស្ស៊ី គ្រោង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ក្នុងឆ្នាំនេះ​ផងដែរ​៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu