Ad Code

អាជីវករ​ភ័យ​លស់​ព្រលឹង ​ដោយ​ជន​ខិលខូច​លួច​បាញ់​ចម្ពាម​កៅស៊ូ​ចំ​ទូ​ដាក់​ទូរស័ព្ទ​ លាន់​សូរ​ប្រាវ​ៗ​​នៅ​ផ្សារ​វាល​យន្ត​



ស្វាយរៀង ​៖​ នៅ​ផ្សារ​វាល​យន្ត​ ក្រុង​ស្វាយរៀង មាន​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម ​ខណៈ​ដែល​មាន​ជន​មិន​ស្គាល់​មុខ បាន​ពួន​បាញ់​ចម្ពាម​កៅស៊ូ ជាមួយ​គ្រាប់​ឃ្លី​ដែក សំដៅ​ទៅលើ​តូប​លក់​ទូរស័ព្ទ​ដៃ​មួយ​កន្លែង ​ដែល​មាន​ស្លាក​យីហោ​ដា​រ៉ា តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកលក់​ឡើយ ​គ្រាន់តែ​ត្រូវ​ទូ​តាំង​ទូរស័ព្ទ ​និង​ជញ្ជាំង​តូប​ប៉ុណ្ណោះ​។​

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩​ត្រង់​ចំណុច​មុខ​ផ្សារ​វាល​យន្ត ស្ថិត​ក្នុងភូមិ​វាល​យន្ត សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្ត ស្វាយ​រៀង​។​

បើតាម​សមត្ថកិច្ច​ក្រុង​ស្វាយរៀង​បាន​ឲ្យ​ដឹងថា មាន​ករណី​បាញ់​គ្រាប់ឃ្លី​ដែក ពី​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព​បាញ់​ចម្ពាម​គ្រាប់ឃ្លី​ដែក​ចំនួន​ពីរ​គ្រាប់​ទៅលើ​តូប​លក់​ទូរស័ព្ទ​ដៃ​ខាងលើ ​បណ្តាល​ឲ្យ​ត្រូវ​ចំ​ទូ​តាំង​លក់​ទូរស័ព្ទ​មួយ​គ្រាប់ និង​ត្រូវ​ជញ្ជាំង​តូប​មួយ​គ្រាប់ មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។​

សមត្ថកិច្ច​បាន​បន្តទៀត​ថា ម្ចាស់​តូប​ឈ្មោះ យោគ ចាន់​ដាវី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ​ រស់នៅ​ភូមិ វាល​យន្ត សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង​។​

បើ​តាម​សម្ដី​ម្ចាស់​តូប​លក់​ទូរស័ព្ទ ដែលមាន​យីហោ ដា​រ៉ា បាន​ប្រាប់ឲ្យ​ដឹងថា ​រាល់​ព្រឹក​ គាត់​ក្រោក​ពី​ព្រលឹម​ដើម្បី​រៀបចំ​អីវ៉ាន់​សម្រាប់​លក់​ដូច​សព្វមួយដង​ តែ​ថ្ងៃនេះ គាត់​ចាប់ផ្ដើម​រៀប​បានតែ​បន្តិច​ ក៏​ឮ​សូរ​សំឡេង​ប្រា​វៗ​ចំនួន​ពីរដង​ចំ​ទូ​​ខាងលិច​ផ្ទួនៗ​គ្នា​តែ​ម្តង ស្រាប់តែ​ឃើញ​ធ្លុះ​ទូ​លក់​មួយ​គ្រាប់​ និង​ត្រូវ​ជញ្ជាំង​តូប​មួយ​គ្រាប់​ទៀត​។​

បើតាម​ការ​បញ្ជាក់​ពី​ម្ចាស់​តូប​លក់​ទូរស័ព្ទ​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា រូបគាត់​មិនដែល​មានទំនាស់​ជាមួយ​អ្នកណា​ឡើយ ក្នុងការ​ប្រកប​របរ​លក់​ទូរស័ព្ទ ហើយ​ការ​បាញ់​មកលើ​តូប​គាត់​ក៏​មិនដឹង​មូល​ហេតុ​យ៉ាងណា​នោះដែរ​។​ ទោះបី​យ៉ាង​ណា ​ម្ចាស់​តូប​លក់​ទូរស័ព្ទ​ខាងលើ ​អំពាវនាវ​ដល់​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu