ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូដឹកប្រពន្ធ កូន ខណៈពេលដែលជិះម៉ូតូចេញពីកន្លែងធ្វើការ ជិតមកដល់ផ្ទះហើយ ត្រូវក្រុមជនសង្ស័យឆក់ទូរស័ព្ទស៊េរីទំនើបមួយគ្រឿងបានសម្រេច ជិះម៉ូតូគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ ឈ្មោះ សៅ រតនា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនទេសចរណ៍ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិថ្នល់បែក ឃុំរកាក្រៅ ស្រុកដូនកែវ ខេត្តតាកែវ។ ចំណែកទូរស័ព្ទមួយគ្រឿងដែលជនសង្ស័យឆក់យកទៅបាត់នោះ ម៉ាក iPhone XS Max ពណ៌ប្រផេះ តម្លៃ១.៥៩៦ដុល្លារ ទើបបង់រំលស់ ត្រូវក្រុមជនសង្ស័យឆក់យកទៅបាត់។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូឌុបប្រពន្ធ និងកូនប្រុសតូចម្នាក់ ចេញពីកន្លែងធ្វើការនៅម្តុំផ្សារអ៊ីអន២ ហើយបានត្រឡប់មកផ្ទះវិញ ដោយជិះម៉ូតូមួយគ្រឿងម៉ាកហ្វីណូ។ ដោយទូរស័ព្ទរបស់គាត់បានទុកនៅក្នុងហោប៉ៅអាវ លុះគាត់បើកបរម៉ូតូមកដល់ចំណុចកើតហេតុ ក៏ឈប់ ព្រោះផ្លូវមានភ្លើងស្តុបពណ៌ក្រហម ពេលកំពុងឈប់ស្តុបនោះ ស្រាប់តែឃើញជនសង្ស័យទាំង២នាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស៊េរី និងស្លាកលេខ ហើយបានមកឈប់ស្តុបជាមួយគាត់ដែរ ពេលភ្លើងស្តុបពណ៌ខៀវ គាត់ក៏បានជិះម៉ូតូចេញទៅ តែមិនបានចាប់អារម្មណ៍ ស្រាប់តែជនសង្ស័យជិះម៉ូតូមកកៀកទន្ទឹមគាត់ រួចធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីហោប៉ៅរបស់គាត់តែម្តង។
ប្រភពបន្ដថា ភ្លាមៗនោះ ជនសង្ស័យក៏បានជិះម៉ូតូបញ្ច្រាសទិសចរាចរណ៍ត្រឡប់ក្រោយ វិញ ហើយគាត់បានត្រឹមតែតាមមើលជនសង្ស័យជិះម៉ូតូ ចូលម្តុំខាងក្រោយព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យតែប៉ុណ្ណោះ ដោយមិនហ៊ានជិះដេញតាមក្រុមល្មើសនោះទេ ព្រោះខ្លាចគ្រោះថ្នាក់ សុខចិត្តមកដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។
ក្រោយពេលកើតហេតុ ជនរងគ្រោះខាងលើ បានជិះម៉ូតូទៅប្តឹងសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ភ្លាមៗផងដែរ តែមកដល់ចំណុចដែលជនជនសង្ស័យជិះម៉ូតូចូលទៅនោះ សមត្ថកិច្ចរុករកមិនឃើញឡើយ ដោយជនសង្ស័យខាងលើជិះម៉ូតូគេចខ្លួនបាត់ទៅហើយ៕
Source: Kampuchea Thmey Daily
0 Comments